32 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​ប្រាប់​ពិភពលោក​ថា​ត្រូវ​រួម​គ្នា​ប្រឆាំង​ប្រជាធិបតេយ្យ​របស់​ជន​ផ្ដាច់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្និសីទ​កំពូល​របស់​អ្នក​ប្រជាធិបតេយ្យ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​មាន​រយៈពេល ២​ថ្ងៃ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ចំ​ពេល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន US News បាន​ចុះផ្សាយ​ថា យ៉ាងហោចណាស់​មាន​ប្រទេស​ជាង ១០០​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ។ ប្រទេស​ខ្លះ​ចូលរួម​តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស ដូចជា​ប្រទេស​ប៉ាគីស្ថាន ជាដើម។ វេទិកា​នេះ ប្រព្រឹត្ត​ទៅ​តាមរយៈ​វីដេអូ conference ដែល​ផ្សាយ​ចេញពី​សេតវិមាន។

អ្វី​ដែល​លោក ចូ បៃដិន (Joe Biden) ប្រាប់​ទៅកាន់​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ គឺ​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី និង​ចិន ដែល​លោក​ចាត់ទុក​ថា​ប្រទេស​ទាំង​ពីរ​នេះ មួយ​កុម្មុយនីស្ត ហើយ​មួយ​ទៀត​ផ្ដាច់ការ។ លោក​បញ្ជាក់​ថា ប្រជាធិបតេយ្យ​ពិភពលោក ទោះបី​មិន​ធ្លាក់​ចុះ​ក៏​ពិតមែន តែ​ប្រទេស​ខ្លះ​កំពុង​ប្រឈម​នឹង​ការ​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ។

តាម​ការ​កត់សម្គាល់​របស់​លោក ចូ បៃដិន គឺ​គ្រោះថ្នាក់​ប្រជាធិបតេយ្យ​កើត​ចេញពី​អំពើពុករលួយ​ដែល​ជា​មហារីក​នៃ​សង្គម​មនុស្ស។ ពុករលួយ​នាំ​ឱ្យ​មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​មនុស្ស។ អំពើ​អយុត្តិធម៌​នាំ​មក​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស។ អំពើ​អយុត្តិធម៌​នាំ​ឲ្យ​មាន​ការ​ជិះជាន់។ ការ​បញ្ចេញ​ទស្សនៈ​របស់​មេដឹកនាំ​ផ្ដាច់ការ​អំពី​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​ខ្លួន ដែល​ថ្នាក់​ក្រោម​យក​ទៅ​អនុវត្ត កាន់តែ​ធ្វើ​ឲ្យ​សង្គម​ប្រជាធិបតេយ្យ​គ្រោះថ្នាក់ គឺ​គ្រាន់តែ​ជា​ការ​ខំ​ពង្រឹង​របប​របស់​មេដឹកនាំ​ផ្ដាច់ការ​រូប​នោះ​ប៉ុណ្ណោះ។

លោក បៃដិន អំពាវនាវ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ត្រូវតែ​ឈ្វេងយល់​អំពី​គ្រោះថ្នាក់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល គឺ​នាំគ្នា​ទប់ស្កាត់​ចលនា​ទៅ​រក​របប​ដឹកនាំ​ឯក​បក្ស និង​ផ្ដាច់ការ។ លោក​ថា ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​របស់​ពលរដ្ឋ។ ប្រជាធិបតេយ្យ​ក្លែងក្លាយ ពុំ​មាន​ការ​បើកចំហ​សេរីភាព​សម្ដែង​មតិ​នោះ​ទេ ហើយ​នីតិរដ្ឋ​របស់​ប្រទេស​ទាំងនោះ គ្រាន់តែ​បំពេញ​មហិច្ឆតា​របស់​មេដឹកនាំ​ផ្ដាច់ការ​ប៉ុណ្ណោះ។

ដោយ​មើលឃើញ​អំពី​ភាព​គ្រោះថ្នាក់​ទៅ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ លោក បៃដិន ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ៤២៤​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សម្រាប់​បណ្ដាញ​ប្រឆាំង​អំពើពុករលួយ​នៃ​អង្គការ​សង្គម​ស៊ីវិល និង​ប្រទេស​ទាំងឡាយ​ណា​ដែល​កំពុង​ពង្រឹង​ប្រជាធិបតេយ្យ ហើយ​ជំនួយ​នេះ​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋ​អាមេរិក (USAID)។

តាមរយៈ​កម្មវិធី​ជំនួយ​នេះ លោក បៃដិន សង្កត់​ធ្ងន់​ថា ប្រជាធិបតេយ្យ​រឹងមាំ និង​យូរអង្វែង គឺ​អាស្រ័យ​ទៅលើ​អ្នក​ប្រជាធិបតេយ្យ​ខ្លួនឯង​ជា​ធំ ដោយ​ត្រូវ​ទទួលស្គាល់​ឆន្ទៈ​របស់​ប្រជាជន។

សម្រាប់​មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ គឺ​សូម្បីតែ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក៏​ធ្លាក់​ចុះ​ដែរ​នៅ​ក្រោម​រដ្ឋការ​មួយ​ដឹកនាំ​ដោយ​មនុស្ស​កាច ឆេវឆាវ ដែល​ទំនង​លោក​ចង់​សំដៅ​ទៅ​ដល់​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ តែ​លោក​ថា​ពេលនេះ អាមេរិក​ត្រូវតែ​មាន​ប្រជាធិបតេយ្យ​មួយ​ខ្លាំង​ឡើងវិញ។

សន្និសីទ​ពិភពលោក​អំពី​ប្រជាធិបតេយ្យ​សកល​នេះ ក៏​មាន​ការ​ចូលរួម​ដោយ​ដែន​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​អាណាខេត្ត​មួយ​របស់​ខ្លួន និង​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ប្រឈម​នឹង​ការ​លើក​ទ័ព​លុកលុយ​ដោយ​មហាអំណាច​រុស្ស៊ី ហើយ​សម្រាប់​ឥណ្ឌា​ដែល​ជា​ប្រជាធិបតេយ្យ​ធំ​ជាងគេ​នៅ​អាស៊ី ក៏​បាន​ចូលរួម​ផង​ដែរ។

យ៉ាងណាក៏ដោយ ចិន និង​រុស្ស៊ី ដែល​ជា​ប្រទេស​មហាអំណាច​ប្រកាន់​យក​របប​កុម្មុយនីស្ត និង​ផ្ដាច់ការ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រតិកម្ម​ប្រឆាំង​នឹង​សន្និសីទ​កំពូល​នេះ។

ឯកអគ្គរដ្ឋទូត​ប្រទេស​ទាំង​ពីរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​ហៅ​រដ្ឋការ​លោក ចូ បៃដិន កំពុង​រៀបចំ​បែងចែក​ប្រព័ន្ធ​មនោគមវិជ្ជា​ពិភពលោក​ទៅ​រក​សង្គ្រាម​ត្រជាក់។ តែ​បែប​នេះ​ក្ដី សម្រាប់​មេដឹកនាំ​ដែល​ចូលរួម​នឹង​សន្និសីទ​នេះ បាន​សរសើរ​លោក ចូ បៃដិន ដោយ​ពួកគេ​សង្ឃឹម​ថា តាមរយៈ​សមិទ្ធផល​កើត​ចេញពី​សន្និសីទ​នេះ នឹង​ធ្វើ​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​កាន់តែ​សាមគ្គី​គ្នា​ខ្លាំងក្លា​ថែមទៀត សំដៅ​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល​រឹងមាំ​ប្រឆាំង​ប្រព័ន្ធ​របប​ផ្ដាច់ការ​និយម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស