31 C
Phnom Penh

HRW ជំរុញ​ប្រទេស​ជា​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​និង​អឺរ៉ុប​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​ក្នុង​តំបន់ ឱ្យ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ស្រប​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ ASEM លើក​ទី​១៣ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឱ្យ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ឱ្យ​បាន​ហ្មត់ចត់​ជា​ទីបំផុត។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ កំពុង​វិវឌ្ឍ​កាន់តែ​អាក្រក់​ទៅៗ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មាន​ការ​កាត់ក្តី​ទាំង​អយុត្តិធម៌​លើ​សកម្មជន​បក្ស​ប្រឆាំង ការ​គាបសង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រឹតត្បិត​សកម្មភាព​សង្គម​ស៊ីវិល​ផង​ដែរ។

អង្គការ Human Rights Watch រិះគន់​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ហ៊ុន សែន ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ កាលពី​ពេល​ថ្មីៗ​នេះ រឹត​តែ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ប្រើ​អំណាច​ដោយ​បំពាន​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ កាន់តែ​ច្បាស់​ក្នុង​ការ​រំលោភ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ។

នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ ASEM លើក​ទី​១៣ ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ៥១​រូប ក្នុង​នោះ​រួម​មាន​ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង អធិការបតី​របស់​អាល្លឺម៉ង់ អ្នកស្រី អង់ហ្គេឡា ម៉ាគែល នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា ជាដើម ប៉ុន្តែ​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​មិន​បាន​លើកឡើង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា​នោះ​ទេ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន គំរាម​ថា លោក​នឹង​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ឱ្យ​រលាយ​រលត់​ពី​ផែនដី ដើម្បី​ការពារ​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ករណី​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ការ​គំរាមកំហែង​របស់​បក្ស​កាន់​អំណាច​រូប​នេះ គឺជា​ចេតនា​ដើម្បី​ការពារ​អំណាច​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​បាន​យក​ពាក្យ​ការពារ «សន្តិភាព» មក​បាំង​ពី​មុខ​បំណង​អាក្រក់​របស់​ខ្លួន​ទៅវិញ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​២០១៧ មក ក្នុង​នោះ​សកម្មជន​នយោបាយ សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង ៦០​នាក់​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ជាបន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលន​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ​ថា សំណើ​របស់ Human Rights Watch ពិតជា​ត្រឹមត្រូវ​ចំ​នឹង​ស្ថានភាព​កម្ពុជា​ជាក់ស្ដែង ក្នុង​ការ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ស្ដីបន្ទោស និង​សង្កត់​ឲ្យ​ធ្ងន់ៗ​ចំ​មុខ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​មិន​ពេញ​ច្បាប់​សព្វថ្ងៃ​នេះ។

លោក គឹម សុខ អះអាង​ថា ការ​លើកឡើង​របស់ Human Rights Watch ជា​ការ​ដាស់​ស្មារតី​អ្នក​ដែល​ចង់​បាន​ប្រជាធិបតេយ្យ​ជា​រួម ថា​ទោះ​នៅ​កម្រិត​អន្តរជាតិ ឬ​ថ្នាក់​ផ្ទៃក្នុង​ជាតិ​ក៏ដោយ សកម្មភាព​គឺជា​ការ​ចាំបាច់​ណាស់​ក្នុង​ការ​ប្រើ​សិទ្ធិ​ទាមទារ​យុត្តិធម៌ ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​សិទ្ធិ​នយោបាយ និង​ការ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ស្រប​ពេល​ដែល​មាន​ការ​ជំរុញ​កាន់តែ​ច្រើន​ពី​អង្គការ​អន្តរជាតិ និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នានា ក្រុម​អ្នក​ដឹកនាំ​នយោបាយ​និន្នាការ​ប្រជាធិបតេយ្យ​នានា គួរតែ​នាំគ្នា​ចេញ​តវ៉ា​តាម​ផ្លូវ​ជា​ទ្រង់ទ្រាយ​មហាជន ពីព្រោះ​ការ​ស្នើ​តែ​មួយ​ច្រក​ទៅ​កាន់​លោក ហ៊ុន សែន ពុំ​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ធំដុំ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស