29.3 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រឹបអូស​ដី​ជាង​២​ពាន់​ហិកតារ​របស់​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ការងារ​ចម្រុះ​មួយ​ក្រុម​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា និង​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ចេញ​នូវ​ផែនការ​ភ្លាមៗ​របស់​ខ្លួន​ក្រោយពី​មាន​ប្រតិកម្ម​របស់​លោក ហ៊ុន សែន។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា សារ​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។ តាមរយៈ​សារ​សំឡេង​នេះ លោក​បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ព្រមទាំង​ស្ថាប័ន​កងរាជ​អាវុធហត្ថ និង​នគរបាល​ផង ត្រូវ​ចុះ​អនុវត្ត​ដកហូត​ដី​ព្រៃលិចទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា

ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រឹបអូស​ដី​ព្រៃលិចទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​ពី​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ហើយ​ដី​នេះ​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ ក្រោយពី​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​របាយការណ៍​ស្ដីពី​ទំហំ​ព្រៃលិចទឹក​នៅ​តាម​ដង​ទន្លេសាប ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​អស់​រាប់​ម៉ឺន​ហិកតារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ផែនទី​តំបន់​ព្រៃលិចទឹក​នៅ​បឹង​ទន្លេសាប ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ស្ដីពី​វិធានការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​តំបន់​បឹង​ទន្លេសាប ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅ​សាលា​ខេត្ត​កំពង់ធំ។

ប៉ុន្តែ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ និង​លើក​កម្ពស់​លើ​វិស័យ​ដីធ្លី ចាត់ទុក​ថា​នេះ​ជា​ការ​បរាជ័យ​មួយ​ដ៏​ធំ​របស់​ក្រសួង​សាមី និង​ជំនាញ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល។

ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​រិះគន់​ថា ក្រៅពី​ក្រសួង​ដែល​ទទួល​បន្ទុក​ដីធ្លី និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​ហើយ នៅ​មាន​អង្គភាព​ចំណុះ​ជាច្រើន​ទៀត​រាប់​មិន​អស់​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង ប៉ុន្តែ​ផ្ទុយទៅវិញ ស្ថាប័ន​ទាំងនោះ​មិន​ចេះ​ធ្វើ​អ្វី រង់ចាំ​តែ​នាយករដ្ឋមន្ត្រី​ស្រែក​បញ្ជា ទើប​អនុវត្ត​តាម​អនុសាសន៍។

មិន​តែប៉ុណ្ណោះ មាន​របាយការណ៍​ជាច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​ពី​ទំហំ​នៃ​ការ​បាត់បង់​ដី​ព្រៃលិចទឹក​នៅ​តាម​ដៃ​ទន្លេសាប ប៉ុន្តែ​គេ​កម្រ​ឃើញ​ស្ថាប័ន​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ទាំងនោះ​បើក​ការ​ស៊ើបអង្កេត​ម្តង​ណា​ឡើយ។ ផ្ទុយ​មកវិញ មាន​តែ​ប្រតិកម្ម​ប្រឆាំង​ការ​ចុះផ្សាយ និង​របាយការណ៍​ស្រាវជ្រាវ​របស់​សង្គម​ស៊ីវិល​ទាំងនោះ​ទៅវិញ​ថែម​ទៀត​ផង។

អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែល​ទើប​ចាកចេញ​ពី​តំណែង​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ត្រូវ​គេ​រក​ឃើញ​ថា​បាន​កាប់​ឆ្ការ និង​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តាម​ដៃ​ទន្លេសាប​អស់​ប្រមាណ ២​ពាន់​ហិកតារ។ បច្ចុប្បន្ន លោក ឈួរ ច័ន្ទឌឿន គឺជា​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​នៅឡើយ​ទេ​ពី​លោក ឈួរ ច័ន្ទឌឿន។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​តែងតាំង​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​រឿង​អាស្រូវ​ការ​ទន្ទ្រាន​គម្រប​ដី​ព្រៃលិចទឹក​ដែល​ជា​តំបន់​ត្រូវ​អភិរក្ស​តាម​បឹង​ទន្លេសាប ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

មក​ដល់​ពេលនេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជោគវាសនា​របស់​លោក ឈួរ ច័ន្ទឌឿន នឹង​ត្រូវ​ទៅ​ជា​យ៉ាង​ណា​នៅឡើយ​ទេ ក្រោយពី​លោក ហ៊ុន សែន អះអាង​ថា​ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏ដោយ ត្រូវ​អនុវត្ត​ផែនការ​នេះ​ឱ្យ​បាន​សម្រេច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស