38 C
Phnom Penh

អ្នកវិភាគ​និង​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​លោក សុខ ឥសាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម និង​អ្នកវិភាគ​នយោបាយ ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​រិះគន់​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចំអក​ឱ្យ​អ្នក​ដែល​ចាត់ទុក​សហរដ្ឋ​អាមេរិក​ថា​ជា​បិតា​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​ជឿនលឿន​ផ្នែក​ការ​គោរព​សិទ្ធិមនុស្ស។

សារ​នយោបាយ​របស់​លោក សុខ ឥសាន ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នេះ ក្រោយ​ពី​លោក​បាន​តិះទៀន​អ្នក​សរសើរ​សហរដ្ឋ​អាមេរិក​ថា​ជា​ប្រទេស​ដែល​ល្អ​ឯក​លើស​គេ​ក្នុង​ពិភពលោក។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា វា​ពិត​ជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​អ្នក​នាំពាក្យ​ចាស់​វស្សា​រូប​នេះ​អាច​ប្រើប្រាស់​ភាសា​ដែល​ពិបាក​ទទួល​យក​ដូច្នេះ។ ប្រភព​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្នក​នយោបាយ​បន្ត​សាបព្រោះ និង​ប្រើ​ភាសា​អសុរោះ​បែប​នេះ វា​នឹង​នាំ​ឱ្យ​មាន​ផល​នៃ​វប្បធម៌​មិន​ល្អ​នៅ​ក្នុង​សង្គម។

ចំណែក​លោក កង សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លើកឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា ក្នុង​ឋានៈ​ជា​ឧត្តមមន្ត្រី គួរ​ធ្វើជា​គំរូ​ល្អ​សម្រាប់​យុវជន និង​មនុស្ស​ជំនាន់​ក្រោយ។ លោក​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​កាន់​អំណាច គួរ​ប្រើ​ភាសា និង​សម្ដី​សំដៅ​ឱ្យ​បាន​សមរម្យ ជាពិសេស​ឱ្យ​ស័ក្ដិសម​ជា​អ្នក​នយោបាយ​ចាស់​វស្សា​ដែល​គួរ​ត្រូវ​បាន​ក្លាយ​ជា​គំរូ។

ជាង​នេះ​ទៀត លោក កង សាវាង្ស ឱ្យ​ដឹង​ថា កម្ពុជា​មិនមែន​ជា​របស់​ផ្ដាច់មុខ​របស់​អ្នក​នាំពាក្យ​រូប​នេះ​ឡើយ។ លោក​បន្ត​ថា បើ​សម្ដី​នេះ​លោក​និយាយ​ជា​ការពិត សូម​លោក​ប្រើប្រាស់​សម្ដី​ជា​គំរូ​ក្នុង​នាម​ជា​មនុស្ស​ចាស់ ជា​អ្នក​ដឹកនាំ និង​ជា​អ្នក​នយោបាយ​ចាស់​វស្សា​ផង។ លោក​បន្ត​ថា «ទឹកដី​នេះ​មិនមែន​លោក​ទិញ​ផ្ដាច់មុខ​នោះ​ទេ»។

បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម

ចំណែក​ឯ​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់ឃើញ​ថា សារ​នយោបាយ​របស់​លោក សុខ ឥសាន អាច​ជា​ការ​ប្រើ​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​លោក ជាជាង​តំណាង​ឱ្យ​រដ្ឋាភិបាល។ បើ​ទោះ​សារ​នយោបាយ​នេះ​ជា​ភាសា​ផ្ទាល់ខ្លួន​បែប​ណា​ក្តី សម្រាប់​លោក​បណ្ឌិត មាស នី ចាត់ទុក​ថា​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​រូប​នេះ វា​មិន​ចំណេញ​អ្វី​ឡើយ​សម្រាប់​នយោបាយ​ការទូត ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រទេស​ដែល​នៅ​បន្ត​ពឹងផ្អែក​ពី​ជំនួយ​បទេស​លើ​ផ្នែក​ខ្លះ​នៅឡើយ។

លោក​គិត​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ប្រើ​ពាក្យ​ហ្នឹង​ដែរ ព្រោះ​អាច​ធ្វើ​ឱ្យ​ខូច​ប្រជាប្រិយភាព​នយោបាយ។ បើ​រដ្ឋាភិបាល​វិញ ក៏​កាន់តែ​មិន​អាច​និយាយ​បាន​ទៀត​ហើយ ព្រោះ​ថា​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​ក៏​មាន​ការ​ទទួល​ខុសត្រូវ​នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ បណ្ឌិត មាស នី គិត​ថា​នេះ​ជា​ការ​មើល​ឃើញ​ផ្ទាល់ខ្លួន​របស់​គាត់ និង​ជា​ភាសា​សាមញ្ញ​របស់​គាត់ មិនមែន​តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ យល់ឃើញ​ថា នេះ​ជា​ការ​ប្រមាថ​មួយ​ដ៏​ធ្ងន់​សម្រាប់​ពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា ប្រសិនបើ​ភាសា​នេះ​ឆ្លុះបញ្ចាំង​ពី​ការពិត​មែន តើ​លោក សុខ ឥសាន ចង់​ទុក​ប្រទេស​កម្ពុជា​សម្រាប់​បម្រើ​ឱ្យ​ជនបរទេស​រស់នៅ ឬ​យ៉ាង​ណា។

លោក​បន្ត​ថា លោក សុខ ឥសាន ចង់​ឱ្យ​ពលរដ្ឋ​ទៅ​នៅ​សហរដ្ឋ​អាមេរិក មាន​ន័យ​ថា​លោក​ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​នៅ​អាមេរិក ហើយ​ឱ្យ​វៀតណាម និង​ចិន មក​នៅ​ស្រុក​ខ្មែរ​ឬ​យ៉ាង​ណា។

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សុខ ឥសាន បាន​សរសេរ​សារ​នៅ​ក្នុង​បណ្ដាញ​តេឡេក្រាម (Telegram) ដោយ​ចំអក​ឱ្យ​អ្នក​គាំទ្រ​ក្រុម​ប្រឆាំង និង​ខ្មែរ​មួយ​ចំនួន​ដែល​បង្ហាញ​ពី​មោទកភាព​របស់​ពួកគេ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​មក​លើ​មន្ត្រី​ជាន់ខ្ពស់​យោធា​ខ្មែរ ២​នាក់។

ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា ការ​ប្រើ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក មក​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​នេះ គឺជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​ចូលចិត្ត និង​សរសើរ​អាមេរិក​ថា​ជា​ប្រទេស​ដែល​ល្អ​ឥតខ្ចោះ​នោះ គួរ​ទៅ​រស់នៅ​អាមេរិក ហើយ​កុំ​នៅ​កម្ពុជា​នាំ​តែ​ធ្ងន់​ផែនដី​ខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស