40.6 C
Phnom Penh

សម្ព័ន្ធ​សហជីព​ទាមទារ​ឲ្យ Naga World រក​ដំណោះស្រាយ​ករណី​បញ្ឈប់​បុគ្គលិក​ដោយ​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សមាគម និង​សម្ព័ន្ធ​សហជីព​ជាង ២០​អង្គភាព បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga world) ដែល​ប៉ុនប៉ង​រំលាយ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហជីព និង​កាត់បន្ថយ​បុគ្គលិក​ជា​ប្រព័ន្ធ​ជាង ១៣០០​នាក់​ដោយ​អយុត្តិធម៌​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​បាន​រង​វិបត្តិ Covid-19។

អង្គការ​សមាគម​ទាំងនោះ បាន​ចាត់ទុក​ថា​ការ​ប៉ុនប៉ង​បែប​នេះ គឺជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​ទាំងស្រុង។

សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ របស់​អង្គការ​សមាគម និង​សហជីព​ជាង ២០ នោះ បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ តំណាង​ក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រកាស​គម្រោង​កាត់បន្ថយ​បុគ្គលិក​ជា​ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ​និយោជិត​ចំនួន​សរុប ១៣២៩​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង ៨​ពាន់​នាក់ ក្រោម​ហេតុផល​កម្ពុជា​កំពុង​ជួប​វិបត្តិ Covid-19។

ការ​លើក​ហេតុផល​កាត់បន្ថយ​បុគ្គលិក​នេះ ត្រូវ​សហជីព និង​បុគ្គលិក​ជំទាស់ និង​មិន​សម​ហេតុផល ពីព្រោះ​ក្រុមហ៊ុន​មិន​បាន​ប្រឈម​នឹង​ការ​ខាតបង់​លើ​មុខ​ជំនួញ​របស់​ខ្លួន​ឡើយ។ ពួកគេ​ថា ជាក់ស្ដែង​កាលពី​ឆ្នាំ​២០២០ ក្រុមហ៊ុន​រក​ប្រាក់​ចំណេញ​សុទ្ធ ១០២​លាន​ដុល្លារ ហើយ​បើ​គិត​ត្រឹម​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០២១ ក្រុមហ៊ុន​ក៏​ទទួល​បាន​ប្រាក់ចំណេញ​សុទ្ធ​ជាង ១២៧​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។ ពួកគេ​បាន​បញ្ជាក់​ទៀត​ថា បុគ្គលិក​ត្រូវ​កាត់បន្ថយ​ម៉ោង​ការងារ​រហូត​ទៅ ៦០​ភាគរយ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន និង​ទទួល​បាន​ប្រាក់ឈ្នួល​ទៅ​តាម​ចំនួន​ថ្ងៃ​ជាក់ស្ដែង​ដែល​បាន​ចូល​ធ្វើការ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា កម្មករ​ចំនួន ៩៥៦​នាក់​ក្នុង​ចំណោម ១៣២៩​នាក់​ដែល​ទទួល​បាន​ការ​ជូនដំណឹង​ពី​ក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់​ពី​ការងារ​នោះ ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ឈប់​ពី​ការងារ​ដោយ​មិន​ហ៊ាន​បន្ត​ការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ឡើយ បើ​ទោះបីជា​ពួកគេ​ដឹង​ថា ក្រុមហ៊ុន​ផ្ដល់​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ និង​រង​នូវ​ភាព​អយុត្តិធម៌​ក៏ដោយ។

សេចក្ដី​ថ្លែងការណ៍​នេះ​បញ្ជាក់​ទៀត​ថា កម្មករ ៣៧៣​នាក់​ក្នុង​ចំណោម ១៣២៩​នាក់​ដែល​ទទួល​បាន​ការ​ជូនដំណឹង​ពី​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដែរ​នោះ បាន​ជំទាស់​មិន​ទទួលយក​ប្រាក់​ជា​ថ្នូរ​បញ្ចប់​កិច្ចសន្យា​ការងារ ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការងារ និង​ទទួលយក​ពួកគាត់​ឱ្យ​ចូល​ធ្វើការ​នៅ​កន្លែង​ដើម​វិញ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​ការ​ចរចា​គ្មាន​ដំណោះស្រាយ​ជាច្រើនលើក​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន ភាគី​កម្មករ​បាន​ប្ដឹង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ខែ​មិថុនា ហើយ​បាន​បន្ត​នីតិវិធី​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០២១។

ទោះ​យ៉ាងណា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ចេញ​សេចក្ដី​បង្គាប់​ដោយ​ឯកភាព​តាម​ក្រុមហ៊ុន​ដែល​បញ្ឈប់​កម្មករ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ និង​យោង​តាម​ច្បាប់​ស្ដីពី​ការងារ​ដែល​ចែង​ពី​តួនាទី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ត្រូវ​កាត់​សេចក្ដី​រាល់​វិវាទ​ដែល​បាន​បញ្ជូន​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នោះ​ទេ។ មិន​ត្រឹម​តែប៉ុណ្ណោះ បែរជា​រុញ​ការងារ​នេះ​ត្រឡប់​ទៅ​ក្រសួង​ការងារ ជា​អ្នក​ដោះស្រាយ​វិញ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ផ្ដល់​ដំណោះស្រាយ​សមស្រប​ដល់​កម្មករ បុគ្គលិក និង​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ណាហ្គាវើលដ៍ ចរចា​ជាមួយ​តំណាង​សហជីព ដើម្បី​ស្វែងរក​ដំណោះស្រាយ​ណា​មួយ​ដែល​អាច​ទទួលយក​បាន​ទាំង​សងខាង ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​បង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​ជាមួយ​សហជីព​នៅ​កន្លែង​ការងារ។ លើស​ពី​នេះ ក្រុមហ៊ុន​ត្រូវ​ទទួលយក​កម្មករ ៣៧៣​នាក់​ចូល​បម្រើ​ការងារ​វិញ និង​បញ្ឈប់​ការ​រើសអើង ឬ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ទៅ​លើ​សហជីព​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស