31 C
Phnom Penh

លោក កឹម សុខា ប្រកាស​ឲ្យ​ពលរដ្ឋ​រួម​សាមគ្គី​គ្នា​ដើម្បី​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា លោក​មាន​បំណង​ប្រាថ្នា​ចង់​ឃើញ​សង្គម​ជាតិ និង​ពលរដ្ឋ​ខ្មែរ​រួម​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា​ទៅវិញ​ទៅមក ចេះ​អត់ឱន​ឲ្យ​គ្នា ដើម្បី​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា ការ​កសាង​អំពើ​ល្អ មិន​គុំកួន​សងសឹក​គ្នា គឺ​សុទ្ធតែ​ជា​កត្តា​បង្ហាញ​អំពី​សន្ដានចិត្ត ឬ​ឆន្ទៈ​ក្នុង​ការ​ចង់​បាន​សន្តិភាព​ពិតប្រាកដ ដែល​នាំ​ឱ្យ​មាន​សេចក្ដីសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ ជាង​នេះ​ទៀត ក៏​ជា​ការ​រីកចម្រើន​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​ផង​ដែរ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​បំពេញ​បុណ្យ​កុសល គឺជា​ឱកាស​ដែល​លោក​អាច​ជួប​ពលរដ្ឋ​ខ្មែរ​ដោយ​ផ្ទាល់ និង​អាច​បង្ហាញ​នូវ​មនោសញ្ចេតនា​នឹក​រឭក ស្រឡាញ់​រាប់អាន​គ្នា ដែល​លោក​ខកខាន​ជួប​ពលរដ្ឋ​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក ដោយសារ​ហេតុផល​ដូច​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​គ្រប់​គ្នា​ទៅ​ហើយ​នោះ។

លោក កឹម សុខា បញ្ជាក់​ថា ការ​ធ្វើ​បុណ្យ​ជួបជុំ​គ្នា​នេះ មិនមែន​គ្រាន់តែ​ដើម្បី​ស្វែងរក​មគ្គផល​កុសល​ផល​បុណ្យ​រៀងៗ​ខ្លួន​នោះ​ទេ ក៏ប៉ុន្តែ​គឺជា​ការ​លើក​កម្ពស់​នូវ​ទស្សនៈ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ផង​ដែរ។ ទន្ទឹម​នេះ លោក កឹម សុខា ប្រាថ្នា​សូម​ឱ្យ​មាតុភូមិ​កម្ពុជា​នៅតែ​ជា​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ជា​រៀង​រហូត​តទៅ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា និង​សហការី​របស់​លោក​បាន​នាំ​យក​បច្ច័យ​ទេយ្យវត្ថុ​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​កឋិន​ទាន នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ។

នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ដឹកនាំ​សហការី​របស់​ខ្លួន​យក​បច្ច័យ​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ ក្នុង​ពិធីបុណ្យ​កឋិន​ទាន​នៅ​វត្ត​ភ្នំប្រាំពីរ ស្ថិត​ក្នុង​ឃុំ​ប៊ួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដែល​ជា​វត្ត​ទី​បី​ហើយ​ដែល​លោក​បាន​យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវកាល​បុណ្យ​កឋិន​ទាន​ឆ្នាំ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ «ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស»។ រហូត​មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ទៅ​ហើយ ហើយ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នេះ​ថា នយោបាយ​របស់​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា ដែល​យក​ការ​ឈឺចាប់​ផ្ទាល់ខ្លួន​ធ្វើជា​ការ​តស៊ូ ដើម្បី​ប្តូរ​យក​ដំណោះស្រាយ​ជូន​ជាតិ​ដូច​ដែល​លោក​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ គឺ​ជា​នយោបាយ​បែប​ពលីកម្ម​ដើម្បី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទាំងស្រុង។

លោក​អះអាង​ថា លោក កឹម សុខា ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​ដែល​បង្កើត​គំនុំ​ជាមួយ​ភាគី​ខ្មែរ​ណា​ទេ គឺ​លោក​តែងតែ​គិត​ដល់​ប្រយោជន៍​សាមគ្គី​ជាតិ​ជា​រឿង​សំខាន់​ជាង​គេ​ធ្វើ​បាប​រូបលោក​សព្វថ្ងៃ​នេះ។

លោក ហ៊ុន កុសល បញ្ជាក់​ថា លោក កឹម សុខា បាន​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​លុប​បំបាត់​គំនុំ​ព្យាបាទ​សងសឹក​រវាង​ខ្មែរ​និង​ខ្មែរ រវាង​បុគ្គល​និង​បុគ្គល ដោយ​ការ​ចាប់ផ្តើម​ពី​ខ្លួន​លោក​ផ្ទាល់​ក្នុង​ការ​ធ្វើជា​គំរូ ដើម្បី​សម្របសម្រួល​នយោបាយ​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ខ្មែរ​ទាំងមូល​ទៅ​ថ្ងៃ​មុខ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​ថា បើ​ទោះបីជា​លោក​មិនទាន់​មាន​សេរីភាព​ពេញលេញ​ក៏ដោយ ក៏​បណ្តា​ប្រទេស​លោកសេរី​នៅតែ​ទទួលស្គាល់​អំពី​គុណតម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

ទោះ​យ៉ាងណា កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស