31 C
Phnom Penh

អង្គការ​ជិត​៧០​ស្ថាប័ន​ថា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ប្រព័ន្ធ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ៧០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន​នៅ​កម្ពុជា បាន​លើកឡើង​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ប្រព័ន្ធ​តុលាការ ដែល​បាន​លម្អៀង​ទៅ​ខាង​និន្នាការ​នយោបាយ​បក្ស​កាន់​អំណាច។

អង្គការ​សមាគម​ការពារ​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា រួម​មាន​សមាគម​ដីធ្លី​ខេត្ត​កោះកុង សហព័ន្ធ​សហជីព CATU និង​សហភាព​ការងារ CLC ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​របស់​ខ្លួន ដើម្បី​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ចៀសវាង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែល​សិទ្ធិ​សេរីភាព​ពួកគេ​នៅតែ​រង​ការ​រឹតត្បិត​ដដែល​នោះ។

ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​បើក​លំហ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​លុប​ចោល​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ប្រាសចាក​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​ការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាដើម ត្បិត​ច្បាប់​ទាំងនេះ​គឺ​មាន​ចេតនា​រារាំង​ដល់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ខ្លាំងក្លា។

អង្គការ​សមាគម​ខាងលើ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ចូលរួម​ជីវភាព​នយោបាយ និង​សិទ្ធិ​ជ្រើសរើស​អ្នក​ដឹកនាំ​ដែល​ពួកគេ​ពេញចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ច្បាប់​ដែល​គេ​មើល​ឃើញ​ថា​មាន​ខ្លឹមសារ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ប្រើ​យ៉ាង​សកម្ម​ក្នុង​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ពេញ​ប្រទេស​កម្ពុជា​តែម្តង។

របាយការណ៍​សង្គម​ស៊ីវិល​កាលពី​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញ​ថា សកម្មជន​នយោបាយ សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ត្រូវ​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​មាន​ចំនួន​ជាង ៦០​នាក់​ហើយ​នៅ​ពេលនេះ ខណៈ​សកម្មជន​សង្គម​ដែល​ត្រូវ​បាន​ដោះលែង​ខ្លះ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ ក៏​មិនទាន់​មាន​សេរីភាព​ពេញលេញ​ដែរ ព្រោះ​ការ​ដោះលែង​នោះ​គ្រាន់តែ​ជា​ការ​ព្យួរ​ទោស​ប៉ុណ្ណោះ មិនមែន​ជា​ការ​រួច​ពី​ទោស​ដែល​តុលាការ​បាន​ចោទប្រកាន់​នោះ​ឡើយ។

អគ្គហិរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា នេះ​ថា លោក​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ។

លោក​បន្ត​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​ខាង​មុខ ដូច្នេះ​ដើម្បី​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំងនោះ ព្រោះ​ថា​ការ​បន្ត​រឹតត្បិត​សេរីភាព​របស់​ពួកគេ និង​ពលរដ្ឋ​ខ្មែរ ជាពិសេស​ការ​បន្ត​រឹតត្បិត​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដូច​សព្វថ្ងៃ​នេះ មិន​មាន​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ គឺ​មាន​តែ​ទទួល​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ។

លោក​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ បន្ត​តាមដាន និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​អ្នក​សារព័ត៌មាន ជាដើម ដើម្បី​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំងនោះ​ឱ្យ​បាន​ឆាប់ៗ ត្បិត​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស