26 C
Phnom Penh

លោក ជាម យៀប ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ជា​ផ្លូវការ​ដោយ​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច

បទវិភាគ

រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បោះឆ្នោត​អនុម័ត​ជ្រើសតាំង​លោក ជាម យៀប ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ វិច្ឆិកា។

សមាជិក​សភា​ដែល​មកពី​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ចំនួន ១០៧​នាក់ បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​លើក​ទី​៦ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​សម្រេច​ជា​ឯកច្ឆន្ទ​បោះឆ្នោត​ជ្រើសតាំង​លោក ជាម យៀប ដែល​កំពុង​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជាតិ​ហើយ​នៅ​ពេលនេះ។

រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បោះឆ្នោត​ជ្រើសតាំង​លោក ឈាង វុន ជា​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក ជៀប ស៊ីវន ជា​សមាជិក​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ការ​សម្រេច​ផ្ដល់​សុពលភាព​ដល់​លោក អ៊ុន ប៊ុនហាន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ ជំនួស​លោក ងួន ញ៉ិល ផង​ដែរ។

ការ​អនុម័ត​របស់​រដ្ឋសភា​កម្ពុជា​នេះ ធ្វើឡើង​ដើម្បី​ឱ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ខ្លួន​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​ដំណើរការ​ត្រឹមត្រូវ ក្រោយពី​អវត្តមាន​អនុប្រធាន​ទី​១​នៃ​ស្ថាប័ន​នេះ​មួយ​រយៈពេល​កន្លងទៅ​នោះ។

លោក ជាម យៀប គឺជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​កាន់​អំណាច ហើយ​បច្ចុប្បន្ន​នេះ​លោក​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​ខេត្ត​ព្រៃវែង របស់​បក្ស​កាន់​អំណាច​តាំងពី​ឆ្នាំ​១៩៩៣ មក​ផង​ដែរ ខណៈ​តួនាទី​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​នៅ​ពេលនេះ គឺជា​តំណែង​បន្ថែម​ពី​លើ​តំណែង​ដែល​លោក​មាន​ស្រាប់​ក្នុង​បក្ស​កាន់​អំណាច​កន្លងមក។

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា មន្ត្រី​បក្ស​កាន់​អំណាច​ដែល​កំពុង​កាន់​អំណាច​ក្នុង​ស្ថាប័ន​ធំៗ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​បាន​គិតគូរ​ពី​ផលប្រយោជន៍​របស់​ពលរដ្ឋ​ទេ គឺ​គិតតែ​ប្រព្រឹត្ត​អំពើពុករលួយ និង​ចង​បណ្ដាញ​បក្ខពួក​ដើម្បី​ជំរុញ​ឱ្យ​សាច់ញាតិ​ខ្លួនឯង​ឡើង​កាន់​តំណែង​ធំៗ​ក្នុង​ជួរ​មន្ត្រី​រាជការ​តែប៉ុណ្ណោះ។

ក្នុង​នោះ គេ​រក​ឃើញ​ថា កូនប្រុស​លោក ជាម យៀប កំពុង​កាន់​តួនាទី​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ គឺ​លោក ជាម ច័ន្ទសោភ័ណ្ឌ និង​កូនប្រសា​ម្នាក់​ទៀត​មាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ គឺ​លោក គឹម សន្តិភាព ដោយឡែក​កូនប្រសា​របស់​លោក​ម្នាក់​ផ្សេង​ទៀត​មាន​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន លី ឈួន ដែល​តែងតែ​ទទួល​បាន​សិទ្ធិ​ម៉ៅការ​សំណង់​ស្ទើរ​គ្រប់​អគារ​រដ្ឋ រួម​ទាំង​អគារ​រដ្ឋសភា​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​រក​ឃើញ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ជាម យៀប យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ថែមទៀត​ផង។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ​ថា ការ​ជ្រើសរើស​លោក ជាម យៀប មក​ធ្វើជា​អនុប្រធាន​ទី​១​រដ្ឋសភា​នេះ គឺ​គ្រាន់តែ​ជា​ការ​ជ្រើសរើស​បុគ្គល​ស័ក្ដិសម​ម្នាក់​របស់​គណបក្ស​កាន់​អំណាច មក​កាន់​តំណែង​នេះ​តែប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ជា​ការ​កែទម្រង់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ជាតិ និង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​នោះ​ទេ។

លោក ហ៊ុន កុសល អះអាង​ថា រដ្ឋសភា​ជាតិ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិនមែន​ជា​រដ្ឋសភា​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ឡើយ ដូច្នេះ​ស្ថាប័ន​ជាតិ​មួយ​នេះ​មាន​តួនាទី​រង់ចាំ​តែ​ធ្វើ​ច្បាប់​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច ដើម្បី​បង្កើន​សម្ពាធ​ដល់​និន្នាការ​ប្រឆាំង និង​ជួយ​បិទបាំង​ទង្វើ​អាក្រក់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

មក​ទល់នឹង​ម៉ោង​ផ្សាយ​នេះ សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក ជាម យៀប ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ជ្រើសរើស​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ទី​១​នៃ​រដ្ឋសភា​ឯក​បក្ស​របស់​លោក ហ៊ុន សែន នេះ​បាន​នៅឡើយ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស