អង្គការអន្តរជាតិ Frontline Defenders ឬអង្គការអ្នកការពារឈានមុខ បានផ្តល់ការលើកទឹកចិត្តដល់សកម្មជនអង្គការចលនាមាតាធម្មជាតិនៅកម្ពុជា នូវពានរង្វាន់ដែលមានឈ្មោះថា Frontline Defenders Award ឬអ្នកការពារជួរមុខសម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Dubline ប្រទេសអៀរឡង់។
អង្គការអន្តរជាតិ Frontline Defenders បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Dubline កាលពីថ្ងៃពុធ ទី២៤ វិច្ឆិកា ថា អង្គការមាតាធម្មជាតិ គឺជាចលនាការពារបរិស្ថាននៅកម្ពុជា ដែលតស៊ូមតិ និងធ្វើយុទ្ធនាការនៅក្នុងស្រុក និងអន្តរជាតិ សម្រាប់ការអភិរក្ស ផ្សព្វផ្សាយ និងការពារបរិស្ថានធម្មជាតិដែលកំពុងរងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង។
ប្រភពដដែលបានអះអាងថា អង្គការមាតាធម្មជាតិកម្ពុជាបានផ្តល់ឱកាសសម្រាប់អ្នកការពារបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសហគមន៍ជនជាតិដើមភាគតិច ជាដើម ដើម្បីឱ្យពួកគេអាចចូលរួមផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង អប់រំ និងផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋតាមរយៈផ្តល់ការបណ្តុះបណ្តាល និងជំនួយផ្សេងៗដល់ពួកគេ ក្នុងគោលដៅការពារធនធានធម្មជាតិខ្មែរឱ្យបានគង់វង្ស និងមានប្រសិទ្ធភាពខ្ពស់។
អង្គការអន្តរជាតិ Frontline Defenders ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Dubline ប្រទេសអៀរឡង់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសផ្តល់ពានរង្វាន់អ្នកការពារជួរមុខឆ្នាំ២០២១ ឬ Frontline Defenders 2021 ដល់អង្គការសមាគមចំនួន ៦ ដែលមកពីបណ្តាប្រទេសនានាលើពិភពលោក ដូចជាប្រទេសប្រេស៊ីល និងប្រទេសព័រទុយហ្គាល់ ជាដើម ក្នុងនោះសកម្មជនអង្គការចលនាមាតាធម្មជាតិរបស់កម្ពុជា ក៏ទទួលបានពានរង្វាន់ជួរមុខនៃការតស៊ូដើម្បីយុត្តិធម៌ ពូជសាសន៍ និងបរិស្ថាននេះដែរ។
អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ប៉ុន្តែអង្គការនេះត្រូវបានក្រសួងមហាផ្ទៃលុបចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។
យ៉ាងណាក៏ដោយ សកម្មជន និងស្ថាបនិករបស់អង្គការនេះតែងតែរងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលកម្ពុជាឥតឈប់ឈរ។
សកម្មជនអង្គការមាតាធម្មជាតិដែលអាជ្ញាធរកំពុងឃុំខ្លួនសព្វថ្ងៃនេះរួមមាន កញ្ញា ស៊ុន រដ្ឋា លោក លី ច័ន្ទតារាវុធ និងលោក សេត ឈីវលីម៉េង។ ដោយឡែកលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ទើបនឹងចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ ខណៈស្ថាបនិកអង្គការនេះ គឺលោក Alexandro Gonzalez Davidson ជនជាតិអេស្ប៉ាញ ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន បណ្តេញចេញ និងហាមមិនឱ្យចូលកម្ពុជាវិញជាដាច់ខាត កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ។
អ្នករាយការណ៍ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បានសរសេរលើទំព័រ Facebook របស់ខ្លួនបន្ទាប់ពីការប្រកាសផ្តល់ពានរង្វាន់របស់អង្គការ Frontline Defender ថា លោកសូមអបអរសាទរដល់អង្គការមាតាធម្មជាតិកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាសាកលនៃការងាររបស់ពួកគេ។ ជាងនេះទៀត លោកអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងសកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិទាំងអស់ និងសកម្មជនដទៃទៀត ដើម្បីផ្តល់សិទ្ធិសេរីភាព និងយុត្តិធម៌ជូនពួកគេវិញ។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ វិច្ឆិកា នេះថា លោកសូមអបអរសាទរសកម្មជនបរិស្ថានរបស់អង្គការចលនាមាតាធម្មជាតិ ដែលទទួលបានពានរង្វាន់អ្នកការពារជួរមុខឆ្នាំ២០២១ នេះ ដែលបង្ហាញឱ្យឃើញថា កិច្ចការពារបរិស្ថានរបស់ពួកគាត់មិនត្រូវបានធ្វើព្រងើយកន្តើយពីសហគមន៍អន្តរជាតិនោះទេ ដែលផ្ទុយស្រឡះពីរដ្ឋាភិបាលកម្ពុជាដែលតែងព្យាយាមបំបិទសិទ្ធិសេរីភាពរបស់អ្នកទាំងនោះ។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទលើសកម្មជនអង្គការមាតាធម្មជាតិទាំងអស់ដោយឥតលក្ខខណ្ឌ ដើម្បីស្ដារមុខមាត់របស់កម្ពុជា ស្របពេលដែលខ្លួននឹងធ្វើជាគំរូដឹកនាំអាស៊ានឆ្នាំ២០២២ ខាងមុខនេះ៕