លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ នេះ បានព្រមានវាយខ្នោះភ្លាមៗចំពោះជនណាដែលរឹងទទឹង មិនព្រមប្រគល់ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបឲ្យរដ្ឋាភិបាលវិញ ហើយចំណែកអ្នកដែលចុះហត្ថលេខាប្រគល់ដីព្រៃលិចទឹកដែលបានកាន់កាប់នោះឲ្យរដ្ឋាភិបាលវិញ នឹងត្រូវរួចខ្លួន។
ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើបុគ្គលណាប្រគល់ដីដែលខ្លួនបានឈូសឆាយរំលោភពីព្រៃលិចទឹកនៅតាមបណ្ដាខេត្តក្នុងតំបន់បឹងទន្លេសាប មកឱ្យរដ្ឋ គឺពួកគេរួចខ្លួន ហើយថា ប្រសិនបើបុគ្គលណានៅរឹងទទឹង ត្រូវតាមវាយខ្នោះឲ្យខាងតែបាន។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា ទាមទារឲ្យរដ្ឋាភិបាលមានវិធានការច្បាប់ឲ្យបានតឹងរ៉ឹងចំពោះមន្ត្រី ឬបុគ្គលណាដែលបានបំពានច្បាប់ ឈូសឆាយ ឬកាន់កាប់ដីព្រៃលិចទឹកនៅក្បែរបឹងទន្លេសាបនេះ ជាជាងការអនុវត្តដែលមានស្តង់ដារពីរ គឺមន្ត្រីខិលខូចកាប់បំផ្លាញ និងកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់អាចរួចខ្លួន ហើយពលរដ្ឋស្លូតត្រង់បែរជាមានទោសក្នុងករណីការពារដីធ្លីរបស់ខ្លួនទៅវិញ។
លោក ស៊ឹង សែនករុណា បានថ្លែងប្រាប់ The Cambodia Daily ឲ្យដឹងថា អ្នកដែលប្រព្រឹត្តបទល្មើស ទោះមកសារភាពក៏មិនអាចរួចខ្លួនទាំងស្រុងទេ។ ចំណែកការបន្ធូរបន្ថយទោស ឬយ៉ាងណា គឺអាស្រ័យតុលាការដែលបង្ហាញអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ និងជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់រានព្រៃលិចទឹកយកជាកម្មសិទ្ធិ ដោយប្រើកម្លាំងចម្រុះដែលពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃទាំងនោះឱ្យបានទាន់ពេលវេលា។
ក្រោយពីបញ្ជារបស់លោកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតនៅខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ក្នុងនោះមានក្រសួងពាក់ព័ន្ធដូចជាក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី ដើម្បីអនុវត្តវិធានការត្រួតពិនិត្យនេះរួមគ្នា។
សារព័ត៌មាន VOD បានដកស្រង់សម្ដីរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ថា ប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃលិចទឹកនេះ គឺអាជ្ញាធរបានរារាំងមិនឱ្យមានការចូលទៅឈូសឆាយ បង្កបង្កើនផល និងធ្វើសកម្មភាពផ្សេងៗនៅតំបន់ការពារនៅជុំវិញបឹងទន្លេសាបទៀតឡើយ។ លោកបន្តថា ពាក់ព័ន្ធបទល្មើសព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនេះ មន្ត្រីរាជការ និងពលរដ្ឋចំនួន ១៣នាក់នៅខេត្តកំពង់ឆ្នាំង បានចេញមកសារភាព និងប្រគល់ដីជាង ២ពាន់ហិកតារជូនរដ្ឋាភិបាលវិញ។
បើតាមកំណត់ហេតុកិច្ចប្រជុំក្រុមការងារអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកកាន់កាប់អាស្រ័យផលដីព្រៃលិចទឹក ១៣នាក់ដែលបានសារភាព និងប្រគល់ដីជូនរដ្ឋវិញនោះ រួមមាន៖
- ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មានដី ៦៧៥ហិកតារ
- នាយការិយាល័យ លោក កែវ ណារុន មានដី ៣២ហិកតារ
- មេបញ្ជាការសឹករងស្រុកកំពង់លែង លោក យឹម សារ៉ាត់ មានដី ៦០ហិកតារ
- និងពលរដ្ឋផ្សេងទៀតដែលមានផ្ទៃដីសរុបជាង ២ពាន់ហិកតារ៕