ប្រមុខរដ្ឋាភិបាលខ្មែរដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន អួតថា រដ្ឋាភិបាលរបស់លោកមិនមែនជារដ្ឋាភិបាលកញ្ជើធ្លុះនោះទេ ហើយបើសិនជាមិនមានការផ្ទុះឡើងនៃជំងឺ Covid-19 លោកនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសជាតិឱ្យផ្អើលប្រទេសកម្ពុជាជាមិនខាន។
លោក ហ៊ុន សែន បានអះអាងក្នុងពិធីសម្ពោធអគារមួយក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៣ ធ្នូ នេះថា ប្រសិនបើគ្មានជំងឺរាតត្បាត Covid-19 កើតឡើងទេ រដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពប្រើថវិកាជាតិដែលខ្លួនបានសន្សំប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍឱ្យផ្អើលកម្ពុជាម្តង ប៉ុន្តែដោយសារជំងឺ Covid-19 ថវិកានេះត្រូវបានប្រើអស់ប្រមាណជាពាក់កណ្តាលទៅហើយ។
បុរសខ្លាំងនៅកម្ពុជារូបនេះអះអាងថា រដ្ឋាភិបាលកម្ពុជាបានចំណាយលុយដែលខ្លួនសន្សំអស់ជាង ៣០លានដុល្លារអាមេរិកឯណោះសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួន ក្នុងពេលមានវិបត្តិ Covid-19 តាមរយៈកម្មវិធីជំនួយសង្គមឧបត្ថម្ភគ្រួសារក្រីក្ររងផលប៉ះពាល់ដោយសារវីរុស Covid-19។ បើមិនដូច្នោះទេ លោកនឹងកសាងស្ពានឆ្លងទន្លេឱ្យស្អេកស្កះ ដូចជាស្ពានឆ្លងស្ទឹងព្រែកត្នោត ជាដើម យ៉ាងឆ្ងាយបំផុតត្រឹមតែមួយគីឡូម៉ែត្រឱ្យមានស្ពានមួយពេញដងទន្លេ។
ការអះអាងនេះ ធ្វើឡើងដើម្បីបង្ហាញពីការដឹកនាំរបស់រដ្ឋាភិបាលឯកបក្សរបស់បក្សកាន់អំណាច ក្នុងការអភិវឌ្ឍប្រទេសជាតិដែលរងការរំខានដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺ Covid-19។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ធ្នូ នេះថា រដ្ឋាភិបាលលោក ហ៊ុន សែន ជារដ្ឋាភិបាលកញ្ជើអត់បាត ហើយអ្នកចាំត្រងសម្បត្តិជាតិកម្ពុជាពីកញ្ជើអត់បាតនេះ គឺក្រុមគ្រួសារត្រកូល ហ៊ុន ពួកឧកញ៉ាមន្ត្រីជិតស្និទ្ធនឹងគ្រួសារ ហ៊ុន ក្នុងនោះទ្រព្យសម្បត្តិជាតិទាំងនោះក៏ហៀរហូរធ្លាក់ទៅប្រទេសវៀតណាម និងចិន ផងដែរ។
លោក គឹម សុខ អះអាងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា ពិតជាមានចំណែកនៃជំងឺ Covid-19 មែន ប៉ុន្តែបញ្ហាធំនោះ គឺទីផ្សារអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក GSP និង EBA របស់អឺរ៉ុប ត្រូវបានព្យួរដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន មិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ត្បិតទីផ្សារធំៗទាំងនេះមានចំណែកជួយជំរុញការនាំចេញរបស់កម្ពុជាយ៉ាងតិច ៧៥% នៃតួលេខនាំចេញសរុបរបស់កម្ពុជាកន្លងមក។
អ្នកវិភាគរូបនេះបញ្ជាក់ថា បើកុំតែមានជំងឺ Covid-19 ប្រហែលលោក ហ៊ុន សែន គ្មានលេសបំភ័ន្តភ្នែកពលរដ្ឋខ្មែរនោះទេ ព្រោះថាទ្រព្យសម្បត្តិជាតិរបស់កម្ពុជា ដូចជាឈើប្រណិត កៅស៊ូ រ៉ែ មច្ឆជាតិ ជាដើម ហូរស្ទើរខ្សោះពីកម្ពុជាចូលទៅបង្កើនផលចំណេញសេដ្ឋកិច្ចរបស់វៀតណាម រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ជុំវិញការប្រើប្រាស់ថវិកាជាតិនេះ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានត្អូញត្អែរពីការខ្វះខាតថវិកាដែលនឹងត្រូវចំណាយលើថ្លៃទិញថ្នាំបង្ការជំងឺ Covid-19 បញ្ជាទិញត្រឹមតែ ១លានដូសប៉ុណ្ណោះ ប៉ុន្តែដើម្បីបានលុយទិញថ្នាំបង្ការចាក់ជូនពលរដ្ឋដូចសព្វថ្ងៃនេះ គាត់បានពីការរៃអង្គាសពីឧកញ៉ាធំៗដែលបានថវិកាសរុបប្រមាណជាង ៥០លានដុល្លារអាមេរិក៕