28 C
Phnom Penh

UNHCR ខកចិត្ត​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បំភ្លឺ​ជាបន្ទាន់​ពី​អាជ្ញាធរ​ថៃ ទាក់ទង​នឹង​ការ​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ ហើយ​និរទេស​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ជាង​នេះ​ទៅទៀត ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏​កំពុង​តាមដាន​ពី​ជោគវាសនា​របស់​អ្នក​ទាំងនោះ ក្រោយពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ពេលនេះ​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា UNHCR កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​និរទេស​ជនភៀសខ្លួន​បន្ត​ទៀត ព្រោះ​ថា​ពួកគេ​បាន​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត UNHCR ក៏​បាន​ដាស់តឿន​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាពិសេស​អាច​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​តាមដាន​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បញ្ជាក់​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​រួម​ទាំង​ប្រទេស​ថៃ ផង បញ្ឈប់​ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​ទឹកដី​ណា​ដែល​ជីវិត ឬ​សេរីភាព​របស់​ពួកគេ​នឹង​ត្រូវ​បាន​គំរាមកំហែង​បន្ត​ទៀត ត្បិត​ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​បង្ខំ​ដូច​រដ្ឋាភិបាល​ថៃ បាន​ធ្វើ​នៅ​ពេលនេះ គឺជា​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​លើ​ជនភៀសខ្លួន​នយោបាយ​ទាំងនោះ។

ការ​អះអាង​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ទៅ​កម្ពុជា​វិញ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​ជនភៀសខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ និង​អាជ្ញាធរ​កម្ពុជា សហការ​គ្នា​ចាប់​ខ្លួន​បញ្ជូន​ទៅ​កម្ពុជា​វិញ​ជាបន្តបន្ទាប់ ដូចជា​សកម្មជន​ព្រៃឡង់ លោក វឿន វាសនា សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឡាញ់ ថាវរី និង​បន្ត​ទៅ​ចាប់​ខ្លួន​យុវជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ លោក ម៉ិច ហៀង កាលពី​ថ្ងៃ​ចន្ទ ទី​២២ វិច្ឆិកា នេះ​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ខ្លួន​បាន​បង្កើត​ឡើង ដើម្បី​ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដូច​សព្វថ្ងៃ​នេះ​ទេ ព្រោះ​ថា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​សម្រាប់​ពលរដ្ឋ​ខ្មែរ គឺ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​រក្សា​សន្តិភាព សុវត្ថិភាព និង​យុត្តិធម៌​សង្គម​ជូន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា ការ​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​រដ្ឋាភិបាល​កម្ពុជា តាម​ចាប់​សកម្មជន​នយោបាយ​ដែល​បាន​ភៀស​ខ្លួន​នយោបាយ​បែប​នេះ នឹង​មិន​មាន​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ តែ​នឹង​បង្ក​ឱ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ និង​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ទៅវិញ​ប៉ុណ្ណោះ។

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​រហូត​ដល់​សព្វថ្ងៃ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ជាបន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​វាយដំ​ច្រំធាក់​ដែល​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ខ្លះ​ធ្លាក់​ខ្លួន​ពិការ និង​បាត់បង់​ជីវិត​ថែមទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស