ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ចោទថា បាតុកម្មខុសច្បាប់របស់ក្រុមសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ មិនមែនជាការអនុវត្តសេរីភាពប្រមូលផ្តុំដោយសន្តិវិធីដែលស្របច្បាប់នោះឡើយ ប៉ុន្តែជាចេតនារំខានដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម និងធ្វើឱ្យមានភាពវឹកវរធ្ងន់ធ្ងរទៅវិញ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នេះថា ការចោទប្រកាន់របស់អាជ្ញាធរកម្ពុជា បានធ្វើឡើងដោយផ្អែកលើមូលដ្ឋានភស្តុតាងរឹងមាំគ្រប់គ្រាន់ ដោយយោងតាមមាត្រានៃក្រមព្រហ្មទណ្ឌ៤៩៤ និង ៤៩៥។
ចំពោះប្រភពដែលបានរិះគន់ការអនុវត្តច្បាប់របស់កម្ពុជា ថាជាការគាបសង្កត់សិទ្ធិសេរីភាពនោះ គឺជាការប្រមាថចំពោះនីតិរដ្ឋយ៉ាងធ្ងន់ធ្ងរដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ។ ប្រភពដដែលបន្តថា ការអនុវត្តច្បាប់ គឺជាការចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីការពារផលប្រយោជន៍ពលរដ្ឋដែលគោរពច្បាប់ និងរារាំងនូវរបៀបវារៈលាក់ពុតរបស់បាតុករដែលជ្រកក្រោមស្លាកបាតុកម្មដោយសន្តិវិធីផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួន និងចោទប្រកាន់ក្រុមសហជីពរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថាបានបង្កចលនាខុសច្បាប់នាំឱ្យមានភាពវឹកវរក្នុងសង្គម ដែលនឹងត្រូវចាត់វិធានការបង្ក្រាបជាបន្ទាន់នៅពេលនេះ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មករា នេះថា ការអះអាងរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា គ្រាន់តែជាការទទួលបញ្ជាពីមន្ត្រីថ្នាក់លើរបស់ខ្លួនឱ្យជួយនិយាយបិទបាំងទង្វើរំលោភសិទ្ធិមនុស្សរបស់ពួកគេប៉ុណ្ណោះ មិនមែនជាការលើកឡើងប្រកបដោយវិជ្ជាជីវៈស្របតាមច្បាប់ដែលមានចែងពីសិទ្ធិពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។
លោក មឿន តុលា អះអាងថា ដើម្បីដោះស្រាយវិវាទដោយយុត្តិធម៌ រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ ត្រូវតែពិនិត្យមើលការស្នើសុំរបស់បុគ្គលិកទាំង ៩ចំណុច ក្នុងនោះ បុគ្គលិកបានស្នើឱ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍លុបចោលនូវលក្ខខណ្ឌដែលរំលោភលើច្បាប់ការងារមួយចំនួន ដូចជាមិនអនុញ្ញាតឱ្យបុគ្គលិកមានផ្ទៃពោះបម្រើការងារក្នុងរយៈពេល ៣ឆ្នាំដំបូងមុនក្លាយជាបុគ្គលិកពេញសិទ្ធិ ជាដើម។ លោកបន្តថា លក្ខខណ្ឌរបស់ក្រុមហ៊ុនបែបនេះ គឺជាការរំលោភលើសិទ្ធិការងាររបស់កម្មករនិយោជិតទាំងស្រុង។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះ បញ្ជាក់ថា ដើម្បីអាចចរចាបញ្ចប់វិវាទនេះបាន លុះត្រាតែអាជ្ញាធរដោះលែងតំណាងកម្មករនិយោជិតដែលជាប្រធានសហជីពដែលសមត្ថកិច្ចចាប់ខ្លួនជាមុនសិន បន្ទាប់មកទើបអាចបើកការចរចាដើម្បីបញ្ចប់វិវាទនេះបាន។
លោកថា ប្រសិនក្រុមហ៊ុន និងក្រសួងការងារបង្ខំឱ្យកម្មករនិយោជិតចូលចរចាក្នុងស្ថានភាពដែលប្រធានសហជីពជាតំណាងរបស់ពួកគេត្រូវបានសមត្ថកិច្ចឃុំខ្លួននោះ គឺជាទង្វើអយុត្តិធម៌ខ្លាំងណាស់សម្រាប់កម្មករនិយោជិតទាំងនោះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រួមមានលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នកស្រី អាយរីន ខាន់ (Irene Khan) អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) និងអ្នកជំនាញជាច្រើនរូបទៀត បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើអាជ្ញាធរកម្ពុជា ដែលបានបំបែកកូដកម្ម និងចាប់ខ្លួនមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដាក់ពន្ធនាគារជាបន្តបន្ទាប់នៅពេលនេះ។ ពួកគេនិយាយថា សកម្មភាពរបស់សមត្ថកិច្ចកម្ពុជាទាំងនេះ បានអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញដែលបានចែងច្បាស់អំពីសិទ្ធិធ្វើកូដកម្ម និងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំងផ្ទុយពីមាត្រា៣១៩ នៃច្បាប់ស្ដីពីការងារកម្ពុជា ដែលបានធានានូវសិទ្ធិធ្វើកូដកម្មផងដែរ។
ទាក់ទិននឹងបញ្ហានេះ របាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក The World Justice Project ក៏បានរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៣៨ ក្នុងចំណោមប្រទេស១៣៩ ដោយសារតែការដឹកនាំគ្មានតម្លាភាព ការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម៕