27 C
Phnom Penh

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

បទវិភាគ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដែល​សម្របសម្រួល​ដោយ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃ​អង្គារ ទី​២៣ ក្រោយ​ផ្អាក​សកម្មភាព​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់ពី​លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាលពី​ពេល​កន្លងទៅ។

លេខាធិការដ្ឋាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា សមាគម​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ឯ​ហាង​កាហ្វេ Coffee Culture ក្នុង​សង្កាត់​ទួលទំពូង២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ស្ដីពី​ជំហរ​របស់​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស បន្ទាប់ពី​សកម្មជន​ទាំងនោះ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​អាជ្ញាធរ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​អង្គការ​ជាតិ អន្តរជាតិ ភ្នាក់ងារ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ អញ្ជើញ​ចូលរួម​សន្និសីទ​កាសែត​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលជំហរ​របស់​សកម្មជន​បរិស្ថាន​ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា កាលពី​ពេល​កន្លងទៅ។

ការ​ចេញ​សេចក្តី​ជូនដំណឹង​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលជំហរ​របស់​សកម្មជន​បរិស្ថាន​ដែល​នឹង​ធ្វើការ​ប្ដេជ្ញា​ចំពោះ​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា លោក​គាំទ្រ​នូវ​ជំហរ​របស់​សកម្មជន​បរិស្ថាន​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ​បន្ត​ទៀត ព្រោះ​ថា​សកម្មភាព​របស់​សកម្មជន​បរិស្ថាន​ទាំងនេះ គឺ​ស្រប​នឹង​ផ្លូវច្បាប់​របស់​កម្ពុជា ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​ពិនិត្យ​លើ​សកម្មភាព​សកម្មជន​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ធ្វើ​សកម្មភាព​រារាំង ព្រោះ​ថា​សកម្មភាព​របស់​សកម្មជន​បរិស្ថាន​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ មិនមែន​ជា​បទល្មើស​ដែល​ផ្ទុយ​ទៅ​ផ្លូវច្បាប់​ណា​មួយ​នោះ​ទេ។ ជាង​នេះ​ទៀត ទឹកចិត្ត​របស់​សកម្មជន​ទាំងនោះ​ក៏​មិនមែន​ដើម្បី​បំផ្លាញ​ជាតិ​ក្នុង​រូបភាព​ណា​មួយ​នោះ​ដែរ។

កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អង្គការ​សមាគម​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ក្នុង​ការ​អភិរក្ស ថែរក្សា ការពារ​ធនធាន​ធម្មជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​ច្បាប់​ស្ដីពី​ព្រៃឈើ ជាដើម។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស