27 C
Phnom Penh

គណបក្ស​បេះដូង​ជាតិ​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ចំពោះ​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​រឿង​ចុះបញ្ជី

បទវិភាគ

គណបក្ស​បេះដូង​ជាតិ កំពុង​រៀបចំ​បណ្តឹង​ដាក់​ទៅ​តុលាការ​កំពូល ប្រឆាំង​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បាន​បញ្ជាក់​ថា ខ្លួន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កំពូល ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដែល​បដិសេធ​មិន​ទទួល​ចុះបញ្ជី​គណបក្ស​ថ្មីថ្មោង​មួយ​នេះ។

តាមរយៈ​សារ​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ លោក សៀម ភ្លុក ដែល​ជា​ប្រធាន​គណបក្ស​បេះដូង​ជាតិ បញ្ជាក់​ថា នៅ​ពេលនេះ​ខ្លួន​កំពុង​រៀបចំ​បណ្តឹង​តាម​នីតិវិធី​ច្បាប់​ដាក់​ទៅ​តុលាការ​កំពូល។

លោក​បន្ត​ថា ការ​ដាក់​បណ្តឹង​តវ៉ា​នេះ ក្រោយ​ពី​រូបលោក​ទទួល​បាន​លិខិត​ច្រានចោល​ជា​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ។ ក្រសួង​មហាផ្ទៃ បាន​សម្រេច​ទាត់​ចោល​ការ​សុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​នៅ​ក្រសួង​មហាផ្ទៃ ដោយ​លើក​ហេតុផល​ថា ស្ថាបនិក​គណបក្ស​ថ្មោងថ្មី​នេះ​មាន​ចេតនា​ទុច្ចរិត និង​បន្លំ​ស្នាមមេដៃ​របស់​អ្នកគាំទ្រ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​សម្រេច​បដិសេធ​ការ​សុំ​ចុះបញ្ជី​របស់ «គណបក្ស​បេះដូង​ជាតិ» ចាប់ពី​ពេលនេះ​តទៅ។

ស្រប​ពេល​លោក សៀម ភ្លុក អះអាង​ថា រូបលោក​បាន​ដាក់​បណ្តឹង​ប្រឆាំង​សេចក្តី​សម្រេច​នេះ​ទៅ​តុលាការ​កំពូល ស្ថាបនិក​គណបក្ស​នេះ​ក៏​ត្អូញត្អែរ​ដែរ​ថា ខ្លួន​ពិត​ជា​ពុំ​មាន​សង្ឃឹម​ថា​នឹង​ទទួល​យុត្តិធម៌​ឡើយ។ បើ​តាម​លោក សៀម ភ្លុក ករណី​របស់​លោក​នេះ គឺ​ជា​រឿង​នយោបាយ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ទេ វា​នឹង​មិន​មាន​លទ្ធផល​ល្អ​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស