27 C
Phnom Penh

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជិត ៥០​រូប​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ជិត ៥០​រូប​ទៀត​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ ខណៈ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​អាច​វិល​ទៅ​សវនាការ​របស់​ពួកគេ​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ពេលនេះ។

សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ដីកា​របស់​ខ្លួន​ទៅ​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ជូនដំណឹង​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​ទៅ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ មាន​ចំនួន ៤២​រូប ក្នុង​នោះ​រួម​មាន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អនុប្រធាន​គណបក្ស លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ដូចជា លោក អ៊ុំ សំអាន និង​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​រូប​ផ្សេង​ទៀត។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អនុប្រធាន​គណបក្ស លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស លោក អ៊ុំ សំអាន

កាលពី​ឆ្នាំ​២០១៩ អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ក្នុង​ព្រឹត្តិការ​មាតុភូមិ​និវត្តន៍ ៩ វិច្ឆិកា» ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ជាន់ខ្ពស់ សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជាង ១០០​នាក់ ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា ចោទប្រកាន់ និង​ចាប់​ខ្លួន​ជាបន្តបន្ទាប់ ក្រោយ​ពី​អ្នក​ទាំងនោះ​ប្រកាស​គាំទ្រ​ផែនការ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់​បាន​អះអាង​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២១ ថា ជា​ទិដ្ឋភាព​ផ្លូវច្បាប់ គឺ​គ្រប់​ប្រទេស​ទាំងអស់​បាន​ចាត់ទុក​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ថា​ជា​អំពើ​ខុស​ច្បាប់​ដែរ។ ជាង​នេះ​ទៀត មាន​ប្រទេស​ខ្លះ​ទៀត​បាន​ចាត់ទុក​ក្រុម​ដែល​ធ្វើ​ផែនការ​បែប​នេះ​ថា​ជា​អង្គការ​ភេរវនិយម​ទៀត​ផង។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន

មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៣៩​នាក់​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី «បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ក្នុង​ព្រឹត្តិការ​មាតុភូមិ​និវត្តន៍ ៩ វិច្ឆិកា» កាលពី​ឆ្នាំ​២០១៩ បាន​បែងចែក​ទៅ​ជា​ពីរ​សំណុំរឿង ហើយ​ករណី​នេះ តុលាការ​បាន​បើក​សវនាការ​ជាច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​មាន​វត្តមាន​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ក្នុង​សវនាការ​នោះ​ទេ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្តល់​ទិដ្ឋាការ​ឱ្យ​ពួកគេ​អាច​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​បាន។

មន្ត្រី​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ​ថា ដើម្បី​ធានា​ភាព​យុត្តិធម៌​តាម​ផ្លូវច្បាប់​របស់​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ឱ្យ​ពួកគេ​អាច​វិល​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ដំណើរការ​សវនាការ​របស់​ពួកគេ​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ពេលនេះ ជាជាង​រារាំង​ដែល​នឹង​លេច​ចេញ​នូវ​រូបភាព​ជ្រៀតជ្រែក​ប្រព័ន្ធ​យុត្តិធម៌​ដោយសារ​រឿង​នយោបាយ។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ដំណើរការ​សវនាការ​នេះ ថា​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​យក​ស្ថាប័ន​តុលាការ​ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ​របស់​ខ្លួន នោះ​នឹង​ជះ​ឥទ្ធិពល​ដល់​កិត្តិយស និង​មុខមាត់​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ព្រោះ​ថា​រដ្ឋាភិបាល​គួរតែ​បែងចែក​ឱ្យ​ដាច់​ពី​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​នូវ​ជម្លោះ​របស់​ខ្លួន​ជាមួយ​បក្ស​ប្រឆាំង ដើម្បី​ចៀសវាង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បន្ត​ទៀត។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឡើងវិញ កម្ពុជា​គួរ​តែ​ប្រឈម​មុខ​ដោះស្រាយ​វិបត្តិ​នយោបាយ​រវាង​អ្នក​នយោបាយ​គ្នា​ឯង​ឱ្យ​បាន​ជ្រះស្រឡះ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នៅតែ​រង​ឥទ្ធិពល​អាក្រក់ និង​ខាតបង់​ប្រយោជន៍​កាន់តែ​ច្រើន​ថែមទៀត​ដោយសារ​បញ្ហា​នេះ។

លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​បញ្ចេញមតិ សេរីភាព​នយោបាយ​ដល់​អ្នក​នយោបាយ​កម្ពុជា​ឡើងវិញ​គ្រប់​ភាគី​ទាំងអស់ ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ មុន​នឹង​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទៅ​ថ្ងៃ​អនាគត។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​រិះគន់​ថា ជម្លោះ​រវាង​បុគ្គល​និង​បុគ្គល ដែល​ជា​អ្នក​មាន​ឥទ្ធិពល​នៅ​កម្ពុជា កំពុង​បង្កើត​បញ្ហា​ដល់​ប្រទេស​ជាតិ​រឹត​តែ​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​សាមគ្គីភាព​មិន​អាច​កសាង​ឯកភាព​ជាតិ​បាន ខណៈ​បញ្ហា​ដែល​មាន​ស្រាប់ អ្នក​នយោបាយ​ទាំងនោះ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស