34 C
Phnom Penh

លីកាដូ៖ ការ​បៀតបៀន​តាម​អ៊ីនធឺណិត​កំពុង​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​រក​ឃើញ​ថា ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុងតែ​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ។

ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ ធ្វើឡើង​តាមរយៈ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ស្ដីពី «បច្ចុប្បន្នភាព​ស្ថានភាព​នៃ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា» ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នេះ។

ក្នុង​របាយការណ៍​នេះ អង្គការ​លីកាដូ បាន​ឱ្យ​និយមន័យ​ចំពោះ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​ថា ជា​សកម្មភាព​ទាំងឡាយ​ដែល​ស្ដែង​ចេញ ឬ​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់ ឬ​រងគ្រោះ​ផ្នែក​រូប​រាងកាយ ផ្លូវចិត្ត ផ្លូវ​ភេទ និង​ផ្នែក​សង្គម ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទូរស័ព្ទ​ចល័ត និង​ទូរស័ព្ទ​ឆ្លាតវៃ (Smart Phone) ឬ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​បែប​ទូលំទូលាយ​ផ្សេង​ទៀត។

របាយការណ៍​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​លីកាដូ ដែល​ធ្វើ​ការ​ស្ទង់មតិ​លើ​ពលរដ្ឋ​ជាង ៧០០​នាក់ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត មិន​អាច​ការពារ​អ្នក​ប្រើប្រាស់​បាន​គ្រប់គ្រាន់​នោះ​ទេ។ ក្រៅពី​មិន​អាច​ការពារ​នោះ ថែមទាំង​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បន្ថែម​ទៀត។

លើស​ពី​នេះ អាជ្ញាធរ​រដ្ឋ​មួយ​ចំនួន ក៏​ជា​អ្នក​ប្រព្រឹត្តិ​សកម្មភាព​រំលោភបំពាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​ផង​ដែរ ដែល​ភាគច្រើន​តែងតែ​គំរាមកំហែង ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​អ្នក​ទាំងនោះ​គ្រាន់តែ​បញ្ចេញមតិ​របស់​ពួកគេ​លើ​បណ្ដាញ​សង្គម។

អង្គការ​នេះ​រក​ឃើញ​ថា ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​បន្ថែម​ទៀត ដោយ​ក្នុង​នោះ​ជាង​មួយ​ភាគ​បី ឬ ៣៨% នៃ​អ្នក​ចូលរួម​ស្ទង់មតិ ធ្លាប់​ទទួល​រង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ ជាពិសេស​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា យុវជន និង​សកម្មជន​សិទ្ធិមនុស្ស​ជា​ក្រុម​មនុស្ស​ដែល​ទទួល​រង​ការ​រំលោភបំពាន​ខ្លាំង​ជាងគេ។

ស្ត្រី​ចំនួន ២០% ដែល​បាន​ចូលរួម​ស្ទង់មតិ បាន​និយាយ​ថា ពួកគេ​ធ្លាប់​ទទួល​រង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ។

នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម​គួរតែ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ការ​បញ្ចេញ​គំនិត ទទួល​បាន​ព័ត៌មាន និង​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា។ ក៏ប៉ុន្តែ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ លោក​ថា​កំពុង​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនោះ។ លើស​ពី​នេះ ទំហំ​នៃ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​រំលោភបំពាន​នេះ មិនមែន​មាន​ត្រឹមតែ​នៅ​លើ​កញ្ចក់​ទូរស័ព្ទ​វៃឆ្លាត​នោះ​ទេ។

លោក​បន្ត​ថា ពលរដ្ឋ​ដែល​ធ្លាប់​ទទួល​រង​ការ​រំលោភបំពាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជះ​ផល​អវិជ្ជមាន​ជាច្រើន ដូចជា​ការ​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង មាន​បញ្ហា​ជាច្រើន​ជាមួយ​មិត្តភ័ក្ដិ ឬ​សហគមន៍ ការ​បង្ក​អំពើ​ហិង្សា​លើ​រូប​រាងកាយ ការ​មាន​គំនិត​ចង់​សម្លាប់​ខ្លួន និង​ផលវិបាក​ផ្សេងៗ​ទៀត។

អង្គការ​លីកាដូ ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ហើយ​ដោះលែង​ឱ្យ​បាន​ឆាប់​រហ័ស និង​គ្មាន​លក្ខខណ្ឌ​ចំពោះ​សកម្មជន និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយសារ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​នា​ពេល​កន្លងមក បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ស្ត្រី​ភេទ ដោយសារ​ជម្រើស​នៃ​សម្លៀកបំពាក់ ឬ​ការ​សម្ដែង​មតិ​របស់​ពួកគេ​លើ​ប្រព័ន្ធ​អនឡាញ ព្រមទាំង​បញ្ឈប់​ការ​តាមដាន​លើសលប់ និង​គ្មាន​តម្លាភាព ជាដើម។

លីកាដូ លើកឡើង​ថា ច្បាប់​មួយ​ចំនួន​ដែល​ទើប​នឹង​អនុម័ត បាន​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ​កាន់តែ​ខ្លាំង​ក្នុង​ការ​ត្រួតពិនិត្យ ចាប់​ពិរុទ្ធ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។

លីកាដូ ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​និរាករណ៍ ឬ​ធ្វើ​វិសោធនកម្ម​មាត្រា​ច្បាប់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ទូលំទូលាយ និង​ស្រពេចស្រពិល ហើយ​ទាមទារ​ឱ្យ​អនុវត្ត​ក្រមព្រហ្មទណ្ឌ​ស្រប​តាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​មាត្រា​ច្បាប់​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍ បទ​ជេរប្រមាថ​ជា​សាធារណៈ បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស