26 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​៨៥​ស្ថាប័ន​ទាមទារ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​សកម្មជន​សង្គម​ដោយ​គ្មាន​លក្ខខណ្ឌ

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៨០​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី និង​សកម្មជន​ការពារ​ព្រៃឈើ​ដោយ​ឥត​លក្ខខណ្ឌ ដោយសារតែ​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​ផ្សេងៗ​របស់​ពួកគេ ធ្វើឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

ការ​ទាមទារ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ៨៥​ស្ថាប័ន ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដោយ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជាដើម។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង ៨៥​ស្ថាប័ន បាន​ឱ្យ​ដឹង​ថា កន្លងមក​មាន​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ការពារ​ធនធាន​ធម្មជាតិ​ជាច្រើន​នាក់​ត្រូវ​រង​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ជាបន្តបន្ទាប់​យ៉ាង​អយុត្តិធម៌ បើ​ទោះបីជា​ពួកគាត់​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​ក្នុង​ការ​ការពារ​ដីធ្លី ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដោយ​សន្តិវិធី​ក៏ដោយ។

អង្គការ​សង្គម​ស៊ីវិល​ដដែល​ថា លោក ផុន សុផល តំណាង​សហគមន៍​ដីធ្លី ត្រូវ​បាន​តុលាការ​ខេត្ត​ត្បូងឃ្មុំ ផ្ដន្ទាទោស និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ ខណៈ​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​ម្នាក់​ទៀត​ប្រចាំ​ខេត្ត​រតនគិរី លោក ឆន ផល្លា ត្រូវ​តុលាការ​ខេត្ត​រតនគិរី ផ្ដន្ទាទោស និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដែរ។

ក្រៅពី​តំណាង​សហគមន៍​ដីធ្លី​ខេត្ត​ត្បូងឃ្មុំ និង​សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី ក៏​មាន​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ចាន់ ធឿន និង​ខេត្ត​ព្រះវិហារ លោក ខេម សុឃី និង​លោក សូ ថាល់ ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​ទាំងនោះ​សម្រេច​ផ្ដន្ទាទោស ដោយសារតែ​ពួកគេ​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ ជាពិសេស​ការ​ឃ្លាំមើល​ស្ថានភាព​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ និង​សហគមន៍​ព្រៃឈើ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បន្ត​ថា ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​ឃុំ​មិនមែន​ធ្វើឡើង​តែ​ករណី​ខាងលើ​នេះ​ទេ ក្រុម​យុវជន​សកម្ម​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន រួម​មាន​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ច័ន្ទតារាវុធ លោក យឹម លាងហី កញ្ញា ស៊ុន រដ្ឋា ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ហើយ​ទើប​ត្រូវ​បាន​ដោះលែង​នា​ពេល​ថ្មីៗ​នេះ​ដែរ។

ទោះបីជា​យុវជន​ទាំងនោះ​ត្រូវ​បាន​ដោះលែង​ក៏​ពិតមែន ប៉ុន្តែ​ពួកគេ​មិន​មាន​សេរីភាព​ពេញលេញ​ទេ ដោយសារ​ពួកគេ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ខណៈ​បទ​ចោទប្រកាន់ តុលាការ​មិន​ទាន់​ទម្លាក់​ចោល​នៅឡើយ។

សេចក្ដី​ថ្លែងការណ៍​ថា ការ​មិន​ទម្លាក់​បទ​ចោទប្រកាន់​ចោល​នេះ មិនមែន​មាន​តែ​យុវជន​មាតា​ធម្មជាតិ​ទេ សកម្មជន​សហគមន៍​ដីធ្លី ព្រៃឈើ ធនធាន​ធម្មជាតិ ដូចជា​សមាជិក​សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​តាម​បណ្តា​ខេត្ត​នានា​ជាច្រើន​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​រង​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ជាបន្តបន្ទាប់ ដោយ​គ្រាន់តែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយ​អហិង្សា ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​ជា​ហត្ថលេខី។

អង្គការ​សង្គម​ស៊ីវិល សមាគម បណ្ដាញ សម្ព័ន្ធ សហជីព សហគមន៍ ចាត់ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ ការ​ចោទប្រកាន់​ពី​ស្ថាប័ន​តុលាការ ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី បរិស្ថាន អ្នក​ការពារ​ធនធាន​ធម្មជាតិ​ជាច្រើន​នាក់ ដោយ​ភាគច្រើន​ពួកគេ​ត្រូវ​រង​ការ​ចោទប្រកាន់​ពី «បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និង «ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» រួម​ទាំង​បទល្មើស​ផ្សេងៗ​ទៀត​នា​ពេល​កន្លងមក ថា​មាន​លក្ខណៈ​នយោបាយ ដើម្បី​បំបិទ​សំឡេង​រិះគន់​របស់​អ្នក​ទាំងនោះ​តែប៉ុណ្ណោះ។

មួយ​វិញ​ទៀត ការ​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​ដែល​សកម្ម​ជួយ​ការពារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​សហគមន៍ ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ និង​សកម្មជន​បម្រើ​កិច្ចការ​សង្គម​ទូទាំង​ប្រទេស​ខាងលើ​ទាំងអស់​នេះ ថា​ជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ផ្ទាល់ និង​ប្រយោល​ផង​ដែរ។

ករណី​នេះ អង្គការ​សង្គម​ស៊ីវិល​ទាំង ៨៥​ស្ថាប័ន​ស្នើ​ទៅ​រដ្ឋាភិបាល​ទម្លាក់​រាល់​បទ​ចោទប្រកាន់​លើ​សកម្មជន​សង្គម បរិស្ថាន និង​ដីធ្លី​ទាំងអស់​ដែល​ទើប​ដោះលែង​ពេល​ថ្មីៗ​នេះ និង​ស្នើសុំ​ដោះលែង​សកម្មជន​កំពុង​ជាប់​ឃុំ​ដែល​រង​ការ​ចោទប្រកាន់​នា​ពេល​កន្លងមក ឱ្យ​ពួកគាត់​មាន​សេរីភាព​វិញ​ដោយ​មិន​មាន​លក្ខខណ្ឌ ដើម្បី​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ជួបជុំ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ផ្សេង​ទៀត​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ឱ្យ​ពួកគាត់​បាន​ជួបជុំ​គ្រួសារ និង​បាន​បន្ត​រួម​ចំណែក​បម្រើ​កិច្ចការងារ​សង្គម​បច្ចុប្បន្ន និង​ទៅ​អនាគត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស