26 C
Phnom Penh

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ UNHCR បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ខណៈ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ថា​ប្រទេស​ថៃ លែង​ជា​ទីជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ប្រឆាំង​បន្ត​ទៀត​ហើយ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន មិន​អាច​ការពារ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ជិតខាង​ឱ្យ​មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត បើ​ទោះបីជា​ពួកគេ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក៏ដោយ។

លោក​បន្ត​ថា ដោយសារតែ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន​រង​ការ​គំរាមកំហែង មិន​អាច​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​បាន ទើប​ពួកគេ​សម្រេច​ចិត្ត​ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង ដើម្បី​ប្រើ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញមតិ ដែល​មាន​ការ​ការពារ​ពី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន។ ប៉ុន្តែ​បើ UNHCR នៅតែ​បណ្ដោយ​ឱ្យ​មាន​បញ្ហា​នេះ​កើតមាន​ឡើង​បន្ត​ទៀត នោះ​សេរីភាព​សិទ្ធិមនុស្ស​នឹង​រង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ត្រូវតែ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ជន​ភៀសខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​សម្ដែង​មតិ​ដើម្បី​បម្រើ​សង្គម​ជាតិ។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក

កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ជន​ភៀសខ្លួន​នយោបាយ អ្នកស្រី ឡាញ់ ថាវរី ដែល​ជា​មេឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​នៅ​ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ និង​បាន​បញ្ជូន​ខ្លួន​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្រោយ​ពេល​អ្នកស្រី​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ ជាង ៤​ឆ្នាំ​កន្លង​ទៅ។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន អះអាង​តាម​បណ្ដាញ​តេឡេក្រាម​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ថា ប្រទេស​ថៃ លែង​ជា​ទីជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​បន្ត​ទៀត​ហើយ។

អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​បញ្ជូន​មក​កម្ពុជា​វិញ គឺជា​លទ្ធផល​នៃ​កិច្ចសហការ​ល្អ​រវាង​កម្ពុជា-ថៃ ព្រោះ​ថា​អ្នក​ដែល​ដើរ​តាម និង​ធ្វើ​សកម្មភាព​បម្រើ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ គឺជា​ជនល្មើស​ច្បាប់​ទាំងអស់។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា

ទោះជាយ៉ាងណា​ក៏ដោយ នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​សរសេរ​លើ​បណ្ដាញ Twitter របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា កន្លង​ទៅ​ថា រដ្ឋាភិបាល​ថៃ បាន​រំលោភ​កិច្ចការពារ​សិទ្ធិ​ជន​ភៀសខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្មាន​ភាព​អៀនខ្មាស។

កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក សុខ សុក្រឹត្យា បាន​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin ចាត់​វិធានការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​បាន​យក​ទឹកដី​ថៃ ធ្វើជា​ទីតាំង​រិះគន់ និង​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា។

គិត​ត្រឹម​ឆ្នាំ​២០២១ នេះ យ៉ាងហោចណាស់​មាន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ចំនួន ៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ រួម​ដៃ​គ្នា​ជាមួយ​សមត្ថកិច្ច​កម្ពុជា ធ្វើការ​ចាប់​ខ្លួន។

អ្នក​ទាំងនោះ​រួម​មាន៖

  • លោក រ៉ាត់ រ័ត្នមុនី ត្រូវ​កម្លាំង​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ចុង​ឆ្នាំ​២០១៨
  • លោក វឿន វាសនា សកម្មជន​ព្រៃឡង់ និង​សកម្មជន​បក្ស​ប្រឆាំង លោក រឿង សំណាង ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១
  • អ្នកស្រី ឡាញ់ ថាវរី ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា និង​បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២១
  • ហើយ​ចុងក្រោយ​គឺ​ការ​ចាប់​ខ្លួន​យុវជន ម៉ិច ហៀង នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពី​ខេត្ត​រ៉ាក់យ៉ង រួច​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​តែម្តង។

យុវជន​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ជា​អតីត​អ្នកទោស​នយោបាយ លោក អាន បឋម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក​កាន់តែ​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​លោក​ក្នុង​នាម​លោក​ក៏​ជា​ជន​ភៀសខ្លួន​គេច​ចេញពី​ការ​កោះហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ ករណី​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា។

លោក អាន បឋម យុវជន​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ជា​អតីត​អ្នកទោស​នយោបាយ

លោក​បន្ត​ថា ជន​ភៀសខ្លួន​កាន់តែ​មាន​ហានិភ័យ​នៃ​សុវត្ថិភាព​ខ្ពស់​បំផុត​ស្រប​ពេល​ដែល​សមត្ថកិច្ច​ខ្មែរ និង​សមត្ថកិច្ច​ថៃ សហការ​គ្នា​ចូល​ចាប់​ជន​ភៀសខ្លួន​ផ្នែក​នយោបាយ​រហូត​ដល់​ក្នុង​បន្ទប់ដេក​របស់​ពួកគេ​នោះ។

លោក អាន បឋម អះអាង​ថា លោក​កាន់តែ​មាន​ភាព​អស់សង្ឃឹម​សម្រាប់​សុវត្ថិភាព​របស់​លោក ដែល​សូម្បីតែ​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ UNHCR ក៏​តែងតែ​ទទួល​បាន​នូវ​ដំណឹង​ក្រោយ​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​បាន​សម្រេច​ហើយ​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស