34.8 C
Phnom Penh

លោក កឹម សុខា ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និង​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សម្ដែង​នូវ​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និង​បុត្រា​បុត្រី ព្រមទាំង​សមាជិក​សមាជិកា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ពេលនេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ថ្វាយ​សារ​រំលែក​ទុក្ខ​ក្រៀមក្រំ​ដល់​ព្រះជាយា បុត្រា​បុត្រី និង​សមាជិក​គណបក្ស​ទាំងអស់​ដែល​សម្តេច​ក្រុមព្រះ​ដែល​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​យាង​ចូល​ទិវង្គត​ដោយសារ​រោគាពាធ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

លោក កឹម សុខា លើកឡើង​ថា ការ​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គ គឺជា​ការ​បាត់បង់​នូវ​សសរទ្រូង​ជាតិ​ក្នុង​នាម​ជា​មេដឹកនាំ​គណបក្ស​មួយ​អង្គ និង​ជា​ស្វាមី ព្រមទាំង​ជា​ព្រះ​បិតា​ដែល​ជា​ទី​គោរព​ស្រឡាញ់​ផង​ដែរ។ លោក​បួងសួង និង​ថ្វាយ​កុសល​សូម​ឱ្យ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​យាង​ទៅ​កាន់​សុគតិភព និង​ទី​ឋាន​ដ៏​ខ្ពង់ខ្ពស់។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា​ដោយ​រោគាពាធ​នៅ​ឯ​ប្រទេស​បារាំង។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះ​ដែរ​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​មេដឹកនាំ​ចលនា​តស៊ូ​មួយ​អង្គ​ជា​ទី​គោរព ហើយ​លោក​ក៏​សូម​សម្ដែង​ការ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​ដែរ។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា ដើម្បី​ទាញ​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពី​ឆាក​នយោបាយ លោក សម រង្ស៊ី បាន​សហការ​គ្នា​ជាមួយ​លោក ហ៊ុន សែន កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ​ជា ៥០​ភាគរយ​បូក​១ ក្នុង​បំណង​ផ្តល់​ឱកាស​ឱ្យ​បក្ស​កាន់​អំណាច​បញ្ចប់​ជីវិត​នយោបាយ​របស់​ព្រះអង្គ​រហូត​ដល់​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នេះ​ថា មាន​អាថ៌កំបាំង​ច្រើន​ណាស់​នៅ​ពីក្រោយ​សកម្មភាព​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុង​គ្រា​ដែល​ព្រះអង្គ​ប្រឡូក​ក្នុង​ឆាក​នយោបាយ ដែល​ព្រះអង្គ​បាន​រារាំង​មិន​ឱ្យ​មាន​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ពី ២​ភាគ​៣ ទៅ​ជា ៥០​ភាគរយ​បូក​១ ដែល​ជា​ការ​ឃុបឃិត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​អំឡុង​ឆ្នាំ​២០០៦។

អ្នកវិភាគ​រូប​នេះ​រំឭក​បន្ទូល​របស់​សម្តេច​ក្រុមព្រះ​ថា ព្រះអង្គ​ធ្លាប់​បាន​បញ្ជក់​ថា បើ​ទប់ស្កាត់​នូវ​ផែនការ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ក្នុង​ការ​កែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ពី ២​ភាគ​៣ ទៅ​ជា ៥០​ភាគរយ​បូក​១ មិន​បាន​ទេ កុំ​ថា​ឡើយ​កោះត្រល់​ដែល​យើង​មិន​អាច​រក្សា​ឱ្យ​គង់វង្ស សូម្បីតែ​ទឹកដី​កម្ពុជា​កណ្ដាល​បច្ចុប្បន្ន​នេះ ក៏​មិន​អាច​រក្សា​បាន​ដែរ ហើយ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រវត្តិសាស្ត្រ​ទៅ​ថ្ងៃ​អនាគត។

លោក គឹម សុខ អះអាង​ថា សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ពន្យល់​ផ្ទៃក្នុង​ចំនួន ២​ចំណុច៖

  • ចំណុច​ទី​១ បើ​ព្រម​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​តាម​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អាច​ទាមទារ​ឲ្យ​សម្ដេច ហ៊ុន សែន រក្សា​រូបមន្ត ២/៣ រូបមន្ត​នេះ​ជា​គន្លឹះ​ទប់​កម្ពុជា​ពី​ការ​ធ្លាក់​ទៅ​ក្នុង​គ្រោះថ្នាក់​នៃ​អំណាច​ផ្ដាច់ការ​ដាច់​បង្ហៀរ។ ទោះ​យើង​អាច​របូត​កោះត្រល់​ទៅ​ខាង​វៀតណាម​គ្រប់គ្រង​មែន តែ​យើង​អាច​នៅ​មាន​ឱកាស​រក្សា​ទឹកដី​កម្ពុជា​កណ្ដាល​បាន ព្រោះ​គណបក្ស​ប្រជាជន ក្រោម​រូបមន្ត ២/៣ មិន​អាច​រក​សំឡេង​គ្រប់​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ។ យើង​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅតែ​ពី​ការ​ប្រឹងប្រែង​ទប់ស្កាត់​ស្ថានការណ៍​អាក្រក់​បំផុត​ចំពោះ​ប្រទេស​ជាតិ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
  • ចំណុច​ទី​២ បើ​ទប់ស្កាត់​មិន​បាន​នូវ​ផែនការ​របស់​សម្ដេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី ដែល​នឹង​អាច​ត្រូវរ៉ូវ​គ្នា​កែ​ពី​រូបមន្ត ២/៣ ទៅ​ជា ៥០%+១ ពេល​នោះ កុំ​ថា​ឡើយ​កោះត្រល់​ដែល​យើង​មិន​អាច​រក្សា​គង់ គឺ​សូម្បីតែ​ទឹកដី​កម្ពុជា​កណ្ដាល​បច្ចុប្បន្ន ក៏​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ក្រោយ​ពី​ការ​កែ​ពី ២/៣ ទៅ ៥០%+១ ហើយ សម្ដេច ហ៊ុន សែន អាច​ធ្វើ​អ្វី​ក៏​បាន ទាំង​ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម ច្បាប់​ពាក់ព័ន្ធ ការ​បោះ​បង្គោល​ព្រំដែន និង​ការ​សម្រួល​ដល់​អន្តោប្រវេសន៍​ខុសច្បាប់​ជិតខាង។

នៅ​ក្នុង​ការ​ជជែក​ផ្ទៃក្នុង​នោះ ក៏​មាន​មន្ត្រី​ខ្លះ​សួរ​សម្ដេច​ក្រុមព្រះ​ថា ចុះ​បើ​សម្ដេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី នៅតែ​សហការ​គ្នា​កែ​រូបមន្ត​ទៅ​ជា ៥០%+១ តើ​ហ៊្វុនស៊ិនប៉ិច គិត​យ៉ាង​ណា?

ព្រះអង្គ​ឆ្លើយ​ថា «ខ្ញុំ​ក៏​បាន​សួរ​ខ្លួនឯង​ដូច្នេះ​ដែរ ប៉ុនែ្ត​តើ​យើង​មាន​ជម្រើស​ណា​ល្អ​ជាង​នេះ? តើ​យើង​ត្រូវ​យល់ព្រម​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​តាម​គណបក្ស​ប្រជាជន ដើម្បី​ទាមទារ​ឲ្យ​សម្ដេច ហ៊ុន សែន រក្សា​រូបមន្ត ២/

សម្តេច​ក្រុមព្រះ​មាន​បន្ទូល​ទៀត​ថា «បើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី នៅតែ​ត្រូវ​គ្នា​ក្នុង​ការ​ដូរ​រូបមន្ត ២/៣ ទៅ ៥០%+១ គឺ​មាន​តែ​ឲ្យ​គណបក្ស​ទាំង​ពីរ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ​លើ​លទ្ធភាព​មហន្តរាយ​កម្ពុជា​កណ្ដាល​ទៅ នៅ​ថ្ងៃ​អនាគត​ចុះ»

លោក គឹម សុខ សរសេរ​ថា មាន​រឿង​ជាច្រើន​ត្រូវ​មនុស្ស​មួយ​ចំនួន​ប្រតិដ្ឋ​ឡើង ដើម្បី​មួលបង្កាច់​ទ្រង់​ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់​ពួកគេ ប៉ុន្តែ​សង្គម​នយោបាយ​គឺ​បែប​នេះ​ហើយ បើ​ព្រះអង្គ​មិន​ក្លាហាន នោះ​ល្បែង​មួលបង្កាច់​លាប​ពណ៌​ប្រាកដជា​គ្រប​លប់ ហើយ​បង្កើត​ការ​យល់​ច្រឡំ។

ជា​ចុងក្រោយ លោក គឹម សុខ បួងសួង​សូម​ឲ្យ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​យាង​ទៅ​កាន់​សុគតិភព​កុំបីខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស