28 C
Phnom Penh

ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ​ចេញ​មុខ​អន្តរាគមន៍​បញ្ចប់​ទំនាស់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​នៅ​ពេល​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​លាលែង​ដើរ​ចេញ​ពី​អង្គភាព។

ប្រភព​ព័ត៌មាន​ដែល​ជឿ​ទុកចិត្ត បាន​ផ្តល់​ឯកសារ​សម្ងាត់​ឱ្យ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា បញ្ជាក់​ថា លោក អ៊ុំ រាត្រី ដែល​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​ភ្លាមៗ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។

ការ​ព្យាយាម​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា កន្លងទៅ​នេះ​របស់​អភិបាល​ខេត្ត​បន្ទាយមានជ័យ គឺ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​ជាច្រើន​ខែ​មក​ហើយ​រវាង​បុគ្គលិក​សុខាភិបាល​ចំនួន ១១​រូប​ជាមួយ​នឹង​ប្រធាន​មន្ទីរពេទ្យ លោក ឱក ទីនណា។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ដើម្បី​បញ្ចប់​វិវាទ​ដែល​ប្រើ​ពេល​ពេញ​មួយ​ព្រឹក គឺ​បុគ្គលិក​សុខាភិបាល​ម្នាក់​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​គំរាមកំហែង​នៅ​ក្នុង​អង្គប្រជុំ ខណៈ​បុគ្គលិក​ផ្នែក​សុខាភិបាល​រូប​នោះ​ព្យាយាម​លើក​ហេតុផល​ដាក់​បន្ទុក​ទៅ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត គឺ​លោក ឱក ទីនណា។

ឯកសារ​មួយ​ចំនួន​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន ឱ្យ​ដឹង​ថា ជម្លោះ​នេះ​ផ្តើម​ចេញពី​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ប្រព្រឹត្ត​អំពើពុករលួយ និង​បង្កើត​ខ្សែ​បណ្ដាញ​បក្ខពួក​ពុករលួយ​នៅ​ក្នុង​មន្ទីរពេទ្យ។

តាមរយៈ​សារ​សំឡេង​បែក​ធ្លាយ​របស់​ក្រុម​គ្រូពេទ្យ​កាលពី​ដើម​ខែ​វិច្ឆិកា កន្លងទៅ​នេះ ឱ្យ​ដឹង​ថា ប្រធាន​មន្ទីរពេទ្យ​បង្អែក លោក ឱក ទីនណា បាន​ប្រើ​ឈ្មោះ​បុគ្គលិក​សុខាភិបាល​ចំនួន ១១​នាក់​ដែល​មិន​មាន​ភារកិច្ច​ចូលរួម​បម្រើ​ការងារ​ក្នុង​ក្រុម​ជំងឺ Covid-19 ឬ​ហៅថា​ជា​ឈ្មោះ​ខ្មោច ដាក់​បន្លំ​ចូល​ទៅ​ក្នុង​បញ្ជី​សម្រាប់​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19។ ប្រភព​ដដែល​បន្ថែម​ទៀត​ថា សម្រាប់​បុគ្គលិក​សុខាភិបាល​ទាំង ១១​នាក់​ដែល​ជា​ឈ្មោះ​ខ្យល់ ឬ​ឈ្មោះ​ខ្មោច តែ​មិន​មាន​អ្នក​ធ្វើការ​នោះ គឺ​ក្នុង​ម្នាក់ៗ​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បេសកកម្ម​នេះ​ចំនួន ៥០​ដុល្លារ​អាមេរិក ឬ​ស្មើ​ប្រមាណ ២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃៗ។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ប្រតិកម្ម​បាន​ភ្លាមៗ​នៅឡើយ​ទេ​ពី​ប្រធាន​មន្ទីរពេទ្យ​បង្អែក លោក ឱក ទីនណា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ករណី​ចោទប្រកាន់​នេះ។ ប៉ុន្តែ​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត អ្នកស្រី សុវណ្ណ ដួងដាវ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​កាលពី​ពេល​ថ្មីៗ​នេះ​ថា ខាង​មន្ទីរពេទ្យ​មិន​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​ការ​ចោទប្រកាន់​នេះ​ឡើយ។

បើ​ទោះជាយ៉ាងណា យោង​តាម​ឯកសារ​ដែល​ទទួល​បាន បញ្ជាក់​ថា ប្រធាន​មន្ទីរពេទ្យ​បង្អែក​នេះ​មិន​ត្រឹមតែ​ហ៊ាន​លួច​ធ្វើ​ឈ្មោះ​ខ្យល់​ដើម្បី​បន្លំ​កិបកេង​លុយ​ពី​បេសកកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ឱក ទីនណា ថែមទាំង​ហ៊ាន​លួច​ក្លែង​ឯកសារ​ដោយ​ប្រើ​ឈ្មោះ​លោក ឱម យ៉ិនទៀង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថែមទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស