34 C
Phnom Penh

លោក សម រង្ស៊ី៖ កម្ពុជា​ក្លាយ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន​ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ​ដើម្បី​ពិសោធ​វ៉ាក់សាំង​ទាំងនោះ ខណៈ​លោក ហ៊ុន សែន សម្ដែង​មោទកភាព​ចំពោះ​វ៉ាក់សាំង​របស់​ចិន​ពេញ​ទំហឹង។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នេះ​ថា គ្រោះថ្នាក់​សម្រាប់​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ​តែងតែ​កើត​មាន​ឡើង​នៅ​ពេល​ណា​ដែល​អ្នក​កាន់​អំណាច​យក​រឿង​នយោបាយ មក​លាយឡំ​ជាមួយ​រឿង​សុខាភិបាល​ដូច​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ករណី​នៅ​ប្រទេស​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ជន​ផ្ដាច់ការ​តែងតែ​ធ្វើ​សេចក្តី​សម្រេច​គ្រប់​បែប​យ៉ាង​តែ​ម្នាក់ឯង និង​ដោយ​អត្តនោម័តិ ជាពិសេស​ក្នុង​វិស័យ​ដែល​ទាមទារ​ឲ្យ​មាន​ចំណេះដឹង​បច្ចេកទេស និង​បទពិសោធន៍​ដែល​ជន​ផ្ដាច់ការ​មិន​ចេះ គឺជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​សម្រាប់​សុខភាព​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។

ការ​អះអាង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​គឺ​ផ្ទុយ​ស្រឡះ​ពី​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទាំងស្រុង ដែល​តែងតែ​បង្ហាញ​ពី​មោទកភាព​ក្នុង​ការ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 របស់​ប្រទេស​ចិន សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន អះអាង​ថា ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការ​ចាក់​វ៉ាក់សាំង​ជា​វិធានការ​គន្លឹះ​បន្ថែម​លើ​វិធានការ​សំខាន់ៗ​ដទៃ​ទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ។

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ កម្ពុជា​បាន​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​ចិន សរុប​មាន​ចំនួន ៣៦​លាន ៨​សែន​ដូស​ហើយ ក្នុង​នោះ ៨​លាន ៣​សែន​ដូស គឺជា​ជំនួយ​របស់​ចិន​សម្រាប់​កម្ពុជា​ផង​ដែរ។

នាយក​ប្រតិបត្តិ​របស់​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ការ​រិះគន់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​អាច​ជា​ការ​ប្រើ​វោហារស័ព្ទ​នយោបាយ​របស់​ខ្លួន ដើម្បី​ស្វែងរក​ការ​ចាប់អារម្មណ៍ ឬ​ទាញ​យក​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ត្រឡប់​មក​វិញ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា សម្រាប់​ការ​រិះគន់​រវាង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន ច្រើន​តែ​ប្រើ​វិធីសាស្ត្រ​បែប​ប្រជាភិថុតិ ជាជាង​ប្រើ​ការ​រិះគន់​បែប​វិទ្យាសាស្ត្រ ដើម្បី​ប្រជែង​យក​ការ​គាំទ្រ​ពី​ពលរដ្ឋ ហើយ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ត្រូវ​បាន​អ្នក​នយោបាយ​ទាំងនោះ​យកចិត្ត​ទុកដាក់​តិចតួច​បំផុត។

ជុំវិញ​បញ្ហា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ៤​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​មិន​បាន​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 នោះ​ទេ ខណៈ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់​ជិត ៣​ពាន់​នាក់​ហើយ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស