41.3 C
Phnom Penh

អាជ្ញាធរ​ថៃ​ដោះលែង​ព្រះសង្ឃ បូរ បេត វិញ​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ក្រុម​សិទ្ធិមនុស្ស​និង UNHCR

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ថៃ បាន​សម្រេច​ដោះលែង​ព្រះតេជព្រះគុណ បូរ បេត ដែល​សកម្មជន​ខាង​កិច្ចការ​សង្គម និង​បរិស្ថាន ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ បន្ទាប់ពី​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ និង​ភ្នាក់ងារ​របស់​អង្គការ UNHCR បាន​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ប្រទេស​ថៃ​ទាន់​ពេលវេលា។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា ករណី​របស់​អតីត​ព្រះសង្ឃ បូរ បេត បើ​មិន​អន្តរាគមន៍​ទាន់​ពេលវេលា​នោះ​ទេ គឺ​សមត្ថកិច្ច​ថៃ អាច​នឹង​បញ្ជូន​ព្រះសង្ឃ​អង្គ​នេះ​មក​អាជ្ញាធរ​កម្ពុជា​វិញ។

លោក ស៊ឹង សែនករុណា បាន​ថ្លែង​ថា ក្នុង​នាម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បញ្ឈប់​ចាប់​បញ្ជូន​រាល់​សកម្មជន​មនសិការ​ទៅ​ប្រទេស​ដើម​វិញ ដោយ​ត្រូវ​គោរព​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ឋានៈ​ជនភៀសខ្លួន និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​រាល់​សកម្មជន​មនសិការ​ទាំងនោះ​បន្ត​ទៀត។

ព្រះសង្ឃ​សកម្មជន​សង្គម បូរ បេត ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ផ្សឹក​ទាំង​បង្ខំ ហើយ​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​សួនភ្លូ (Suan Phlu IDC) នៅ​រសៀល​ថ្ងៃ​ទី​២ ធ្នូ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​មួយ​យប់​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន​មួយ ក្នុង​ខេត្ត​សាមុតប្រាកាន (Samut Prakan) កាលពី​យប់​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ព្រះតេជព្រះគុណ បូរ បេត ដែល​សកម្ម​ក្នុង​ការងារ​ការពារ​បរិស្ថាន និង​សង្គម

ព្រះសង្ឃ បូរ បេត បាន​ភៀស​ព្រះ​កាយ​ចាកចេញ​ពី​ប្រទេស​កម្ពុជា អំឡុង​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទៅ​គង់​នៅ​ប្រទេស​ថៃ ក្រោយពេល​ដែល​អាជ្ញាធរ​របស់​លោក ហ៊ុន សែន តាម​ចាប់​ខ្លួន​ករណី​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន។

ព្រះតេជព្រះគុណ បូរ បេត ជា​ព្រះសង្ឃ​ដែល​សកម្ម​នៅ​ក្នុង​ការងារ​សង្គម ដូចជា​ការ​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បញ្ហា​ដីធ្លី បរិស្ថាន ការ​តស៊ូ​មតិ​នៅ​តាម​មូលដ្ឋាន​ជាដើម។

ក្រោយ​ពី​មាន​ការ​គំរាមកំហែង និង​តាម​ចាប់​ខ្លួន ព្រះអង្គ​ក៏​បាន​ភៀស​ព្រះ​កាយ​មក​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន។ ក្នុង​ពេល​គង់​នៅ​ប្រទេស​ថៃ ព្រះអង្គ​អង្គ​នេះ​តែងតែ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស