29 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ នេះ​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀត​ដែល​នឹង​ឈរ​ឈ្មោះ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក។

មេដឹកនាំ​ដែល​ព្យាយាម​កាន់​អំណាច​ត​ត្រកូល​រូប​នេះ បាន​អះអាង​ជា​ចំហ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ធ្នូ នេះ​ថា លោក​នឹង​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ក្នុង​នាម​លោក​ជា​ឪពុក មាន​តួនាទី​គាំទ្រ និង​បណ្តុះបណ្តាល​កូន​របស់​ខ្លួន មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ទេ។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​រូប​នេះ គំរាម​ថា លោក​នឹង​ចាំ​មើល​ថា តើ​អ្នក​ណា​ហ៊ាន​ចេញ​មុខ​ប្រឆាំង បើ​លោក​ចេញ​មុខ​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក​ឱ្យ​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ។ លោក ហ៊ុន សែន លើកឡើង​ថា អ្នក​ដទៃ​គេ​អាច​បណ្តុះបណ្តាល និង​គាំទ្រ​កូន​គេ​ឱ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ​បាន ចុះ​ហេតុ​អ្វី​លោក​គាំទ្រ​កូន​ខ្លួនឯង​ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​មិន​បាន។

លោក ហ៊ុន សែន គំរាម​ថា ចាប់ពី​ពេលនេះ​ទៅ លោក​នឹង​បន្ត​ពង្រឹង​អំណាច​របស់​លោក​ទៅ​មុខ​ទៀត ព្រោះ​ថា​បើ​ធ្វើជា​នាយករដ្ឋមន្ត្រី​មិន​ពង្រឹង​អំណាច មិនមែន​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន រិះគន់​ថា អ្នក​ដែល​រិះគន់​ថា​លោក​ធ្វើ​នយោបាយ​ពង្រឹង​អំណាច គឺ​ពួកគេ​ក៏​កំពុង​ពង្រឹង​អំណាច​ដែរ ជាពិសេស​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែ​ម្តង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ស្ដាំ) និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

សារ​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្នក​ដែល​តែងតែ​រិះគន់​លោក​កាលពី​ពេល​កន្លងមក​ថា លោក​កំពុង​ពង្រឹង​អំណាច​ខ្លួនឯង និង​ដើម្បី​បន្ត​តំណែង​ឱ្យ​កូនប្រុស​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ ថា លោក​នឹង​គាំទ្រ​បេក្ខភាព​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី ហើយ​អ្នក​ដែល​ធ្លាប់​បាន​ចោទ​ថា​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​របស់​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថ នឹង​មិន​រួច​ខ្លួន​ជា​ដាច់ខាត។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ក៏​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ដោយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេច​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន ដោយ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត ដើម្បី​បង្ហាញ​នូវ​ការ​ដឹកនាំ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ លោក ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង ដោយ​លើក​សរសើរ​ពី​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ដឹកនាំ​កិច្ចការ​ជាតិ​ធំៗ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ក្តី​សង្ឃឹម​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19។

ក្រុម​អ្នក​សង្កេតការណ៍​ពេល​នោះ​បាន​រិះគន់​ថា ការ​រំលេច​ឈ្មោះ​កូនប្រុស​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ទៅកាន់​បក្ស​កុម្មុយនីស្ត​វៀតណាម ទំនង​ជា​លោក ហ៊ុន សែន មាន​ចេតនា​ចង់​ឲ្យ​ចៅហ្វាយ​ចាស់​ជួយ​ជ្រោមជ្រែង​កូន​របស់​គាត់​ឡើង​កាន់​អំណាច​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ​ថា លោក ហ៊ុន សែន ចង់​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​មួយ​ដើម្បី​ឲ្យ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ក្នុង​បំណង​កាន់កាប់​អំណាច​បន្ត​វង្សត្រកូល​ដូច​ប្រទេស​កូរ៉េ​ខាងជើង​ដែរ។

ចំណែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រតិកម្ម​នៅ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ​ដែរ​ថា ពលរដ្ឋ​ខ្មែរ​អាច​នឹង​មាន​វាសនា​បាត់បង់​ភាព​ជា​ម្ចាស់​ប្រទេស​ទាំងស្រុង ក្រោម​កណ្ដាប់ដៃ​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត បន្ត​កាន់កាប់​អំណាច​ពី​ឪពុក​របស់​ខ្លួន។

លោក គឹម សុខ អះអាង​ថា ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​កូនប្រុស អាច​នឹង​ធ្វើឡើង​នៅ​ចន្លោះ​អាណត្តិ​ទី​៧ ឬ​នៅ​អាណត្តិ​ទី​៨ អំឡុង​ឆ្នាំ​២០២៣ ទៅ​ឆ្នាំ​២០៣៣ ខាងមុខ​នេះ ដោយ​យោង​តាម​ឱកាស​ជាក់ស្តែង​ដែល​លោក ហ៊ុន សែន អាច​គ្រប់គ្រង​បាន។ ប៉ុន្តែ​បើ​ស្ថានភាព​សុខភាព​របស់​លោក ហ៊ុន សែន មិន​អំណោយ​ផល​ទេ ការ​ផ្ទេរ​អំណាច​នេះ​ក៏​អាច​នឹង​ធ្វើឡើង​ឆាប់​ជាង​នេះ​ដែរ។

ដោយឡែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ​ថា ការ​ប្រកាស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​គាំទ្រ​កូនប្រុស​ខ្លួនឯង​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី មិន​ចម្លែក​នោះ​ទេ ព្រោះ​កន្លងមក បើ​ទោះបីជា​គាត់​មិន​ប្រកាស តែ​សកម្មភាព​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​រួច​ហើយ ដូចជា​ការ​នាំ​លោក ហ៊ុន ម៉ាណែត ទៅ​ជួប​មេដឹកនាំ​ប្រទេស​ចិន លោក ស៊ី ជីនពីង កាលពី​ពេល​កន្លងទៅ ជាដើម។

លោក មឿន តុលា បញ្ជាក់​ថា ការ​ប្រកាស​គាំទ្រ​កូន​ខ្លួនឯង​បែប​នេះ មិនមែន​ជា​បញ្ហា​នោះ​ទេ តែ​សំខាន់​នៅ​ត្រង់​ថា តើ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ​ឬ​ក៏​អត់​ប៉ុណ្ណោះ ព្រោះ​ថា​អ្នក​ដែល​មាន​សមត្ថភាព មិនមែន​មាន​តែ​កូន​លោក​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​នោះ​ទេ កូន​អ្នក​ផ្សេង​ក៏​អាច​មាន​សមត្ថភាព​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ដែរ។

នាយក​ប្រតិបត្តិ​រូប​នេះ​គូសបញ្ជាក់​ថា លោក​ក៏​ចង់​បាន​នាយករដ្ឋមន្ត្រី​ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន​ដែរ ប៉ុន្តែ​មុន​នឹង​មក​ដឹកនាំ​ប្រទេស ពួកគេ​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដោយ​ឆ្លងកាត់​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មិនមែន​ជា​ការ​បោះឆ្នោត​ដោយ​ការ​កេង​បន្លំ​សន្លឹកឆ្នោត ឬ​ការ​គំរាមកំហែង​ណា​មួយ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស