មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចេញបញ្ជាឱ្យអង្គភាពប្រដាប់អាវុធរបស់កម្ពុជា យកអាវុធ និងសម្ភារៈយោធាដែលជាផលិតផលរបស់អាមេរិក យកទៅកម្ទេចចោលទាំងអស់។ លោក ហ៊ុន សែន ក៏បានព្រមានអ្នកជំនាន់ក្រោយថា បើចង់មានឯករាជភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិកឱ្យសោះ។
មេដឹកនាំខ្មែរដែលក្រាញអំណាចតត្រកូលរូបនេះ បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃសុក្រ ទី១០ ធ្នូ នេះថា អ្នកដែលធ្លាប់ប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ច្រើនតែបានចាញ់សង្គ្រាម ដូចជាក្នុងរបបសាធារណរដ្ឋខ្មែរ លន់ នល់ ដែលនៅពេលនោះបានប្រើប្រាស់អាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅរហូតដល់សព្វថ្ងៃនេះ។
លោក ហ៊ុន សែន អះអាងថា លោកមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងការប្រើប្រាស់អាវុធតែមួយមុខ។ ជាក់ស្តែង អ្នកប្រើប្រព័ន្ធអាវុធអាមេរិកក៏បានចាញ់សង្គ្រាមនៅអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា ការសម្រេចចិត្តរបស់លោកមិនទិញអាវុធពីអាមេរិក ពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរដ្ឋាភិបាលជំនាន់ក្រោយឱ្យបានជ្រាបដែរថា បើចង់មានឯករាជភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិកឱ្យសោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មបន្ថែមលើការរឹតត្បិតលក់អាវុធ និងសម្ភារៈយោធាឱ្យកម្ពុជាកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មបន្ថែមលើការរឹតត្បិតលក់អាវុធ និងសម្ភារៈយោធាឱ្យកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់យោធាចិន កាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា សហរដ្ឋអាមេរិកមើលឃើញថា សកម្មភាពរបស់កម្ពុជាដែលកំពុងធ្វើដូចសព្វថ្ងៃនេះ បណ្តាលឱ្យមានភាពទន់ខ្សោយផ្នែកសន្តិសុខជាតិរបស់ខ្លួន និងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ផងដែរ។ ជាងនេះទៀត នឹងកើនឡើងនូវអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បច្ចុប្បន្ននេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo បញ្ជាក់ថា អាមេរិកនៅតែបន្តការប្ដេជ្ញាចិត្តគោរពចំពោះឯករាជភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែអ្នកស្រីទទូចឲ្យកម្ពុជា ធ្វើឱ្យរីកចម្រើនចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកាត់បន្ថយឥទ្ធិពលរបស់កងទ័ពចិននៅកម្ពុជា ដែលអ្នកស្រីថា កងទ័ពចិននៅកម្ពុជា គឺជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោកយ៉ាងខ្លាំង។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ធ្នូ នេះថា ទណ្ឌកម្មសហរដ្ឋអាមេរិកលើមន្ត្រីរដ្ឋាភិបាលពុករលួយរបស់កម្ពុជា មិនមែនជារឿងអាក្រក់សម្រាប់ប្រជាពលរដ្ឋខ្មែរ ឬអធិបតេយ្យជាតិកម្ពុជានោះទេ ព្រោះថាអាមេរិកគ្រាន់តែទាមទារឱ្យមេដឹកនាំខ្មែរស្ដារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរក្សាឯករាជភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមួយកងទ័ពចិន ដែលជាប់ពាក់ព័ន្ធនៅឆ្នេរសមុទ្ររាមតែប៉ុណ្ណោះ។
លោក ម៉ែន ណាត អះអាងថា ការឆ្លើយតបរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិកជុំវិញបញ្ហានេះ គឺជាកំហឹងផ្ទាល់ខ្លួនរបស់គាត់ផង និងជាផ្នត់គំនិតរបស់គាត់ដែលធ្លាប់ជាកងទ័ពខ្មែរក្រហមប្រយុទ្ធប្រឆាំងជាមួយនឹងលោកសេរីកាលពីពេលកន្លងមកផង។
លោក ម៉ែន ណាត ទាមទារឱ្យលោក ហ៊ុន សែន ផ្លាស់ប្ដូរឥរិយាបថរបស់គាត់ចំពោះការទំនាក់ទំនងនយោបាយការទូតជាមួយប្រទេសជាមិត្ត ព្រោះថាផ្នត់គំនិត និងឥរិយាបថដែលគាត់អនុវត្តសព្វថ្ងៃនេះ មិនស័ក្ដិសមជាមេដឹកនាំប្រទេសនោះទេ ហើយប្រទេសជាតិក៏នឹងធ្លាក់ទៅក្នុងវិបត្តិនៃភ្លើងសង្គ្រាមក៏ដោយសារអត្តចរិតរបស់មេដឹកនាំបែបនេះដែរ។
កាលពីចុងខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងមហាអំណាចពិភពលោកដទៃទៀត ដូចជាអាមេរិក ជាដើម ថាបើកម្ពុជាមិនបានពឹងមហាអំណាចកុម្មុយនីស្តចិនទេ តើឱ្យកម្ពុជាទៅពឹងមហាអំណាចមួយណា។ ជាងនេះទៀត លោក ហ៊ុន សែន អះអាងថា ជំនួយរបស់ចិន ធ្វើឱ្យកម្ពុជាមានឯករាជទាំងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន។
ជុំវិញជំហររបស់កម្ពុជាបែបនេះ នៅឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងដើរតួជាប្រធានអាស៊ានប្តូរវេន ដែលកំពុងតែធ្វើឱ្យមានការព្រួយបារម្ភអំពីសមត្ថភាព និងភាពអព្យាក្រឹត្យរបស់កម្ពុជា ដែលគេចោទថាជាប្រទេសមួយនៃសមាគមអាស៊ានដែលស្ថិតក្រោមឥទ្ធិពលចិនខ្លាំងជាងគេ៕