31 C
Phnom Penh

ACU ឃាត់​ខ្លួន​ស្នងការ​រង​និង​នាយការិយាល័យ​អន្តរាគមន៍​ខេត្ត​កំពង់ឆ្នាំង​ទាក់ទិន​នឹង​ការ​រំលោភ​ដី​ព្រៃលិចទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ហៅ​កាត់​ថា ACU បាន​សម្រេច​ឃាត់​ខ្លួន​ស្នងការ​រង​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និង​នាយការិយាល័យ​អន្តរាគមន៍ លោក​វរសេនីយ៍ឯក កែវ ណារុន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពី​បាន​រក​ឃើញ​ថា ពួកគេ​ពិតជា​បាន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់ និង​លក់​ដី​ព្រៃលិចទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប្រាកដ​មែន។

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បាន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់ និង​លក់​ដី​ព្រៃលិចទឹក​ប្រាកដ​មែន ចំណែក​នាយការិយាល័យ​អន្តរាគមន៍​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ក៏​បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃលិចទឹក​នេះ​ដែរ។

ប្រភព​ដដែល​អះអាង​ថា ក្រោយពី​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រក​ឃើញ​ថា មន្ត្រី​រាជការ​ទាំង​ពីរ​រូប​នេះ​បាន​ល្មើស​ទៅ​នឹង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា ស្តី​អំពី​ការ​កំណត់​ដែនដី​ព្រៃលិចទឹក​ស្ថិត​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ ACU បាន​សម្រេច​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​ខាងលើ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​តែម្តង។

ការ​ឃាត់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បទបញ្ជា​ដាច់អហង្ការ​ឱ្យ​ស្រាវជ្រាវ និង​ចាប់​ខ្លួន​ឱ្យ​អស់​ចំពោះ​អ្នក​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​ធ្វើជា​កម្មសិទ្ធិ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ហៅ​កាត់​ថា ACU បាន​អញ្ជើញ​លោក ស៊ុំ សុជាតិ និង​លោក កែវ ណារុន មក​សាកសួរ និង​ស្ដាប់​ចម្លើយ​សារភាព​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ព្រៃលិចទឹក​នៅ​តំបន់​៣ ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដែល​ជា​តំបន់​ហាមឃាត់ ក្រោយពី​សាកសួរ​ចប់​សព្វគ្រប់ ACU ក៏​សម្រេច​ឃាត់​ខ្លួន​អ្នក​ទាំង​ពីរ​នោះ​តែម្តង។

ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ធ្នូ នេះ​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​អង្គភាព​ពាក់ព័ន្ធ​លើ​ករណី​រំលោភ​លើ​ដី​ព្រៃលិចទឹក​នេះ។ បន្ថែម​ពី​នេះ លោក​ថា​រដ្ឋាភិបាល​ក៏​ត្រូវ​បន្ត​ស្រាវជ្រាវ​មន្ត្រី​ផ្សេង​ទៀត​ផង​ដែរ​ដែល​បាន​រំលោភ​ទន្ទ្រាន​កាន់កាប់ និង​ជួញដូរ​ដី​ព្រៃលិចទឹក​ទាំងនោះ ត្បិត​មន្ត្រី​ដែល​ប្រព្រឹត្ត​ល្មើស​ក្នុង​ករណី​នេះ​មិនមែន​មាន​តែ​ពីរ​រូប​ខាងលើ​នេះ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ភាព​គង់វង្ស​ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​ត្រូវតែ​ពង្រឹង​យន្តការ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​មាន​ស្រាប់ រួម​មាន​រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាដើម។ ជាង​នេះ​ទៀត គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ត្រូវតែ​ចាត់​វិធានការ​ដោយ​ដាក់​ផែនការ​លើ​អភិបាល​ខេត្ត​ទាំង​៦ និង​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង​យ៉ាងហោចណាស់​ក្នុង​មួយ​ឆ្នាំ​ឱ្យ​បាន​ពីរ​ដង​ដែរ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ នេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ប្តូរផ្តាច់​ចំពោះ​យុទ្ធនាការ​ការពារ និង​ដកហូត​ដី​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ឱ្យ​បាន​ជាដាច់ខាត ដោយ​បន្ត​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​ចំពោះ​ការ​លួច​កាប់​បំផ្លាញ​ព្រៃលិចទឹក​យ៉ាង​អណាធិបតេយ្យ​នៅ​តំបន់​ស្នូល​ផ្ទៃ​បឹង​ទន្លេសាប និង​ការ​វាតទី​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិចទឹក​ទាំងនោះ។

នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នេះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា រយៈពេល​ជិត ៣​សប្តាហ៍​មកនេះ រដ្ឋាភិបាល​បាន​ដកហូត​ដី​ព្រៃលិចទឹក​ដែល​ត្រូវ​បាន​ទន្ទ្រាន​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ត្រឡប់​មក​វិញ​សរុប​ជាង ៤​ម៉ឺន​ហិកតារ ហើយ​ក្នុង​នោះ​ខេត្ត​កំពង់ធំ ប្រគល់​មកវិញ​បាន​ជាង ៥​ពាន់​ហិកតារ និង​ខេត្ត​សៀមរាប ជាដើម ប្រគល់​ជូន​រដ្ឋ​វិញ​បាន ២០៥១​ហិកតារ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​អះអាង​ក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក​រក​ឃើញ​ថា តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ ត្រូវ​បាន​រំលោភបំពាន​ដល់​ទៅ​ជាង ១០​ម៉ឺន​ហិកតារ តែ​មន្ត្រី​មូលដ្ឋាន​កុហក​ថា​ត្រឹម​តែ ៣​ពាន់​ហិកតារ​ប៉ុណ្ណោះ ដោយឡែក​នៅ​ខេត្ត​សៀមរាប មាន​ការ​រំលោភបំពាន​ដី​ព្រៃលិចទឹក​ដល់​ទៅ​រាប់​ម៉ឺន​ហិកតារ​ផង​ដែរ តែ​មន្ត្រី​ថ្នាក់ក្រោម​ឆ្លើយ​ថា ត្រឹម​តែ ២​ពាន់​ហិកតារ​ប៉ុណ្ណោះ។

ជុំវិញ​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នេះ គណៈកម្មការ​អន្តរ​ក្រសួង ចេញ​បង្ក្រាប​បទល្មើស​រំលោភ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់​បឹង​ទន្លេសាប បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៥ ផ្កាយ​២ លោក ភ្លន់ តារា បាន​កាប់​បំផ្លាញ​ព្រៃលិចទឹក និង​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​ប្រមាណ ៦០០​ហិកតារ​នៅ​តំបន់​៣ ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​របស់​រដ្ឋាភិបាល​លើ​លោក​ផ្កាយ​២ នេះ​នៅឡើយ​ទេ។

ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​ថា ការ​ទន្ទ្រាន​កាន់កាប់​ដៃ​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប បាន​កើតឡើង​តាំងពី ១០​ឆ្នាំ​មុន​មក​ម្ល៉េះ ក្នុង​នោះ​មាន​ទាំង​ប្រជាពលរដ្ឋ និង​ឈ្មួញ​ធំៗ រួម​ទាំង​មន្ត្រី​រាជការ​ផង​ដែរ ដែល​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​រៀងៗ​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស