32.9 C
Phnom Penh

សមត្ថកិច្ច​បញ្ជូន​មន្ត្រី​ផ្កាយ​១​ម្នាក់​និង​យោធា​២​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចាប់​ខ្លួន​មន្ត្រី​យោធា​ចំនួន ៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក និង​ជួញដូរ​អាវុធ​ដោយ​ខុសច្បាប់​ស្ថិត​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សម្ដី​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា មន្ត្រី​យោធា ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩-២០ ខែ​វិច្ឆិកា នេះ មាន​ឈ្មោះ អូន ពិសិដ្ឋ ពាក់​ផ្កាយ​១ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ ហើយ​និង​អតីត​អនុប្រធាន​ផ្នែក​សឹក​រង​ម្នាក់ និង​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា​ធម្មតា។

ក្រោយ​ពី​ឃាត់​ខ្លួន​នោះ សមត្ថកិច្ច​បាន​បញ្ជូន​មន្ត្រី​យោធា​ទាំង ៣​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក និង​ជួញដូរ​អាវុធ​ដោយ​ខុសច្បាប់។

អាវុធ AK47 បង់​កាំភ្លើង AK និង​គ្រាប់ ដែល​ប្រទះ​ឃើញ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១។

កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មេបញ្ជាការ​នគរបាល​វរៈការពារ​ព្រំដែន​គោក សហការ​ជាមួយ​កម្លាំង​ខេមរភូមិន្ទ ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​រក​ឃើញ​អាវុធ​ចំនួន ៣៣​ដើម និង​បង់​គ្រាប់ ៤០​បង់​ក្នុង​ចម្ការ​មៀន​មួយ​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

ដោយឡែក​កាលពី​ខែ​តុលា ឆ្នាំ​២០២១ មេបញ្ជាការ​នគរបាល​វរៈការពារ​ព្រំដែន​គោក​លេខ​៨១៩ សហការ​ជាមួយ​កម្លាំង​ខេមរភូមិន្ទ ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​ប្រទះ​ឃើញ​អាវុធ​ជាង ៥០​ដើម ព្រមទាំង​បង់ និង​គ្រាប់​រាប់​រយ​គ្រាប់​ផ្សេងទៀត​នៅ​ចំណុច​អូរព្រំដែន ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស