28 C
Phnom Penh

រដ្ឋាភិបាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន លើ​ករណី​ដែល​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ។

សេចក្ដី​ជូនដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​កន្លងមក​នេះ បាន​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួរ ច័ន្ទឌឿន អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​កាប់​រាន​ព្រៃលិចទឹក​យក​ជា​កម្មសិទ្ធិ ដោយ​ប្រើ​កម្លាំង​ចម្រុះ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​ទាំងនោះ​ឱ្យ​បាន​ទាន់​ពេលវេលា។

លោក ហ៊ុន សែន ព្រមាន​ថា មន្ត្រី​ខិលខូច​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ទន្ទ្រាន​នៅ​បឹង​ទន្លេសាប ហើយ​ចង់​បាន​ការ​បន្ធូរបន្ថយ​ទោស ត្រូវ​ចូល​សារភាព​ទោស​កំហុស​ជាបន្ទាន់។ ក្នុង​ករណី​មិន​ចេញ​សារភាព​ទេ លោក​នឹង​បញ្ជា​ឱ្យ​ក្រុម​ដែល​ចេញ​ទៅ​អនុវត្ត​វិធានការ​នេះ​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ហើយ​ឈាន​ទៅ​រឹបអូស មិន​ត្រឹមតែ​ដីធ្លី​ដែល​ពួកគេ​បាន​ទន្ទ្រាន​នោះ​ទេ គឺ​រួម​ទាំង​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​ទទួល​បាន​ពី​បទល្មើស​នេះ ក៏​នឹង​ត្រូវ​រឹបអូស​ថែម​ទៀត។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​តំបន់​ទន្លេសាប ស្ថិតនៅ​ខេត្ត​ចំនួន​៦ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ក្នុង​នោះ​មាន​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​ធនធាន​ទឹក ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ដែនដី ដើម្បី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​នេះ​រួម​គ្នា និង​ដាំ​ដើមឈើ​ឡើងវិញ។

តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ក្រុម​ការងារ​អនុវត្ត​បទបញ្ជា​នាយករដ្ឋមន្ត្រី​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា អ្នក​កាន់កាប់​អាស្រ័យផល​ដី​ព្រៃលិចទឹក​ចំនួន ១៣​នាក់​ដែល​បាន​ចូល​សារភាព និង​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​នោះ។

កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កង​រាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង បាន​បញ្ជូន​មនុស្ស​ចំនួន ៧​នាក់​ទៅ​តុលាការ។ ចំណែក​ឯ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ២៧៨​នាក់ ក្នុង​នោះ ២៦​នាក់​បាន​បញ្ជូន​ទៅ​តុលាការ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វ៉េង សាខុន បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​បឋម​របស់​អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេសាប ឲ្យ​ដឹង​ថា បទល្មើស​ទន្ទ្រាន​ព្រៃលិចទឹក​ខុសច្បាប់​មាន​ទំហំ​ជាង ២​ម៉ឺន​ហិកតារ​នៅ​ជុំវិញ​បឹង​ទន្លេសាប ប៉ុន្តែ​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប សុទ្ធតែ​អះអាង​ថា តួលេខ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អាច​មាន​ទំហំ​លើស​នេះ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស