34 C
Phnom Penh

លោក ហ៊ុន សែន ថា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ត្រីភាគី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អះអាង​ថា ដើម្បី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ និង​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​ភូមា គឺ​ត្រូវតែ​មាន​ប្រធាន​អាស៊ាន​ក្នុង​ពេល​បច្ចុប្បន្ន ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន និង​ប្រធាន​អាស៊ាន​ដែល​នឹង​ចូល​កាន់​កិច្ចការ​ក្រោយ​កម្ពុជា ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ ដើម្បី​ធ្វើ​កិច្ចការ​នេះ។

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ក្រោយ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ (Lim Jock Hoi) ថា លោក​មាន​គោលបំណង ៣​សំខាន់ៗ​ចំពោះ​ប្រទេស​ភូមា គឺ​ចង់​ឲ្យ​មាន​បទ​ឈប់​បាញ់ បញ្ឈប់​អំពើ​ហិង្សា ផ្ដល់​ជំនួយ​ដល់​ប្រជាជន​ភូមា និង​បើក​ច្រក​ទ្វារ​នៃ​ការ​ចរចា​រក​ដំណោះស្រាយ ជាពិសេស​សម្រាប់​ប្រេសិត​ពិសេស​អាស៊ាន​តែម្តង។

មេដឹកនាំ​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន អះអាង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​ភូមា កាលពី​ពេល​កន្លងទៅ​នេះ គឺ​មាន​គោលបំណង​ចង់​ជួយ​ឱ្យ​ប្រទេស​ភូមា ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ អាច​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់ និង​ដើម្បី​ភាព​ចុះ​សម្រុង​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត​ផង​ដែរ។

លោក ហ៊ុន សែន ជំរុញ​ឱ្យ​អគ្គលេខាធិការ​អាស៊ាន​រៀបចំ​កិច្ចប្រជុំ​ពេញ​អង្គ​មួយ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រទេស​ភូមា ព្រោះ​ថា​កន្លងមក ប្រទេស​ជប៉ុន ក៏​បាន​គាំទ្រ​ចំពោះ​គំនិត​បង្កើត​កិច្ចប្រជុំ​ដើម្បី​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រទេស​ភូមា​នេះ​ផង​ដែរ។

ការ​អះអាង​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដើរ​តួនាទី​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២ នេះ ប៉ុន្តែ​ក៏​កំពុង​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ខណៈ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ កំពុង​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ។

នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា ប្រសិនបើ​មាន​ការ​បាក់បែក​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដោយសារតែ​បញ្ហា​ក្នុង​ប្រទេស​ភូមា នោះ​ការ​បាក់បែក​នេះ គឺ​បណ្តាល​មកពី​ប្រទេស​សមាជិក​ដែល​បាន​បង្កើត​បញ្ហា និង​ប្រទេស​សមាជិក​ដែល​បាន​ចូល​ខ្លួន​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​នោះ​តែម្តង ព្រោះ​ថា​ពួកគេ​ប្រាកដ​ជា​ធ្វើ​កិច្ចការ​ខុស​ពី​របៀបរបប​របស់​អាស៊ាន​ដែល​ធ្លាប់​ធ្វើ​កន្លងមក​ជាក់​ជាមិនខាន។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​អះអាង​ថា អាស៊ាន​តែងតែ​ប្រើប្រាស់​ការ​សម្របសម្រួល​គ្នា ការ​មូលមតិ​គ្នា និង​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​ជា​ប្រចាំ​នៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេច​ផ្សេងៗ ព្រោះ​ថា​ការ​ដោះស្រាយ​បញ្ហា​ដោយ​ការ​យក​មតិ​គ្នា​ជា​មូលដ្ឋាន​បែប​នេះ គឺ​ដើម្បី​កុំ​ឱ្យ​សមាជិក​ទាំងអស់​មាន​ទំនាស់​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា មុន​ពេល​ប្រទេស ៤ ថ្មី​ទៀត​ចូល​ជា​សមាជិក​អាស៊ាន​បង្គ្រប់ ១០ ដូច​សព្វថ្ងៃ ដូចជា កម្ពុជា ជាដើម ប្រទេស​សមាជិក​ស្ថាបនិក​អាស៊ាន​ដើម​ដំបូង​ទាំង ៥ មាន​របៀបរបប​ធ្វើការ​ជាមួយ​គ្នា​ជា​ក្រុម​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព និង​មាន​លំដាប់​លំដោយ​បាន​យ៉ាង​ល្អ ដែល​គេ​ហៅ​ថា​របៀបរបប​អាស៊ាន​ដែល​ជា​គុណតម្លៃ​ស្នូល​មួយ​របស់​អាស៊ាន​ផង​ដែរ។

ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​បេសកកម្ម​លើកដំបូង​របស់​ខ្លួន ដែល​មិន​គោរព​ទៅ​តាម​ការ​សម្រេច​រួម​របស់​អាស៊ាន​ក្នុង​ការ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ក្នុង​នោះ​របប​សឹក​ភូមា​ក៏​មិន​បាន​គោរព​កិច្ចសន្យា​នូវ​បទ​ឈប់​បាញ់​នោះ​ទេ។ ជាង​នេះ​ទៀត កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​កម្ពុជា ក៏​ត្រូវ​ប្រទេស​ជា​សមាជិក​ទាំងនោះ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ ធ្លាប់​បាន​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ថា ក្រោយ​ឆ្នាំ​២០២២ នេះ អាស៊ាន​អាច​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង ១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​នេះ​ឱ្យ​បាន​ល្អ​ទេ​នោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ដើម្បី​ឱ្យ​មេដឹកនាំ​កម្ពុជា​ដើរ​តួនាទី​ជា​ប្រធាន​អាស៊ាន​ឱ្យ​បាន​ត្រឹមត្រូវ​ពេញ​លក្ខណៈ លោក ហ៊ុន សែន ត្រូវតែ​ប្រើ​តួនាទី​របស់​ខ្លួន​ស្រប​តាម​គោលការណ៍​អាស៊ាន ជាពិសេស​លក្ខខណ្ឌ​ទាំង ៥​ចំណុច​ដែល​អាស៊ាន​សម្រេច​កាលពី​ពេល​កន្លងទៅ​សម្រាប់​ដាក់​ឱ្យ​មេ​យោធា​ផ្ដាច់ការ​ភូមា យក​ទៅ​អនុវត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស