28 C
Phnom Penh

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ម្នាក់​រង​ការ​ចោទ​ថា​ចាក់​ដី​រំលោភ​យក​ចំណី​ឆ្នេរ​អង្កោល​ក្នុង​ខេត្ត​កែប​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល ដោយសារតែ​ឈ្មោះ អង្គ វង្សវឌ្ឍន៍ ជា​មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ «ឆ្នេរ​អង្កោល» ស្ថិត​ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ ដោយ​មិន​មាន​វិធានការ​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​ខេត្ត​កែប ឡើយ។

ប្រភព​ដដែល​បង្ហាញ​ចម្ងល់​ថា មូលហេតុ​អ្វី​បាន​ជា​លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប បណ្តោយ​ឲ្យ​មាន​បទល្មើស​ដឹក​ដី​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​ពី​បុគ្គល​ខាងលើ ដោយ​គ្មាន​ការ​ទប់ស្កាត់​ទៅវិញ ឬ​មាន​អាថ៌កំបាំង​ពី​ក្រោយ​បទល្មើស​ទាំងនេះ។

សាធារណជន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​មាន​វិធានការ​យក​ឆ្នេរ​អង្កោល មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ និង​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភ​យក​ឆ្នេរសមុទ្រ​ដោយ​ខុសច្បាប់​ខាងលើ​នេះ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។

ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រុម​ការងារ​អន្តរ​ក្រសួង តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ក្រុម​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​កែប បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្លូវ​គម្រោង​ប្រប​មាត់សមុទ្រ​ក្រោម​ប្រាក់កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ ក្រុម​មន្ត្រី​ទាំងនោះ​បង្ហាញ​ការ​ភ្ញាក់ផ្អើល ដោយសារតែ​កំណាត់​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ជាង ១០​ម៉ែត្រ​ចូល​ទៅ​មាត់សមុទ្រ​នៃ​ឆ្នេរ​អង្កោល ត្រូវ​បាន​ឈ្មោះ អង្គ វង្សវឌ្ឍន៍ ជា​មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​យក​កំណាត់​ផ្លូវ​នោះ​យក​ទៅ​ដាក់​កន្លែង​ផ្សេង​ទៅវិញ ដោយ​អាជ្ញាធរ​មិន​បាន​ដឹង​ឡើយ។

បុគ្គល​ឈ្មោះ អង្គ វង្សវឌ្ឍន៍ មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​ក៏​ធ្លាប់​បាន​លើក​ទីតាំង​ប៉ុស្តិ៍​នគរបាល​ជើងទឹក​អង្កោល ពី​លើ​គោក​ទម្លាក់​ទៅ​ក្នុង​ទឹក​ដោយ​ជោគជ័យ​ម្តង​រួច​ហើយ ហើយ​យក​ទីតាំង​សំណង់​ប្រវត្តិសាស្ត្រ​សង្គ្រាម​នៃ​ប៉ុស្តិ៍​រដ្ឋបាល​ជើងទឹក​អង្កោល ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ខ្លួន។

ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាស្រុក​ដំណាក់ចង្អើរ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវលំ​សាធារណៈ​មួយ​ខ្សែ​ស្ថាបនា​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចាប់ពី​ផ្លូវ​១៣៣២ មក​ភ្ជាប់​ជាមួយ​មាត់សមុទ្រ​អង្កោល ខាងលើ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​មន្ត្រី​ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​កាត់​មួយ​កំណាត់​នៅ​ចំណុច​មាត់សមុទ្រ​ប្រវែង​ជាង ១០​ម៉ែត្រ ដោយ​រំកិល​ចេញពី​ទីតាំង​ចាស់​ចម្ងាយ​ប្រមាណ​ជាង ១០​ម៉ែត្រ​ពី​គ្នា។ បច្ចុប្បន្ន មន្ត្រី​រូប​នេះ​ក៏​បាន​បន្ត​រំកិល​ផ្លូវ​រដ្ឋ ដើម្បី​ពង្រីក​ទំហំ​ដី​របស់​ខ្លួន​រំលោភ​ចូល​ឆ្នេរសមុទ្រ​ថែមទៀត​ផង។

អភិបាល​រង​ខេត្ត​កែប លោក វ៉ៅ សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​ចាក់​ដី​ហ៊ុមព័ទ្ធ​របង​រំលោភ​យក​ឆ្នេរ​អង្កោល​នេះ គឺ​ក្រុម​ការងារ​ជំនាញ​នឹង​ធ្វើ​របាយការណ៍​ដាក់​ទៅ​លោក​អភិបាល​ខេត្ត​កែប ដើម្បី​ឲ្យ​គណៈ​អភិបាល​ខេត្ត​សម្រេច​ថា តើ​ត្រូវ​រើ​ចេញ ឬ​យ៉ាង​ណា ព្រោះ​ថា​សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​គម្រោង​សាងសង់​ផ្លូវ​ប្រប​មាត់សមុទ្រ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​គ្រោង​ចំណាយ​ថវិកា​ជិត ២០​លាន​ដុល្លារ​ក្នុង​ការ​សាងសង់​ផ្លូវ​ប្រប​មាត់សមុទ្រ​នេះ​ឡើង។

ទីប្រឹក្សា​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ផ្លូវ​ប្រប​មាត់សមុទ្រ​របស់​ធនាគារ ADB ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឱ្យ​ដឹង​ថា អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុម​ការងារ​អនុវត្តន៍​គម្រោង​ស្ថាបនា​ផ្លូវ​ប្រប​មាត់សមុទ្រ​ខេត្ត​កែប បាន​សម្រេច​ប្តូរ​ទំហំ​ផ្លូវ ត្រង់​ចំណុច​ឆ្នេរ​អង្កោល ពី ១៣​ម៉ែត្រ​មក​នៅ​ត្រឹម ៦​ម៉ែត្រ​វិញ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​តែ ៦​គ្រួសារ​ប៉ុណ្ណោះ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​គម្រោង​នេះ។

លោក​បន្ត​ថា កន្លងមក​ខាង​ធនាគារ ADB ក៏​ធ្លាប់​បាន​ជូនដំណឹង​ពី​ការ​ហាមឃាត់​សាងសង់​សំណង់​ផ្សេងៗ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុង​គម្រោង​នេះ​អំឡុង​ពេល ADB កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ។

ទីប្រឹក្សា​ធនាគារ ADB រូប​នេះ​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​កែប ជួយ​ដោះស្រាយ​ដើម្បី​ឲ្យ​គម្រោង​សាងសង់​ផ្លូវ​ប្រប​មាត់សមុទ្រ​ដែល​មាន​ប្រវែង​ជាង ១២​គីឡូម៉ែត្រ​នេះ​អាច​ដំណើរការ​បាន​ដោយ​រលូន។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក អង្គ វង្សវឌ្ឍន៍ មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​លើ​ករណី​ដឹក​ដី​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​នៅ​ខេត្ត​កែប បាន​នៅឡើយ​ទេ។ ចំណែក​ឯ​លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប ក៏​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ដែរ​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស