27 C
Phnom Penh

ករណី​ជីក​កាយ​ដី​ភ្នំ​យក​ចាក់​លុប​ចំណី​ព្រែក​នៅ​ឃុំ​តាតៃ​ខេត្ត​កោះកុង​បាន​កក្រើក​ឡើងវិញ

បទវិភាគ

ពលរដ្ឋ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា បទល្មើស​ជីក​កាយ​ដី​ភ្នំ​ដើម្បី​យក​មក​ចាក់​រំលោភ​យក​ដី​ចំណី​ព្រែក​នៅ​ចំណុច​ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង បាន​កក្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​ដោយ​គ្មាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ទេ។

ប្រភព​បន្ត​ថា អ្នក​ដែល​ដឹក​ចាក់​ដី​លុប​ចំណី​ព្រែក​នៅ​ចំណុច​ខាងលើ ឈ្មោះ ប៊ុន មួយ ដែល​កន្លងមក​ទីតាំង​មាន​សកម្មភាព​ចាក់​ដី​លុប​ព្រែក​នេះ អាជ្ញាធរ​ស្រុក​កោះកុង ក៏​ធ្លាប់​បាន​ចុះ​ហាមឃាត់ និង​តម្រូវ​ឲ្យ​បុគ្គល​រូប​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រែក​ធម្មជាតិ​មួយ​នេះ​ម្តង​រួច​ហើយ ប៉ុន្តែ​ពេលនេះ អ្នកស្រី ប៊ុន មួយ ដែល​ជា​អាជីវករ​លក់​គ្រឿងសំណង់​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង មិន​បាន​អនុវត្ត​តាម​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ឡើយ។

ពលរដ្ឋ​រស់នៅ​ឃុំ​តាតៃ រិះគន់​ថា វិធានការ​របស់​លោក ណឹម ភារម្យ អភិបាល​រង​ស្រុក​កោះកុង ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លងមក​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ដោយសារតែ​ក្រុម​ឈ្មួញ​នៅតែ​បន្ត​ជីក​កកាយ​ដី​ភ្នំ​ដើម្បី​យក​មក​ចាក់​លុប​ព្រែក​នៅ​ទីតាំង​ខាងលើ​នេះ​ដដែល។

ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ជា​ថ្មី​ម្តង​ទៀត​ទៅ​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង មាន​វិធានការ និង​ត្រួតពិនិត្យ​ទៅលើ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រែក​តាតៃ ដោយ​អ្នកស្រី ប៊ុន មួយ ឲ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទិន​ករណី​នេះ លោក ធិន សម្បត្តិ មេឃុំ​តាតៃ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ទីតាំង​ចាក់​ដី​លុប​ព្រែក​ខាងលើ គឺ​គេ​មាន​ប្លង់​កម្មសិទ្ធិ ហើយ​ការ​ចាក់​ដី​លុប​ព្រែក​តាតៃ​នេះ ក៏​មាន​ច្បាប់​អនុញ្ញាត​ដែរ។ ប៉ុន្តែ​បើ​ករណី​ចាក់​ដី​រំលោភ​ចូល​ព្រែក​ធម្មជាតិ គឺ​រូបលោក​នឹង​ឲ្យ​កម្លាំង​ចុះទៅ​ពិនិត្យ​មើល ដើម្បី​ឈាន​ទៅ​មាន​វិធានការ​បន្ត​ទៀត។

ចំណែក​លោក លឹម ភឿន ភូមិបាល​ស្រុក​កោះកុង បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​ដឹក​ដី​ចាក់​លុប​ចំណី​ព្រែក​តាតៃ នៅ​ចំណុច​អន្លង់វ៉ាក់​ខាងលើ រូបលោក​មិន​បាន​ដឹង​ទេ ប៉ុន្តែ​ចំពោះ​ដី​ចំណី​ព្រែក គឺ​ច្បាប់​បាន​កំណត់​ហើយ​ត្រូវ​ទុក ២០​ម៉ែត្រ​ពី​មាត់ព្រែក។

លោក ជា សូវី អភិបាល​ស្រុក​កោះកុង ថ្លែង​ថា បើ​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​ចូល​ក្នុង​ព្រែក​តាតៃ​ពិតប្រាកដ​មែន​នោះ គឺ​រូបលោក​នឹង​ចាត់​កម្លាំង​ឲ្យ​ចុះទៅ​ពិនិត្យ​ជាក់ស្តែង និង​មាន​វិធានការ​បន្ត។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ចំណី​ព្រែក​នៅ​ចំណុច​ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស