27.5 C
Phnom Penh

ក្រសួង​ព្រមាន​ចាត់​វិធានការ​ប្រមូល​ពន្ធ​យានយន្ត​គ្រប់​ប្រភេទ​តាម​ដង​ផ្លូវ​សម្រាប់​ឆ្នាំ​២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ព្រមាន​ម្ចាស់​យានយន្ត​ឱ្យ​នាំគ្នា​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​របស់​ខ្លួន​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នេះ​ជា​កំហិត ប្រសិនបើ​មាន​ការ​យឺតយ៉ាវ នឹង​ត្រូវ​ពិន័យ​ប្រាក់​ពន្ធ​ទ្វេដង ប៉ុន្តែ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មិន​ឯកភាព​នឹង​ការ​ពិន័យ​នេះ​ឡើយ។

អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា ម្ចាស់​យានយន្ត​ភាគច្រើន​បាន​ប្រកាស​បង់ពន្ធ​រួចរាល់​ហើយ ខណៈ​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​នោះ​ទេ ប៉ុន្តែ​នាយកដ្ឋាន​ពន្ធដារ​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព​អំពី​ចំនួន​យានយន្ត​ដែល​បាន​បង់ពន្ធ​រួចរាល់ និង​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ​នោះ​ដែរ។

ប្រភព​ដដែល​ព្រមាន​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍ កងរាជ​អាវុធហត្ថ ដើម្បី​អនុវត្ត​ប្រមូល​ពន្ធ​នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​ចាត់​វិធានការ​ច្បាប់​ស្ដីពី​សារពើពន្ធ​លើ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ខកខាន​បង់ពន្ធ​ឱ្យ​ទាន់​ពេលវេលា​តាម​កាលកំណត់។

កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​ម្ចាស់​យានយន្ត​ទៅ​បង់ពន្ធ​សម្រាប់​ឆ្នាំ​២០២១ តាម​បណ្តា​សាខា​ពន្ធដារ​ទូទាំង​ប្រទេស ឬ​នៅ​ធនាគារ ដូចជា​ធនាគារ​អេស៊ីលីដា និង​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែល​ហៅ​កាត់​ថា ABA ជាដើម ដែល​បាន​អនុញ្ញាត​ឱ្យ​បង់ពន្ធ​ចាប់តាំង​ពី​ដើម​ខែ​មិថុនា រហូត​ដល់​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​ថា រដ្ឋាភិបាល​មិន​គួរ​ឱ្យ​មាន​វិធានការ​ផាក​ពិន័យ​លើ​ដង​ផ្លូវ​ចំពោះ​ម្ចាស់​យានយន្ត​ដែល​ខកខាន​បំពេញ​កាតព្វកិច្ច​ពន្ធ​នោះ​ទេ ប៉ុន្តែ​រដ្ឋ​អាច​ប្រើ​វិធានការ​ដែល​ល្អ​ជាង​គោលការណ៍​ដែល​ខ្លួន​គ្រោង​នឹង​អនុវត្ត​នៅ​ដើម​ខែ​ធ្នូ នេះ។

លោក​បន្ត​ថា ការ​រឹត​បន្តឹង​ច្បាប់​ក្នុង​ការ​ផាក​ពិន័យ​តាម​ដង​ផ្លូវ គួរតែ​ត្រូវ​បាន​លុប​បំបាត់ ប៉ុន្តែ​ជំនួស​មក​វិញ​នូវ​ការ​ផាក​ពិន័យ​នៅ​តាម​សាខា​ពន្ធ ឬ​ធនាគារ ដោយ​តម្រូវ​ឱ្យ​បង់ពន្ធ​ឱ្យ​លើស​ពី​ចំនួន​កំណត់​ចំពោះ​អ្នក​ដែល​ខកខាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​កន្លងមក។ លោក​ពន្យល់​ថា សម្រាប់​ពលរដ្ឋ​ដែល​បង់ពន្ធ​យឺតយ៉ាវ ត្រូវ​ផាក​ពិន័យ ២០% ក្នុង​ខែ​ទី​១ និង​ដំឡើង ២០% បន្ថែម​ទៀត បើ​នៅ​ខែ​ទី​២ ហើយ​រដ្ឋ​អាច​ដំឡើង​បែប​នេះ​ជាបន្តបន្ទាប់​សម្រាប់​អ្នក​ដែល​ទៅ​បង់ពន្ធ​កាន់តែ​យឺតយ៉ាវ​ទៀត​នោះ។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធ្វើ​បែប​នេះ​បាន រដ្ឋ​ត្រូវតែ​មាន​ស្ថិតិ​យានយន្ត​របស់​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នូវ​កាតព្វកិច្ច​របស់​ពួកគេ ក្នុង​ការ​បង់ពន្ធ ដើម្បី​ឱ្យ​រដ្ឋ​អាច​ប្រមូល​ថវិកា​ជាតិ​យក​ទៅ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​ដេញ​តាម​ពិន័យ​លើ​ដង​ផ្លូវ​បែប​នេះ ជា​មូលហេតុ​ក្នុង​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ពលរដ្ឋ​ដែល​មាន​បំណង​គេច​ពី​ការ​ត្រួតពិនិត្យ​របស់​នគរបាល​ចរាចរណ៍​ផង ក៏​ជា​ការ​បញ្ជាក់​ពី​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថិតិ​យានយន្ត​ចំពោះ​កាតព្វកិច្ច​ពន្ធ​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស