31 C
Phnom Penh

អ្នកវិភាគ៖ អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា​និង​កសាង​ជាតិ​ឱ្យ​រីកចម្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន និង​សុំ​ឱ្យ​ពលរដ្ឋ​សហការ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​ផែនការ​ស្ដារ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅ​ថ្ងៃ​អនាគត គឺ​មិនមែន​ធ្វើ​សកម្មភាព​នយោបាយ​គ្រាន់តែ​ជា​ការ​ហែកហួរ​គ្នា​នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ​ថា បេសកកម្ម​របស់​អ្នក​នយោបាយ​ប្រជាធិបតេយ្យ គឺ​ត្រូវតែ​លើក​យក​បញ្ហា​សង្គម​ជាតិ​មក​ជជែក​វែកញែក និង​ដោះស្រាយ​ដោយ​ប្រកាន់​គោលការណ៍​ក្រមសីលធម៌ ចៀសវាង​ការ​វាយប្រហារ​រឿង​បុគ្គល​ផ្ទាល់ខ្លួន ដើម្បី​គ្រាន់តែ​ឈ្នះ​ចាញ់​គ្នា ហើយ​បង្ក​វិបត្តិ​ដល់​ប្រទេស​ជាតិ​កាន់តែ​ធ្ងន់​បន្ថែម​ទៀត។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ ត្រូវតែ​ដឹង​ខ្លួនឯង​ច្បាស់​ថា ត្រូវ​ធ្វើ​អ្វី​ខ្លះ និង​ធ្វើ​យ៉ាង​ដូចម្តេច ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ដែល​កំពុង​ជាប់​គាំង។ ជាង​នេះ​ទៀត ពួកគេ​ក៏​ត្រូវ​រក​វិធី​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​កសាង​រៀបចំ​សង្គម​ឲ្យ​បាន​ល្អ ដែល​អាច​បង្ក​លក្ខណៈ​អំណោយ​ផល​ដល់​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ទាំងនោះ​ត្រូវតែ​កសាង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ឱ្យ​មាន​តម្លាភាព ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ឲ្យ​មាន​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​រឹងមាំ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​របស់​ខ្លួន​មាន​វឌ្ឍនភាព វប្បធម៌ និង​អារ្យធម៌​ខ្ពង់ខ្ពស់។

បណ្ឌិត ឡៅ ម៉ុងហៃ

ការ​អះអាង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ គឺ​ដើម្បី​រិះគន់​ទៅលើ​មេដឹកនាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា ដែល​តែងតែ​ប្រកាន់​ជំហរ និង​ការ​អនុវត្ត​បេសកកម្ម​នយោបាយ​របស់​ពួកគេ​តែ​រៀងៗ​ខ្លួន ជាជាង​ការ​ចរចា​គ្នា​រក​ដំណោះស្រាយ​ជូន​ជាតិ​ដែល​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាល​ពី​ថ្ងៃ​ទី​១ ធ្នូ ដែរ​ថា កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ហែកហួរ​គ្នា​រវាង​មេដឹកនាំ​អ្នក​នយោបាយ​ដែល​មាន​ឥទ្ធិពល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក៏ដូចជា​សហគមន៍​អន្តរជាតិ ពិតជា​ត្រូវការ​មេដឹកនាំ​អ្នក​នយោបាយ​ថ្មី​ដែល​មាន​ឆន្ទៈ​ស្វែងរក​ដំណោះស្រាយ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។

លោក​លើក​ជា​សំណួរ​ថា តើ​អ្នក​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ ទុក​បញ្ហា​ជាតិ​ដែល​កំពុង​កើត​មាន​រាប់​រយ​ជំពូក ដូចជា​បញ្ហា​ពលរដ្ឋ​ក្រីក្រ​ធ្វើ​ចំណាកស្រុក​រាប់​លាន​នាក់ បញ្ហា​ខ្វះខាត​សេវាកម្ម​សុខាភិបាល ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្វះ​ការ​ទទួល​បាន​នូវ​ការ​ព្យាបាល​ពេញលេញ និង​រស់​ក្រោម​ប្រព័ន្ធ​យុត្តិធម៌​ស្តង់ដារ​ពីរ ដែល​ច្បាប់​ការពារ​តែ​អ្នក​មាន​អំណាច​ដូច​សព្វថ្ងៃ​នេះ ឱ្យ​អ្នក​ណា​ជា​អ្នក​ដោះស្រាយ?

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល

វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ត្រូវ​គេ​មើលឃើញ​ថា កំពុង​ដើរ​ដល់​ផ្លូវទាល់​ដែល​ដោះស្រាយ​មិន​ចេញ ខណៈ​មេដឹកនាំ​នយោបាយ​ធំៗ​មិន​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​ពី​វិបត្តិ​ជាតិ ដែល​កំពុង​ញាំញី​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ពួកគេ​បែរជា​ប្រឹង​ប្រើ​ល្បិច​រៀងៗ​ខ្លួន​ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ទៅវិញ។

បញ្ហា​នេះ ត្រូវ​គេ​មើលឃើញ​ថា ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ​១៩៨៥ មក បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់។ ក្នុង​នោះ លោក ហ៊ុន សែន បាន​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់ធ្ងរ ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ក្នុង​បំណង​កាន់កាប់​អំណាច​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោកសេរី​ជាច្រើន នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន។

យ៉ាងណាក៏ដោយ មកទល់​ពេលនេះ ពន្លឺ​នៃ​កិច្ច​ចរចា​នយោបាយ​នៅ​កម្ពុជា នៅ​មិនទាន់​មាន​សង្ឃឹម​នៅឡើយ​ទេ ខណៈ​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​គ្មាន​អ្វី​ត្រូវ​ចរចា​នោះ​ទេ ហើយ​លោក​ថែម​ទាំង​ហាម​មិន​ឱ្យ​បរទេស​ជួយ​សម្របសម្រួល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ថែម​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស