27 C
Phnom Penh

គណបក្ស​បេះដូង​ជាតិ​ចាត់ទុក​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

បទវិភាគ

គណបក្ស​បេះដូង​ជាតិ ប្រតិកម្ម​ជា​ថ្មី​ទៀត​ដោយ​ចាត់ទុក​ការ​ទាត់​ចោល​សំណើ​សុំ​ចុះបញ្ជី​គណបក្ស​របស់​ខ្លួន ថា​ជា​រូបភាព​ថ្មី​ទៀត​នៃ​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ប្រឆាំង​អ្នក​ប្រជាធិបតេយ្យ។

នេះ​ជា​ប្រតិកម្ម​ផ្លូវការ​ជា​លើកដំបូង​របស់​ខ្លួន​ចាប់តាំង​ពី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ និង​ស្នើ​ឱ្យ​កែតម្រូវ​លក្ខន្តិកៈ​គណបក្ស​នយោបាយ​ថ្មោងថ្មី​នេះ​ជាបន្តបន្ទាប់​ក្នុង​ពេល​កន្លងទៅ។

លោក សៀម ភ្លុក បាន​ចេញ​លិខិត​ចំហ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ដោយ​ចាត់ទុក​ថា ខ្លួន​ពិតជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ មក​លើ​គណបក្ស​បេះដូង​ជាតិ។ ម្យ៉ាង​វិញ​ទៀត ការ​សំអាង​ហេតុ​ថា ស្នាម​មេដៃ​មាន​ភាព​មិន​ប្រក្រតី គឺ​គ្រាន់តែ​ជា​លេស​ក្នុង​ចេតនា​នយោបាយ​បំភិតបំភ័យ គំរាមកំហែង និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ ដែល​មាន​ទស្សនៈ​នយោបាយ​ផ្សេង​ពី​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ គណបក្ស​បេះដូង​ជាតិ ព្រមាន​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់។

ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា ខ្លួន​សម្រេច​បដិសេធ​ការ​សុំ​ចុះបញ្ជី​ជា​ផ្លូវការ​របស់ «គណបក្ស​បេះដូង​ជាតិ»។ ការ​សម្រេច​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ លើកឡើង​ថា «គណបក្ស​បេះដូង​ជាតិ» មាន​ចេតនា​ទុច្ចរិត តាមរយៈ​អនុញ្ញាត​ឱ្យ​មាន​អ្នក​ផ្ដិត​ស្នាមមេដៃ​ជំនួស ការ​ក្លែង​បន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​មេដៃ​ធ្វើ​ឱ្យ​ខូច​គុណភាព ដើម្បី​បង្កើន​ចំនួន​សមាជិក​ជាដើម។

ក្រសួង​មហាផ្ទៃ ថា​ខ្លឹមសារ​នៃ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នេះ​ទៀតសោត គឺ​ផ្ទុយ​ទៅ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ផង​ដែរ។ មិន​តែប៉ុណ្ណោះ មាន​ស្នាមមេដៃ​ជាច្រើន​របស់​អ្នកគាំទ្រ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ភាព​មិន​ត្រឹមត្រូវ និង​លួច​ក្លែង​បន្លំ។

បើ​ទោះ​ជា​បែប​ណា នៅ​ថ្ងៃ​ចន្ទ ទី​២២ វិច្ឆិកា នេះ គណបក្ស​បេះដូង​ជាតិ បញ្ជាក់​នៅ​ក្នុង​លិខិត​ផ្លូវការ​របស់​ខ្លួន​ថា ការ​រក​ឃើញ​មាន​ស្នាមមេដៃ​ខុស​ប្រក្រតី​ដោយ​ក្រសួង​មហាផ្ទៃ​នោះ វា​គ្រាន់តែ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

អ្នកវិភាគ​សង្គម និង​នយោបាយ លើកឡើង​ថា មូលហេតុ​សំខាន់​ដែល​ក្រសួង​មហាផ្ទៃ​បដិសេធ​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ នេះ គឺ​ពុំ​មែន​ព្រោះ​តែ​កំហុស​បច្ចេកទេស​ទេ។ ផ្ទុយទៅវិញ បញ្ហា​នេះ​មាន​ការ​សង្ស័យ​ថា គណបក្ស​បេះដូង​ជាតិ គឺ​មាន​លោក សម រង្ស៊ី ជា​តួអង្គ​សំខាន់​ដែល​ស្ថិត​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​មួយ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស