មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា បើរដ្ឋាភិបាលកម្ពុជាពិតជាចង់ការពារព្រៃឈើឱ្យគង់វង្សប្រាកដមែន ត្រូវតែការពារសុវត្ថិភាពសកម្មជនព្រៃឈើ និងផ្តល់សិទ្ធិអំណាចឲ្យពួកគេអាចចូលព្រៃ ដើម្បីការពារព្រៃឈើទាំងនោះ ជាជាងគំរាមកំហែង និងចាប់ខ្លួនពួកគេបន្តទៀត ខណៈសកម្មជនព្រៃឈើត្រូវអាជ្ញាធរកម្ពុជានៅតែបន្តចាប់ខ្លួនឥតស្រាកស្រាន្តសព្វថ្ងៃនេះ។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា បើរដ្ឋាភិបាលពិតជាមានឆន្ទៈថែរក្សាព្រៃឈើពីការកាប់បំផ្លាញមែន មិនចាំបាច់ចំណាយពេលវេលាយូររហូតដល់ឆ្នាំ២០៣០ ទេ ព្រោះថាព្រៃឈើអាចនឹងហិនហោចកាន់តែខ្លាំងថែមទៀត បើផ្អែកតាមរូបភាពបំផ្លាញយ៉ាងអណាធិបតេយ្យក្នុងពេលបច្ចុប្បន្ននេះ។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះអះអាងថា រដ្ឋាភិបាលគួរតែដោះលែងសកម្មជនព្រៃឈើនានា ដូចជាលោក ឆន ផល្លា ដែលជាសកម្មជនដីធ្លី ព្រៃឈើ និងបរិស្ថានដ៏ឆ្នើមម្នាក់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ជាដើម ឱ្យមានសេរីភាពឡើងវិញទៅ នោះទើបអាចបញ្ជាក់ពីការតាំងចិត្តរបស់រដ្ឋាភិបាលចំពោះការថែរក្សាព្រៃឈើដូចដែលខ្លួនបានអះអាងមែន បើមិនដូច្នោះទេ ការអះអាងរបស់រដ្ឋាភិបាលអំពីការទប់ស្កាត់ការបំផ្លាញព្រៃឈើនៅឆ្នាំ២០៣០ នៅតែមិនទទួលបានការទុកចិត្តពីពលរដ្ឋដដែល។
ការអះអាងរបស់មន្ត្រីការពារសិទ្ធិពលរដ្ឋនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានប្ដេជ្ញាថា កម្ពុជានឹងបញ្ឈប់ការកាប់បំផ្លាញព្រៃឱ្យបាននៅឆ្នាំ២០៣០ ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអះអាងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស ថា កម្ពុជានឹងកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ ឱ្យបានដាច់ខាត។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះអះអាងថា កម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដើម្បីការអភិវឌ្ឍដោយការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានាឱ្យមានការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមស៊ីវិលដោយមិនរើសអើង។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា ថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សកាន់អំណាច បានប្ដេជ្ញាថានឹងទប់ស្កាត់ការបាត់បង់ព្រៃឈើឱ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០៣០ ក៏ប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សនេះនៅតែមិនហ៊ានចុះហត្ថលេខាលើសេចក្តីប្រកាសរួមទីក្រុង Glasgow ជាមួយមេដឹកនាំពិភពលោកមកពី ១៤១ប្រទេស ដើម្បីការពារព្រៃឈើដដែលរហូតមកដល់ពេលនេះ។
ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មក ប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុង Glasgow COP26 ស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើ ដើម្បីទប់ទល់ការផ្លាស់ប្ដូរអាកាសធាតុមានចំនួន ១៤១ប្រទេសហើយនៅពេលនេះ ខណៈចាប់ផ្តើមដំបូងមានត្រឹមតែ ១៣១ប្រទេសប៉ុណ្ណោះ ក្នុងនោះរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសវៀតណាម ជាដើម ប៉ុន្តែរហូតមកទល់នឹងពេលនេះ ប្រទេសកម្ពុជានៅតែមិនទាន់បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះជាមួយប្រទេសទាំងនោះនៅឡើយទេ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការសមាគមជិត ២០ស្ថាប័នដែលធ្វើការលើវិស័យបរិស្ថាននៅកម្ពុជា ដូចជាសមាគមព្រៃឈើភ្នំសេះ ខេត្តក្រចេះ សមាគមការពារដីធ្លីខេត្តកោះកុង និងសមាគមជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នាបញ្ជាក់ថា រដ្ឋាភិបាលគួរតែបង្កើតបរិយាកាសអំណោយផលដល់ការចូលរួមរបស់សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ក្នុងការអភិរក្ស ថែរក្សា ការពារធនធានធម្មជាតិ ស្របតាមរដ្ឋធម្មនុញ្ញមាត្រា៣៥ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីព្រៃឈើ ជាដើម។
ជុំវិញការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា អង្គការឃ្លាំមើលព្រៃឈើពិភពលោក The Global Initiative Against Transnational Organized Crime បានចេញរបាយការណ៍កាលពីចុងខែមីនា ឆ្នាំ២០២១ ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាថា បើទោះបីប្រទេសកម្ពុជាមានច្បាប់សម្រាប់ការពារព្រៃឈើក៏ដោយ ក៏កម្ពុជាបានទទួលរងនូវអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតក្នុងចំណោមប្រទេសមួយចំនួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក ខណៈរដ្ឋាភិបាលកម្ពុជាបានសម្បទានដីឱ្យក្រុមហ៊ុនឯកជនឥតឈប់ឈរ ដែលបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើខ្មែរកាន់តែខ្លាំងថែមទៀត៕