31 C
Phnom Penh

អាមេរិក​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​និង​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក គ្រោង​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ។

ព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​៤ ធ្នូ ថា អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​មួយ​ចំនួន​ក្នុង​ពិភពលោក​នៅ​សប្តាហ៍​ក្រោយ អំឡុង​ពេល​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​របស់​សហរដ្ឋ​អាមេរិក ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden)។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក នឹង​ប្រកាស​នូវ​សំណើ​ដែល​បាន​រៀបចំ​ឡើង ដើម្បី​បិទ​ចន្លោះ​ប្រហោង​ដែល​អនុញ្ញាត​ឱ្យ​មន្ត្រី​ពុករលួយ​កេងប្រវ័ញ្ច​ទីផ្សារ​អចលនទ្រព្យ និង​ដោះស្រាយ​ចន្លោះ​ប្រហោង​ក្នុង​បណ្ដាញ​តម្លាភាព​សាជីវកម្ម ដែល​អនុញ្ញាត​ឱ្យ​មាន​អំពើពុករលួយ​រីក​ចម្រើន រួម​ទាំង​ដំណើរការ​ដោយ​ខុសច្បាប់​ជាច្រើន​ហូរ​ចូល​សហរដ្ឋ​អាមេរិក​ថែម​ទៀត។

លើស​ពី​នេះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​នឹង​ចាត់​វិធានការ​ជាបន្តបន្ទាប់ ដើម្បី​កំណត់​បុគ្គល​ដែល​ចូលរួម​ក្នុង​សកម្មភាព​អាក្រក់​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​អំពើពុករលួយ ការ​គាបសង្កត់ ឧក្រិដ្ឋកម្ម​ដែល​បាន​រៀបចំ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាដើម។

កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ចំនួន ២​រូប ក្នុង​នោះ​មាន​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ដោយ​ចោទ​ថា​បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែលំអ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម នៅ​ក្រុង​ព្រះសីហនុ។

ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ចៅ ភិរុណ និង​ឧត្ដមនាវី​ផ្កាយ​មាស​បួន​ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ទៀ វិញ

គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា ៤​នាក់ និង​ឧកញ៉ា​ម្នាក់ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់ Global Magnitsky Act ដោយ​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។ មន្ត្រី ៤​នាក់ និង​ឧកញ៉ា​ម្នាក់​នោះ​មាន៖

  • លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
  • លោក គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ
  • និង​ឧកញ៉ា ទ្រី ភាព។

ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា ៤​រូប និង​ឧកញ៉ា​ម្នាក់​នោះ សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុនរដ្ឋ​ចិន UDG នៅ​ខេត្ត​កោះកុង ផង​ដែរ។

ទោះជាយ៉ាងណា​ក៏ដោយ ប្រភព​ដ៏​គួរ​ឲ្យ​ទុកចិត្ត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា អាមេរិក​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​របស់​លោក ហ៊ុន សែន ថែម​ទៀត ប្រសិនបើ​កម្ពុជា​មិនព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស