28 C
Phnom Penh

បទវិភាគ៖ រុស្ស៊ី​សុខចិត្ត​លេង​ល្បែង​សង្គ្រាម​ជាមួយ​ណាតូ បើ​អ៊ុយក្រែន​អាង​ណាតូ ព្រហើន​ដាក់​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​សូវៀត គឺជា​មហាអំណាច​មួយ​ដែល​ចាញ់​សហរដ្ឋ​អាមេរិក​ក្នុង​ល្បែង​សង្គ្រាម​ត្រជាក់។ ឆ្នាំ​១៩៨៩ គឺជា​ការ​បិទ​បញ្ចប់​ល្បែង​សង្គ្រាម​ត្រជាក់។ សហភាព​សូវៀត គឺជា​មេខ្លោង​កុម្មុយនីស្ត​ធំ​ជាងគេ​នៅ​លើ​ពិភពលោក។

ក្រោយ​ពី​របប​កុម្មុយនីស្ត វិមាន​ក្រឹមឡាំង ដួល​រលំ គឺ​សាធារណរដ្ឋ​សង្គម​និយម​សហភាព​សូវៀត បាន​ដូរ​រូបភាព​របប​ដឹកនាំ​ទៅ​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស គឺ​សហព័ន្ធ​រុស្ស៊ី។ ទោះ​ជា​បែប​នេះ​ក្ដី រុស្ស៊ី​នៅតែ​ជា​មហាអំណាច​មួយ​នៅ​ពេលនេះ។

ចាប់តាំង​ពី​ឆ្នាំ​១៩៩០ មក​ដល់​ពេលនេះ គឺ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សមាជិក​សភា​បាន​ចំនួន ៧​លើក​មក​ហើយ។ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ចំនួន ៧​លើក​នេះ គឺ​មាន​តែ​ម្តង​គត់​នៅ​ឆ្នាំ​១៩៩៦ ដែល​ជា​ការ​បោះឆ្នោត​ឈាន​ដល់​ជុំ​ទី​ពីរ។ ការ​បោះឆ្នោត​នៅ​ពេល​នោះ មាន​ការ​ប្រកួត​គ្នា​យ៉ាង​ល្អ និង​ស្វិតស្វាញ ដែល​ប្រកប​ដោយ​ភាព​សេរី និង​ត្រឹមត្រូវ។

មក​ដល់​ពេលនេះ​រយៈពេល ៣១​ឆ្នាំ ប្រទេស​មហាអំណាច​មួយ​នេះ​មាន​ប្រធានាធិបតី​តែ ៣​រូប​ប៉ុណ្ណោះ គឺ​លោក Boris Yeltsin លោក Dmitry Medvedev និង​លោក Vladimir Putin។ តែ​មាន​តែ​លោក Putin ដែល​បាន​កាន់​អំណាច​យូរ​ជាងគេ​តាំងពី​ជាប់​ឆ្នោត​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១២ គឺ​រហូត​មក​ដល់​ពេលនេះ។

បុរស​ខ្លាំង​រូប​នេះ​អាច​នឹង​ឈ្នះ​ឆ្នោត​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៤ ដែល​គិត​ថា​ពុំ​មាន​លទ្ធិប្រជាធិបតេយ្យ និង​សេរី​ត្រឹមត្រូវ ខណៈ​បុរស​ខ្លាំង​រូប​នេះ​គាបសង្កត់​ចាប់​ដាក់​គុក​អ្នក​នយោបាយ​ប្រឆាំង​ជាច្រើន​សិប​នាក់។ ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា គណបក្ស​រុស្ស៊ី​រួបរួម ជា​បក្ស​កាន់​អំណាច​របស់​លោក Putin បាន​បន្ត​ឈ្នះ​ឆ្នោត​ទៀត​ក្រោម​ការ​បោះឆ្នោត​បំបាត់​សំឡេង​ប្រឆាំង​ធំ​ជាងគេ គឺ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​របស់​មេ​បក្ស​ប្រឆាំង Alexei Navalny។

លោក Alexei Navalny នៅ​ពេលនេះ​កំពុង​ជាប់​ក្នុង​រនាំង​ដែក។ ការ​បោះឆ្នោត​នេះ ក្រុម​ប្រទេស​លោក​ខាងលិច និង​សហរដ្ឋ​អាមេរិក មិន​ឱ្យ​តម្លៃ​ជា​គុណប្រយោជន៍​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើយ ព្រោះ​ជា​ការ​បោះឆ្នោត​គ្រាន់តែ​ជា​ល្បែង​ប្រជាធិបតេយ្យ​ឆ្ពិន​ភ្នែក​របស់​បុរស​ខ្លាំង​មួយ​នេះ​តែប៉ុណ្ណោះ គឺ​ប្រធានាធិបតី Vladimir Putin។

ដោយ​អំណាច​ណែន​ក្នុង​ដៃ គឺ​ទាំង​សភា ទាំង​តុលាការ​ក៏​នៅ​ក្រោម​បង្គាប់​របស់​បុរស​ខ្លាំង​រូប​នេះ ហើយ​ខណៈ​នេះ​ប្រទេស​រុស្ស៊ី បាន​សម្រេច​លេង​ល្បែង​សង្គ្រាម​ជាមួយ​យោធា​ណាតូ លើ​ករណី​ប្រទេស​អ៊ុយក្រែន ដែល​ធ្លាប់​ស្ថិតនៅ​ក្រោម​ចំណុះ​របស់​សហភាព​សូវៀត។ ក្រោម​អំណាច​របស់​អតីត​ប្រធាន​ចារកម្ម​សម្ងាត់ KGB អ៊ុយក្រែន​កាន់តែ​រងា​ភ័យខ្លាច​នឹង​ការ​លើក​ទ័ព​របស់​រុស្ស៊ី​ចូល​ឈ្លានពាន​ដែនដី​អ៊ុយក្រែន។

យ៉ាងណា អង្គការ​យោធា​ណាតូ គឺជា​សម្ពន្ធភាព​មាន​សមាជិក ៣០​ប្រទេស​ដែល​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា ហុឡង់ដ៍ អ៊ីតាលី គឺជា​ប្រទេស​មាន​អំណាច​ខ្លាំង​ខាង​យោធា និង ២៣​ប្រទេស​ទៀត​ដែល​មើល​ទៅ​ក៏​ចង់​លេង​ល្បែង​សង្គ្រាម​នឹង​រុស្ស៊ី ផង​ដែរ។ ដោយឡែក​ប្រទេស​អ៊ុយក្រែន ដែល​នឹង​ក្លាយ​ជា​សមាជិក​ណាតូ ទី​៣១ កំពុង​ក្លាយ​ជា​ជនរងគ្រោះ​ដែល​រុស្ស៊ី​ចាប់​លេង​ជាមួយ​ណាតូ។

ខណៈ​នេះ រុស្ស៊ី បាន​ដាក់​ពង្រាយ​កងទ័ព​ឡោម​ព័ន្ធ​អ៊ុយក្រែន គឺ​មាន​ជាង ១០​ម៉ឺន​នាក់ និង​សព្វាវុធ​មាន​ទាំង​កាំជ្រួច S-400 រថក្រោះ រថពាសដែក កាំភ្លើងធំ កាំជ្រួចហ្វូង បាន​ទៅ​ដល់​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន​អស់​ហើយ។ មូលហេតុ​ដែល​នាំ​ឱ្យ​រុស្ស៊ី ដាក់​ពង្រាយ​កងទ័ព គឺ​ក្រោម​ហេតុផល​សន្តិសុខ​ព្រំដែន គឺ​ដើម្បី​ចង់​ដឹង​អំពី​វត្តមាន​របស់​យោធា​ណាតូ ដែល​ល្បី​ថា​នឹង​មាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ឆាប់ៗ​នេះ។

ប៉ុន្តែ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ព្រោះ​មហាអំណាច​មួយ​នេះ​គាបសង្កត់​អ៊ុយក្រែន គឺ​ចង់​រឹបអូស​យក​តំបន់​ដូនបាស់ ពី​អ៊ុយក្រែន ដែល​ក្រុង​មូស្គូ ធ្លាប់​បាន​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​យក​តំបន់​គ្រីមៀរ ពី​អ៊ុយក្រែន កាលពី​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ពេល​ដែល​ឧបទ្វីប​នេះ​ក្លាយ​ជា​តំបន់​ស្វយ័ត​របស់​អ៊ុយក្រែន ដែល​មាន​ពលរដ្ឋ​រុស្ស៊ី រស់នៅ​ជិត ៨០​ភាគរយ​ហើយ​នោះ។

ដោយ​ចង់​ច្រៀក​យក​ទឹកដី​អ៊ុយក្រែន គឺ​រុស្ស៊ី​សន្សំ​ចិត្ត​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ​ជាមួយ​នឹង​ការ​នៅ​ពីក្រោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ុយក្រែន។ យ៉ាងណា អ៊ុយក្រែន​ដែល​ដឹង​ច្បាស់​ពី​ល្បិច​រុស្ស៊ី ក៏​បាន​សម្រេច​បញ្ជូន​ទ័ព និង​សព្វាវុធ​ទៅកាន់​តំបន់​ដូនបាស់ កាន់តែ​ច្រើន​ឡើង ដែល​ទីក្រុង​គៀវ សច្ចា​មិន​ឱ្យ​របូត​ដូនបាស់ ទៅ​រុស្ស៊ី ដាច់ខាត ទោះ​ជា​ធ្លាក់​ក្នុង​សង្គ្រាម​ក៏ដោយ។ តាម​សារព័ត៌មាន​របស់​រុស្ស៊ី RT កងទ័ព​អ៊ុយក្រែន នៅ​តាម​ព្រំដែន​ជាប់​នឹង​រុស្ស៊ី ជាពិសេស​នៅ​តំបន់​ដូនបាស់ មាន ១២​ម៉ឺន ៥​ពាន់​នាក់ ហើយ​សព្វាវុធ​គឺ​មាន​ដូច​នឹង​កងទ័ព​រុស្ស៊ី ផង​ដែរ។

តែ​បែប​នេះ​ក្ដី ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky បើ​ទោះ​ជា​ស្វែងរក​ការ​ចរចា​ជាមួយ​សម​ភាគី​រុស្ស៊ី លោក Vladimir Putin ដើម្បី​កាត់បន្ថយ​ភាព​តានតឹង តែ​លោក​បាន​សុំ​ស្នើ​ឱ្យ​អង្គការ​យោធា​ណាតូ ជួយ​អន្តរាគមន៍ បើ​កងទ័ព​រុស្ស៊ី បើក​ការ​វាយលុក​កាន់កាប់​តំបន់​ដូនបាស់។ ឥឡូវ​នេះ​ឃើញ​ថា ស្ថានការណ៍​កងទ័ព​កាន់តែ​ផុយ​ស្រួយ​ជា​ខ្លាំង ព្រោះតែ​អ៊ុយក្រែន មិន​ខ្លាច​រុស្ស៊ី​ឡើយ គឺ​ដោយសារតែ​ណាតូ​នៅ​ពីក្រោយ។

កាលពី​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា អគ្គលេខាធិការ​អង្គការ​ណាតូ លោក យែន ស្តុលទែនប៊ែរ និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ចេញ​មុខ​ព្រមាន​រុស្ស៊ី​ថា បើ​រុស្ស៊ី​ហ៊ាន​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន គឺ​រុស្ស៊ី​នឹង​ត្រូវ​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ។ ការ​ព្រមាន​របស់​មេដឹកនាំ​ណាតូ និង​អាមេរិក បាន​ធ្វើឡើង​មុន​ណាតូ បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​ទីក្រុង​រីហ្គា ប្រទេស​ឡេតូនី។

តាម​លោក ស្តុលទែនប៊ែរ គេ​អាច​ប្រើ​វិធានការ​ប្រឆាំង​រុស្ស៊ី ដូច​ដែល​គេ​ធ្លាប់​បាន​ធ្វើ​កន្លងមក ក្នុង​នោះ​មាន​វិធានការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​នយោបាយ​ការទូត។

ជាមួយគ្នា​នេះ ប្រមុខ​ការទូត​អាមេរិក ព្រមាន​ទុក​ជា​មុន​ថា រាល់​ការ​ឈ្លានពាន​ថ្មី​ទៀត​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន គឺជា​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ។ តាម​លោក Blinken គឺ​អាមេរិក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​សម្ពន្ធមិត្ត និង​ក្រុម​ប្រទេស​ដៃគូ​របស់​ណាតូ អំពី​វិធានការ​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ ដើម្បី​ពង្រឹង​ការ​ការពារ​សម្ពន្ធមិត្ត​មួយ​នេះ។

ប្រឈម​នឹង​ការ​ព្រមាន​របស់​មេដឹកនាំ និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ឃើញ​ថា​រុស្ស៊ី មិន​បាន​នៅ​ស្ងៀម​ឡើយ។ ក្រុង​មូស្គូ ចាត់ទុក​ការ​ព្រមាន​នេះ​ជា​ការ​គំរាមកំហែង​មក​លើ​សន្តិសុខ​របស់​ខ្លួន និង​ព្រមាន​បក​វិញ​ថា រុស្ស៊ី​មាន​ខ្សែ​បន្ទាត់​ក្រហម​ដែល​ណាតូ មិន​ត្រូវ​ដើរ​ឆ្លងកាត់​ឡើយ។ ក្រុង​មូស្គូ ព្រមាន​ថា ខ្លួន​គេ​អាច​លេង​ល្បែង​គ្រប់​ស្ថានការណ៍​ទាំងអស់​ជាមួយ​ណាតូ បើ​អ៊ុយក្រែន​អាង​ណាតូ​ព្រហើន​ដាក់​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស