31 C
Phnom Penh

ក្រសួង​ការបរទេស​កម្ពុជា​ព្រមាន​ផ្តាច់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១២ វិច្ឆិកា នេះ បាន​ព្រមាន​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​បោះ​ជំហាន​ខុស​ទិសដៅ​ដែល​ងាក​ចេញ​ទាំងស្រុង​ពី​ស្មារតី​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក។

អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ​ថា យុទ្ធនាការ​លាប​ពណ៌​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​មន្ត្រី​យោធា​កម្ពុជា គឺជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​បាន​អនុម័ត​កាលពី​ខែ​មីនា ឆ្នាំ​២០២១ ទាំងស្រុង និង​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​សំដៅ​ដល់​ការ​រារាំង​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​ជ្រើសរើស​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន។

ប្រភព​ដដែល​អះអាង​ថា កម្ពុជា​តែង​បង្ហាញ​នូវ​បំណង​ប្រាថ្នា​ចង់​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​ធ្លាប់​មាន​អតីតកាល​ដ៏​ឈឺចាប់​ជាមួយ​គ្នា​ពី​មុន​មក​ក៏ដោយ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​របស់​សហរដ្ឋ​អាមេរិក​នេះ គឺជា​ការ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ផង ព្រមទាំង​ជា​ការ​មាក់ងាយ​ដល់​ឯករាជភាព និង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ផង។

ការ​អះអាង​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន ដោយ​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក បាន​សម្រេច​អនុវត្ត​ច្បាប់​ស្ដីពី​ទទួល​ខុសត្រូវ​ផ្នែក​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣-៨១៣ ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ២​រូប គឺ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស លោក ចៅ ភិរុណ និង​មេបញ្ជាការ​កងទ័ព​ជើងទឹក លោក ទៀ វិញ ឲ្យ​ស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ចៅ ភិរុណ និង​ឧត្ដមនាវី​ផ្កាយ​មាស​បួន​ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ទៀ វិញ

រហូត​មក​ទល់​ពេលនេះ រដ្ឋសភា​អាមេរិក និង​ព្រឹទ្ធសភា​អាមេរិក កំពុង​ធ្វើ​ច្បាប់​មួយ​ចំនួន​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋសភា​នៃ​រដ្ឋាភិបាល​របស់​លោក ចូ បៃដិន សម្រាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន ថែមទៀត ដូចជា​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឬ Cambodia Democracy Act លេខ H.R 4686 និង​សេចក្តី​ព្រាងច្បាប់​របស់​ព្រឹទ្ធសភា​អាមេរិក​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.3052។

ទោះជាយ៉ាងណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​អាមេរិក ក្រុម​អ្នកវិភាគ ក្រុម​អ្នក​ឃ្លាំមើល និង​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង តែងតែ​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មក​លើ៖

  • លោក ហ៊ុន សែន
  • លោក ហ៊ុន ម៉ាណែត
  • អ្នកស្រី ហ៊ុន ម៉ាណា
  • លោក ស ខេង
  • លោក ទៀ បាញ់
  • លោក អូន ព័ន្ធមុនីរ័ត្ន
  • លោក ឱម យ៉ិនទៀង
  • លោក ប៉ុល សារឿន
  • លោក នេត សាវឿន
  • និង​មន្ត្រី​ពុករលួយ​ជាច្រើន​រូប​ទៀត ដោយ​ហាម​ពួកគេ​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទាំងនោះ​មាន​ឥទ្ធិពល​តែ​ទៅ​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​អ្នក​ជំនួញ​ដែល​ជា​បណ្ដាញ​របស់​ពួកគេ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី និង​អ្នក​ជំនួញ​របស់​កម្ពុជា​ដែល​មិន​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​ទាំងនោះ នឹង​មិន​ជាប់​បម្រាម​របស់​សហរដ្ឋ​អាមេរិក​ឡើយ ហើយ​ក៏​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស