33 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​ណាហ្គា​ដាក់​គុក គឺ​បង្ហាញ​ភាព​លម្អៀង​របស់​អាជ្ញាធរ​ទៅ​ក្រុមហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ដាក់​ពន្ធនាគារ និង​ការ​គាបសង្កត់​តាម​រូបភាព​ផ្សេង​ទៀត គឺ​បង្ហាញ​ពី​ភាព​លម្អៀង​របស់​អាជ្ញាធរ​ទៅ​ខាង​ក្រុមហ៊ុន​កាស៊ីណូ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រាជការ​បាត់បង់​នូវ​អព្យាក្រឹត និង​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ មករា នេះ​ថា ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ អាជ្ញាធរ​ត្រូវតែ​ប្រគល់​សេរីភាព​ដល់​ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ទាំងនោះ​វិញ ហើយ​ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ត្រូវតែ​ប្រកាន់​ជំហរ​អព្យាក្រឹត​ដាច់ខាត នោះ​ទើប​វិវាទ​រវាង​កម្មករ និង​ក្រុមហ៊ុន ណាហ្គា​វើលដ៍ អាច​រក​ដំណោះស្រាយ​បាន​ដោយ​យុត្តិធម៌។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការ​ដោះស្រាយ​វិវាទ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ពលរដ្ឋ អាជ្ញាធរ​ដែល​ជា​ភ្នាក់ងារ​របស់​រដ្ឋ ក្រៅពី​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ គឺ​ត្រូវ​យកចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ការ​រំលោភ​បំពាន​ណា​មួយ​លើ​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ថែម​ទៀត។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​អសមត្ថភាព​របស់​សមត្ថកិច្ច​លើ​ការ​ដោះស្រាយ​វិវាទ​ជូន​ពលរដ្ឋ ក៏​ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ជ្រៅ​អំពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ថា​ជា​រដ្ឋាភិបាល​ដែល​ខ្វះ​សមត្ថភាព គ្មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការ​កសាង​រៀបចំ​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន ទើប​មិន​អាច​ធានា​បាន​នូវ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ឱ្យ​បាន​សមរម្យ​ដូច​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ។

គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​អស់​រយៈពេល ២៦​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ នេះ ប៉ុន្តែ​ខាង​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នៅតែ​មិន​អាច​ផ្តល់​ដំណោះស្រាយ​សមស្រប​ណា​មួយ​ជូន​ពួកគេ​បាន​នៅឡើយ ខណៈ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​កូដករ​ទាំងនោះ​ជាបន្តបន្ទាប់ និង​ប្រើ​វិធី​បង្ក្រាប​គ្រប់​ទម្រង់​លើ​ក្រុម​កូដករ​ទាំងនោះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដែល​ក្រុមហ៊ុន​មិន​បាន​បញ្ឈប់ ក៏​បាន​នាំគ្នា​បញ្ចេញ​ប្រតិកម្ម​ព្រោងព្រាត​លើ​បណ្តេញ​សង្គម​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​មួយ​នេះ​ទទួល​យក​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង ៣៦៥​នាក់​ឱ្យ​ចូល​ធ្វើការ​វិញ ដូចជា​កញ្ញា អោម ចន្ថន កញ្ញា សៅ គឹមឡាយ កញ្ញា នៅ រត្នវត្តី និង​បុគ្គលិក​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កញ្ញា ជួប សុគន្ធ អះអាង​នៅ​ថ្ងៃ​ពុធ ទី​១២ មករា នេះ​ថា កញ្ញា​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដែល​មិន​មាន​ឈ្មោះ​កាត់​ចេញពី​ក្រុមហ៊ុន​ទេ ប៉ុន្តែ​កញ្ញា​ស្ម័គ្រចិត្ត​ដើរ​ចេញពី​ក្រុមហ៊ុន​ដើម្បី​ចូលរួម​ធ្វើ​កូដកម្ម ក្នុង​បំណង​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​សហជីព និង​សមាជិក​សហជីព​ទាំង ៣៦៥​នាក់​ចូល​ធ្វើការ​វិញ។

កញ្ញា ជួប សុគន្ធ បញ្ជាក់​ថា ការ​ចូលរួម​ជាមួយ​កូដករ​ទាំងនេះ ដោយសារ​កញ្ញា​មិន​អាច​ទ្រាំ​ឈរ​ឱប​ដៃ​មើល​នូវ​ភាព​អយុត្តិធម៌​ដែល​គ្រាន់តែ​កម្មករ​ប្រើប្រាស់​សិទ្ធិ​ទាមទារ​រក​យុត្តិធម៌​ដោយ​ស្រប​ច្បាប់ តែ​បែរ​ត្រូវ​រង​ការ​ចោទប្រកាន់​រហូត​ជនរងគ្រោះ​ក្លាយ​ទៅជា​អ្នក​ទោស ដោយ​មាន​ការ​ចោទប្រកាន់​លាប​ពណ៌​ទាំង​អយុត្តិធម៌​លើ​ពួកគេ​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​អះអាង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា នេះ​ថា រហូត​មក​ទល់​ពេលនេះ ស្ថាប័ន​ពាក់ព័ន្ធ​មិន​មាន​ចំណាត់ការ​ណា​មួយ​រក​ដំណោះស្រាយ​ជូន​កូដករ ក្រៅពី​ការ​ចាក់​មេក្រូ​ប្រកាស​ពី​លិខិត​អញ្ជើញ​កូដករ​ឲ្យ​ទៅ​ដោះស្រាយ​ទទួល​សំណង​នោះ​ឡើយ។

យ៉ាងណាក៏ដោយ កូដករ​ទាំងនោះ​បាន​ប្រកាស​ពី​ជំហរ​របស់​ពួកគេ​ហើយ​ថា ពួកគេ​នឹង​បន្ត​ការ​ធ្វើ​កូដកម្ម​រហូត​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគេ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ​តាម​សំណើ​របស់​កម្មករ​ស្រប​នឹង​ច្បាប់​ការងារ​ផង​ដែរ។

ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ប្រើ​មេក្រូ និង​ឧបករណ៍​បំពង​សំឡេង​ផ្សេង​ទៀត​ចាក់​សំឡេង​រំខាន​កូដករ ក្នុង​ចេតនា​ដើម្បី​កុំ​ឱ្យ​កូដករ​ទាំងនោះ​ប្រើ​ឧគ្ឃោសនាសព្ទ​ធ្វើការ​តវ៉ា​ទាមទារ​ទៅ​កាន់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បន្ត​ទៀត។

គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ នេះ​មាន​រយៈពេល ១៣​ថ្ងៃ​ហើយ​ដែល​ប្រធាន​សហជីព​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ទាំង ៨​នាក់ ដូចជា កញ្ញា ឈឹម ស៊ីថរ ជាដើម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ បង្ក​ការ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស