30.1 C
Phnom Penh

៣៧​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី បុរស​ខ្លាំង​កម្ពុជា​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

គិត​មក​ដល់​ថ្ងៃ​នេះ គឺជា​រយៈពេល ៣៧​ឆ្នាំ​ដែល​បុរស​ខ្លាំង​កម្ពុជា​នៅ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ដែល​អ្នក​តាមដាន​សង្គម​លើកឡើង​ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ។

បុរស​ខ្លាំង​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា លោក​គឺជា​មេដឹកនាំ​ម្នាក់​ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដែល​ក្មេង​ជាងគេ ហើយ​ក៏​កាន់​អំណាច​បាន​យូរ​ជាងគេ កម្រ​មាន​មេដឹកនាំ​ណា​ធ្វើ​បាន​ណាស់។

បុរស​ខ្លាំង​កម្ពុជា ត្រូវ​បាន​គេហទំព័រ Wikipedia សរសេរ​ថា​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​៤០ ដែល​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក។

បុរស​ខ្លាំង​កម្ពុជា​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ដោយ​មិន​មាន​ការ​បោះឆ្នោត​ពី​ពលរដ្ឋ​នោះ​ទេ គឺ​នៅ​ឆ្នាំ​១៩៨៥ ជំនួស​លោក ចាន់ ស៊ី ដែល​ទទួល​មរណភាព។ តែ​ទាំង​លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី និង​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​ចាត់តាំង​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី ដែល​កាលណោះ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ជា​របប​សង្គម​និយម​មាន​សម្ពន្ធភាព​ជិតស្និទ្ធ​ជាមួយ​បក្ស​កុម្មុយនីស្ត​វៀតណាម។

បុរស​ដែល​បាន​កាន់​តំណែង​យូរ​ជាងគេ​នៅ​តំបន់​អាស៊ី​រូប​នេះ បាន​បញ្ជាក់​ថា «អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ភ្ញាក់ផ្អើល​បំផុត គឺ​ការ​បោះឆ្នោត​ជា​សម្ងាត់​នៅ​ក្នុង​រដ្ឋសភា គឺ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ១០០%។ គ្មាន​សន្លឹកឆ្នោត​ប្រឆាំង គ្មាន​សន្លឹកឆ្នោត​អនុប្បវាទ គ្មាន​សន្លឹកឆ្នោត​មោឃៈ។ នាយករដ្ឋមន្ត្រី​ពីរ​រូប​មុន​លោក តែង​មាន​សន្លឹកឆ្នោត​ប្រឆាំង​មិន​តិច​ជាង ៥​សំឡេង។ កម្លាំង​គាំទ្រ​ដ៏​ខ្លាំង​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​សម្រេច​បាន​នូវ​របៀបវារៈ​នយោបាយ​ដែល​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ទទួល​ផល​រហូត​សព្វថ្ងៃ​នេះ»

ក្រោយ​ពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) បុរស​ខ្លាំង​កម្ពុជា​បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្ដង​ទៀត​នៅ​ឆ្នាំ​១៩៩៣ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​២ តែ​កាលណោះ​ជា​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ កើត​ចេញពី​ការ​បោះឆ្នោត។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ឲ្យ​ដឹង​ថា ៣៧​ឆ្នាំ​គឺជា​ពេលវេលា​ដ៏​យូរ។ បុរស​អាយុ ៣៧​ឆ្នាំ​ម្នាក់​កើត​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ស្គាល់​មេដឹកនាំ​ផ្សេង​ក្នុង​មួយ​ជីវិត​របស់​គាត់​នោះ​ទេ។ តើ​វា​មិន​គ្រប់គ្រាន់​ទេ?

លោក​បន្ថែម​ទៀត​ថា សមិទ្ធផល​ក្នុង​រយៈពេល ៣៧​ឆ្នាំ គឺ​ថា​មាន​ហេដ្ឋារចនាសម្ព័ន្ធ កម្រិត​ជីវភាព​បាន​ប្រសើរ​ឡើង ប៉ុន្តែ​តើ​ពួកគេ​អាច​កែលំអ​ដោយ​ខ្លួនឯង​បាន​ទេ? ប្រហែល​ជា​ទេ។ គោលនយោបាយ​របស់​បុរស​ខ្លាំង​កម្ពុជា​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ លោក​បន្ថែម​ទៀត​ថា ៖ «អ្វី​ដែល​ល្អ គឺ​មាន​សន្តិភាព​ខ្លះ និង​មាន​ការ​អភិវឌ្ឍ​ខ្លះ។ សន្តិភាព​គឺជា​សន្តិភាព​អវិជ្ជមាន​ដែល​មិន​បាន​បង្រួបបង្រួម​គ្នា ដែល​មូលហេតុ​នៃ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ។ ការ​អភិវឌ្ឍ​មិន​ស្មើ​គ្នា ដែល​អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់តែ​ក្រ»

លោក​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា បុរស​ខ្លាំង​កម្ពុជា​គួរតែ​ធ្វើ​សម្រាប់​អ្នក​ជំនាន់​ក្រោយ គឺ​ត្រូវតែ​ផ្តល់​ឱ្យ​ពួកគេ​នូវ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សេរីភាព​កាន់តែ​ច្រើន។ ការ​ដើរ​ក្បួន​ដ៏​វែង​នៃ​ប្រវត្តិសាស្ត្រ គឺ​ឆ្ពោះ​ទៅ​រក​រឿង​ទាំងនេះ។ លោក​បន្ថែម​ថា៖ «ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ថយ​ក្រោយ​ច្រើន​ពេក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ យុវជន​ចង់​មាន​ពាក្យ​និយាយ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​គេ​ប្រាប់​ថា​មិន​បាច់​ចង់​និយាយ​ទេ។ ពួកគេ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ចាំ​សិន»

សម្រាប់​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​កាន់​អំណាច​យូរ​របស់​អ្នក​នយោបាយ​ណា​ក៏ដោយ គឺជា​រឿង​មួយ​ដែល​មិន​ល្អ​ឡើយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​ថា៖ «បើ​ទោះបីជា​ប្រទេស​កុម្មុយនីស្ត​ក៏ដោយ ក៏​គេ​មាន​ការ​បោះឆ្នោត​រើស​មេដឹកនាំ​ផ្សេងៗ​ពី​គ្នា​ផង​ដែរ ដោយសារតែ​ក្នុង​រយៈពេល​កាន់​អំណាច​វែង មេដឹកនាំ​ទាំងឡាយ​អាច​នឹង​បង្ក​នូវ​កំហុស​ច្រើន​ទាំង​ចេតនា ឬ​អចេតនា»

លោក​បន្ត​ទៀត​ថា មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ដែល​កាន់​អំណាច​យូរ​ទៅ អាច​ឈាន​ទៅ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ ដែល​មិន​យូរ​ប៉ុន្មាន ប្រជាពលរដ្ឋ​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ទម្លាក់​មេដឹកនាំ​ទាំងនោះ។ លោក​បន្ថែម​ថា៖ «នៅ​ពេល​ដែល​មាន​កំហុស​ច្រើន គឺ​ធ្វើ​ឲ្យ​មេដឹកនាំ​នោះ​អាច​នឹង​ធ្វើ​អ្វីៗ​ដើម្បី​ការពារ​អំណាច​ខ្លួនឯង​មិន​ឲ្យ​បាត់បង់ ព្រោះ​ខ្លាច​ពេល​ខ្លួនឯង​បាត់បង់​អំណាច​ទៅ អាច​នឹង​មាន​ការ​កាត់​ទោស»

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ឲ្យ​ដឹង​ថា នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន ចំណុច​អាក្រក់​គឺ​ពាក់កណ្តាល​សង្គ្រាម រហូត​ដល់​មាន​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ពេល​ដែល​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​រហូត​ដល់​លុបបំបាត់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មិន​គោរព​សិទ្ធិមនុស្ស រំលោភ​រដ្ឋធម្មនុញ្ញ ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ និង​មិន​មាន​ឯកភាព​ជាតិ។

លោក​ថ្លែង​ថា ចំណុច​ល្អ​គឺ​បាន​បញ្ចប់​សង្គ្រាម បាន​កសាង​ប្រទេស​ឡើងវិញ អភិវឌ្ឍ​សេដ្ឋកិច្ច ពលរដ្ឋ​រស់នៅ​សុខ​សន្តិភាព គ្មាន​អ្នក​រស់នៅ​ដោយ​អត់​បាយ​ទេ។ លោក​ថា៖ «គេ​អភិវឌ្ឍ​ពី​អ្នក​មាន​ចេះ​តែ​មាន អ្នក​ក្រ ក្រ​កាន់​តែ​ខ្លាំង អភិវឌ្ឍ​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​ដូចជា​ព្រៃឈើ​ត្រូវ​បាត់បង់ ជំពាក់​បំណុល​បរទេស​កាន់តែ​ច្រើន។ ជនជាតិ​ចិន​ហូរ​ចូល​ប្រទេស​កាន់តែ​ច្រើន ចំណែក​ឯ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ប្រទេស​ស្រាប់ ក៏​បន្ត​រស់នៅ​ធម្មតា»

លោក​ថា​ជា​ប្រវត្តិសាស្ត្រ អ្នក​ដឹកនាំ​ពី​មុនៗ​មក គឺ​មាន​ការ​បែកបាក់​គ្នា​រហូត ពុំ​សូវ​គិត​រឿង​ឯកភាព​ជាតិ​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ប្រទេស​នៅតែ​មាន​ការ​បែកបាក់​គ្នា​រហូត​មក។ លោក​ថ្លែង​ថា៖ «អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ពេលនេះ គឺ​ការ​ឯកភាព​ជាតិ​គ្នា ដើម្បី​កសាង​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន ដើរ​តាម​លំនាំ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ រឿង​ឯកភាព​ជាតិ​គ្នា គឺជា​រឿង​សំខាន់​បំផុត​ដែល​ត្រូវ​ធ្វើ​នៅ​ពេលនេះ»

បុរស​ខ្លាំង​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ និង​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដោយ​ព្រះមហាក្សត្រ​រាជានុញ្ញាត​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងមក។

បុរស​ខ្លាំង​កម្ពុជា​បញ្ជាក់​ថា កុំ​និយាយ​ថា​រដ្ឋាភិបាល​នេះ​ផ្ដាច់ការ ព្រោះ​បើ​ផ្ដាច់ការ ប្រជាជន​មិន​មែន​នៅ​ជាមួយ​ទេ។ គ្មាន​នរណា​ផ្ដាច់ការ​ជាង ប៉ុល ពត នោះ​ទេ គេ​នៅ​បាន​តែ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ចំណែក​ឯ ហ៊ុន សែន ដឹកនាំ​រាជរដ្ឋាភិបាល​ជាង ៤០​ឆ្នាំ។

ថ្លែង​ក្នុង​ឯកសណ្ឋាន​ជា​យោធា​ពាក់​ផ្កាយ​មាស​៥ ផុត​លេខ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្ដីការ​នៃ​ក្រសួង​ការពារ​ជាតិ កាល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ កន្លងមក លោក ហ៊ុន សែន អះអាង​ថា ចាប់ពី​ឆ្នាំ​២០២៣ ខាងមុខ​នេះ​តទៅ លោក​នឹង​ក្លាយ​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​ហើយ។ សារ​នយោបាយ​របស់​លោក ហ៊ុន សែន ទំនង​ជា​លោក​ចង់​ប្រាប់​ថា លោក​នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដូច​បច្ចុប្បន្ន​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ឆាប់ៗ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស