27 C
Phnom Penh

តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១៤​រូប

បទវិភាគ

សាលាដំបូង​ក្រុង​ភ្នំពេញ បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៤​រូប នៅ​ថ្ងៃ​ពុធ នេះ ដែល​នាំ​ឲ្យ​ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង។

សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​រូប​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ដែល​បើក​សវនាការ​នា​ពេល​កន្លងមក គឺ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ផែនការ ៩ វិច្ឆិកា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​ជន​ជាប់ចោទ​ដែល​ត្រូវ​កោះហៅ​ឲ្យ​ចូល​ខ្លួន​មាន​ចំនួន​សរុប ១៣៩​រូប ចំណែក​ជន​ជាប់ចោទ​ចូល​ក្នុង​សវនាការ​មាន​តែ ៣៤​រូប​ប៉ុណ្ណោះ។

ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ធ្វើឡើង​ក្រោយ​ពី​សកម្មជន​បក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​កាលពី​ពេល​កន្លងទៅ ក្រោម​ហេតុផល​សុខភាព​មិន​អំណោយ​ផល។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្នើសុំ​នៅ​ក្រៅ​ឃុំ​តាមរយៈ​មេធាវី​របស់​ខ្លួន គឺ​លោក សំ សុគង់ មាន​ចំនួន ១៤​នាក់ ត្រូវ​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​នោះ​រួម​មាន លោក កាក់ គុម្ភារ លោក ងិន ឃាង និង​សកម្មជន​បក្ស​នេះ​ជាច្រើន​រូប​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​បទល្មើស​រួម​គំនិត​ក្បត់​ដូច​គ្នា ប៉ុន្តែ​ត្រូវ​តុលាការ​បដិសេធ​សំណើ​របស់​ពួកគេ​ទាំងស្រុង។

កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ សមាជិក​បក្ស​ប្រឆាំង​ចំនួន ១៣៩​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ជំនុំ​ជម្រះ​ទោស​លើ​បទ​ចោទប្រកាន់ «រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ហើយ​ដីកា​កោះហៅ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

សាច់ញាតិ​របស់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២០។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ​ថា ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ទាំងនោះ​មាន​ហេតុផល​សមរម្យ ដោយសារតែ​មាន​សកម្មជន​ខ្លះ​មាន​ជំងឺ​ប្រចាំ​កាយ​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន។

លោក​បន្ត​ថា ការ​បដិសេធ​របស់​តុលាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិន​បាន​ធូរស្រាល​នោះ​ទេ ដូច្នេះ​ប្រសិនបើ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​លើ​ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​សិទ្ធិ​ចូលរួម​ជីវភាព​នយោបាយ​ស្របតាម​រដ្ឋធម្មនុញ្ញ សូម​រដ្ឋាភិបាល​កុំ​ច្រានចោល​ការ​រិះគន់​ទាំងនោះ​ឲ្យ​សោះ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​នយោបាយ និង​សកម្មជន​ដទៃ​ទៀត​ដែល​ជា​អ្នកទោស​មនសិការ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឲ្យ​ពួកគេ​អាច​ជួបជុំ​គ្រួសារ និង​ចូលរួម​កិច្ចការ​សង្គម​បន្ត​ទៀត ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ។ លើស​ពី​នេះ មាត្រា​៣៥ ក៏​បាន​ចែង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស