33 C
Phnom Penh

តុលាការ​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​មនុស្ស​ម្នាក់​ទៀត​ក្រោយ​ធ្វើ​កូដកម្ម​អហិង្សា​រក​ដំណោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​លោក សុខ ណារិទ្ធិ នៅ​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន ខណៈ​លោក សុខ គង្គា ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ដោយសារតែ​ពួកគេ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដោះស្រាយ​វិវាទ​ការងារ​ជូន​បុគ្គលិក​កម្មករ។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ និង​សហការី ២​នាក់​ទៀត​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​ថា​បាន​ញុះញង់ និង​រៀបចំ​ការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ណាហ្គា​វើលដ៍។

ក្រោយ​ពី​សាកសួរ​កាលពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ មករា នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​លោក សុខ ណារិទ្ធិ នៅ​ពន្ធនាគារ ខណៈ​លោក សុខ គង្គា ត្រូវ​បាន​ដោះលែង​វិញ​ដោយ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​សហការី​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ ថា ការ​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ក្រុមហ៊ុន ណាហ្គា​វើលដ៍ អស់​រយៈពេល​ជាង ១០​ថ្ងៃ​នោះ ដោយសារ​មេដឹកនាំ​សហជីព​ចំនួន ៣​នាក់​ជា​អ្នក​ដឹកនាំ​ញុះញង់​ប៉ុណ្ណោះ។

មេដឹកនាំ​សហជីព​ទាំង ៣​នាក់​ដែល​លោក សេង ហៀង និយាយ​នោះ គឺ​កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា។ លើស​ពី​នេះ លោក សេង ហៀង ក៏​បាន​អំពាវនាវ​ទៅ​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឈប់​ធ្វើ​បាតុកម្ម និង​នាំគ្នា​ទៅ​ជួប​ចរចា​គ្នា​ជាមួយ​ក្រសួង​ការងារ ដើម្បី​រក​ដំណោះស្រាយ​រវាង​កម្មករ និង​ភាគី​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ផង​ដែរ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ

ទោះបីជា​សមត្ថកិច្ច​បាន​ចាប់​មេដឹកនាំ និង​សមាជិក​សហជីព​យ៉ាងណាក៏ដោយ ក៏​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ណាហ្គា ជាង ១​ពាន់​នាក់​នៅ​មុខ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នៅតែ​បន្ត​ដដែល។

បើ​តាម​ក្រុម​បុគ្គលិក​ដែល​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៥ មករា នេះ លើកឡើង​ថា ទោះបីជា​សមត្ថកិច្ច​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ក៏ដោយ ក៏​ពួកគាត់​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ដែរ ដោយសារ​ការ​តវ៉ា​របស់​ពួកគាត់​នៅ​មុខ​ក្រុមហ៊ុន​កន្លងមក ធ្វើឡើង​ចេញ​ពី​ចិត្ត និង​ទាមទារ​ផលប្រយោជន៍​រួម​របស់​កម្មករ គ្មាន​អ្នក​ណា​ដឹកនាំ​ដូច​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ​ឡើយ។ ពួកគេ​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​អាជ្ញាធរ និង​តុលាការ​ដែល​មិន​បាន​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគាត់ តែ​បែរជា​មក​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ដែល​គ្រាន់តែ​សម្ដែង​មតិ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​ជូន​បុគ្គលិក​ប៉ុណ្ណោះ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៥ មករា នេះ​ថា ដើម្បី​យុត្តិធម៌ និង​ការពារ​សិទ្ធិ​ការងារ​របស់​បុគ្គលិក​រាប់​ពាន់​នាក់ កញ្ញា ឈឹម ស៊ីថរ បាន​លះបង់​កម្លាំង​កាយ​ចិត្ត និង​សេចក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​តតាំង​ទៅ​នឹង​ការ​រំលោភ​បំពាន​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ លោក​មិន​អាច​ឱបដៃ​ឈរ​មើល​ភាព​អយុត្តិធម៌​សង្គម​ដែល​បង្ក​ទ្បើង​ដោយ​អ្នក​មាន​អំណាច និង​ថៅកែ​បរទេស​មក​រំលោភ​ធ្វើ​ស្រែ​លើ​ខ្នង​បុគ្គលិក​និយោជិត​ខ្មែរ​នោះ​ឡើយ។

គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ នេះ ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព ៨​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ដោយសារតែ​ពួកគេ និង​បុគ្គលិក​ជាង ១​ពាន់​នាក់​ទៀត​បាន​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច និង​ទទួល​យក​បុគ្គលិក ៣៦៥​នាក់​ចូល​ធ្វើការ​វិញ។

កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ សង្គម​ស៊ីវិល សហជីព និង​សមាគម​ចំនួន ១១៩​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គា​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវតែ​បញ្ឈប់​ការ​បំភិតបំភ័យ និង​គំរាមកំហែង​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព ដោយ​បញ្ឈប់​ការ​ប្រើប្រាស់​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ ឬ​ការ​បន្ទរ​សារ​បំភិតបំភ័យ​តាមរយៈ​សារព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ១​ពាន់​នាក់ ដោយ​លើកឡើង​ថា ការ​ធ្វើ​កូដកម្ម​អហិង្សា​ជា​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ការងារ​ច្បាប់​ស្ដីពី​សហជីព និង​ផ្អែក​តាម​លក្ខន្តិកៈ​របស់​សហជីព​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ព្យាយាម​ជួយ​បង្វែរ​សាច់រឿង​ពី​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត ទៅ​ជា​រឿង​ខុសច្បាប់​ដោយ​ការ​លាប​ពណ៌​ថា ពួកគេ​កំពុង​ញុះញង់​ឱ្យ​មាន​ចលនា​ខុសច្បាប់។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បង្ហាញ​ថា ក្រុមហ៊ុន ណាហ្គា​វើលដ៍ កំពុង​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​ដោយ​ខុសច្បាប់​ការងារ​កម្រិត​ណា​នោះ​ទេ។ បញ្ហា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា សកម្មភាព​អាជ្ញាធរ​កំពុង​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន ជាជាង​អនុវត្ត​ការងារ​ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស