29 C
Phnom Penh

សង្គម​ស៊ីវិល៖ បញ្ចូល​ថ្ងៃ​២៣​តុលា​និង​១០​ធ្នូ​ក្នុង​ប្រតិទិន​ប្រសើរ​ជាង​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​ដាក់​បញ្ចូល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ជា «ទិវា​នយោបាយ​ឈ្នះ​ឈ្នះ» ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២២ នេះ​តទៅ តែ​មិន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​នោះ​ទេ ដោយ​បង្គាប់​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​ចង​បដា​ពាក្យ​ស្លោក «អរគុណ​សន្តិភាព»។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ជា​ការ​កេង​ចំណេញ​នយោបាយ។

យោង​តាម​សារាចរ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៨ មករា នេះ ឱ្យ​ដឹង​ថា គ្រប់​ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និង​គ្រឹះស្ថាន​សាធារណៈ​ឯកជន​ទាំងអស់ ត្រូវ​កំណត់​យក​ទិវា «នយោបាយ​ឈ្នះ​ឈ្នះ» ថ្ងៃ​ទី​២៩ ខែ​ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ដោយ​មិន​ឈប់​សម្រាក​ចាប់ពី​ឆ្នាំ​២០២២ នេះ​តទៅ។

សារាចរ​ណែនាំ​ពី​បុរស​ខ្លាំង បង្គាប់​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី-ខេត្ត​ទាំងនោះ ត្រូវ​រៀបចំ​ចង​បដា​ពាក្យ​ស្លោក ដើម្បី​អបអរ​សាទរ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ដែល​មាន​ខ្លឹមសារ​ថា «អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ! ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ»។

សារាចរ​ដដែល​មាន​ខ្លឹមសារ​ថា រយៈពេល ២៣​ឆ្នាំ​កន្លងមក​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ជា​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម និង​ទទួល​បាន​សន្តិភាព​ពេញលេញ។ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ជា​គោលនយោបាយ​ដ៏​ធំ​មួយ​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​ឆ្លងកាត់​នូវ​ដំណាក់កាល​សង្គ្រាម ដំណាក់កាល​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដំណាក់​សង្គ្រាម​ផង និង​ចរចា​ផង រហូត​ដល់​ការ​លេចឡើង​វត្តមាន​នយោបាយ​ឈ្នះ​ឈ្នះ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ និយាយ​ថា លោក ហ៊ុន សែន រើស​យក​មាគ៌ា​នយោបាយ ប.ប.ប.ប (ប​៤) គឺ​បញ្ឆោត បោក បំបែក បំបាក់​ស្មារតី​គូបដិបក្ខ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​កំណត់​យក​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​នេះ គឺជា​ការ​ដឹងគុណ កតញ្ញូ និង​ការ​ចងចាំ​ចំពោះ​គុណបំណាច់​របស់​រដ្ឋាភិបាល​ដែល​បាន​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ទាំងស្រុង នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨។

នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ បុរស​ខ្លាំង លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ពិនិត្យ និង​ដាក់ «ទិវា​នយោបាយ​ឈ្នះ​ឈ្នះ» ថ្ងៃ​ទី​២៩ ខែ​ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដើម្បី​រំឭក​ដល់​ការ​បង្រួបបង្រួម​ជាតិ បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា និង​នាំ​មក​នូវ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស។

នយោបាយ​ឈ្នះ​ឈ្នះ​របស់​បុរស​ខ្លាំង​កម្ពុជា មាន​ខ្លឹមសារ​ស្នូល​បី គឺ «ជីវិត កម្មសិទ្ធិ និង​អាជីព» ដោយ​ធានា​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ និង​អាយុ​ជីវិត ធានា​អាជីព មុខរបរ ធានា​កម្មសិទ្ធិ និង​ទ្រព្យសម្បត្តិ​ដែល​បាន​ធ្វើ​ឱ្យ​អង្គការ​ចាត់តាំង​ទាំង​ខាង​នយោបាយ និង​យោធា​របស់​ពួក​ឧទ្ទាម​ខ្មែរក្រហម ត្រូវ​រលំ​រលាយ​ជា​ស្ថាពរ បង្កើត​បាន​សន្តិភាព​ពេញលេញ និង​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង​ចាប់ពី​ចុង​ឆ្នាំ​១៩៩៨ មក។

អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា មេដឹកនាំ​ប្រទេស​នីមួយៗ​មាន​វិធីសាស្ត្រ​ដឹកនាំ និង​របៀប​ធ្វើការ​ដោយឡែកៗ​ពី​គ្នា មិន​អាច​ចាប់​បង្ខំ​ឲ្យ​ធ្វើ​តាម​អ្នក​នេះ​អ្នក​នោះ​បាន​ទេ។ លោក​បាន​លើកឡើង​ទៀត​ថា គ្មាន​មេដឹកនាំ​ណា​មិន​ចង់​ការពារ​នយោបាយ​ដឹកនាំ​របស់​ខ្លួន​ទេ។ ការ​ដឹកនាំ​ប្រទេស​ជា​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឈ្នះ​ឆ្នោត ដែល​ត្រូវ​យក​មក​អនុវត្ត និង​ការពារ។

ជុំវិញ​សារ​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល បណ្ឌិត មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បាន​ថ្លែង​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​ទទួល​បាន​សន្តិភាព​ឲ្យ​ស្មើ​ភាព​គ្នា​នៅឡើយ​ទេ។ លោក​បន្ត​ថា សន្តិភាព​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ពេញ​លក្ខណៈ​នៅឡើយ។

ចំណែក​ឯ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែង​ប្រាប់​សារព័ត៌មាន The Cambodia Daily ដឹង​ថា ជា​ការ​យល់​ឃើញ​របស់​លោក​ក្នុង​ស្ថានភាព​នយោបាយ​មិន​ល្អ​ប្រសើរ​បែប​នេះ មិន​គួរ​ដាក់​ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ក្នុង​ប្រតិទិន ដើម្បី​ឲ្យ​អ្នក​គ្រប់​គ្នា​គោរព​នោះ​ទេ។ លោក​ថា ប្រសិនបើ​យើង​ពិនិត្យ​មើល​គុណតម្លៃ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​ឯកភាព​រវាង​អ្នក​នយោបាយ​គ្រប់​ភាគី​នៅឡើយ​ទេ ព្រោះ​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន​ពី​មតិ​ពលរដ្ឋ និង​អ្នក​នយោបាយ​ដែល​មាន​មតិ​ផ្ទុយ​មួយ​ចំនួន។

លោក ស៊ឹង សែនករុណា បន្ត​ថា បើ​ប្រៀបធៀប​គុណតម្លៃ​នេះ​ជាមួយ​នឹង​ថ្ងៃ​ទី​២៣ តុលា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ទិវា ១០ ធ្នូ សិទ្ធិមនុស្ស​អន្តរជាតិ គឺ​មាន​តម្លៃ​ជា​លក្ខណៈ​អន្តរជាតិ ជា​សកល ហើយ​មាន​ការ​ឯកភាព​មូលមាត់គ្នា​ភាគច្រើន​លើសលប់ ប៉ុន្តែ​បែរជា​មិន​ត្រូវ​បាន​លើក​តម្លៃ​ទៅវិញ។

លោក​បាន​លើកឡើង​ទៀត​ថា ការ​ដែល​លើក​យក​ព្រឹត្តិការណ៍​មួយ​ក្នុង​ន័យ​ចំណេញ​លើ​ផ្នែក​នយោបាយ​ណា​មួយ​ក្នុង​កាលៈទេសៈ​នេះ ពិត​ណាស់​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ពិបាក​នឹង​ទទួល​បាន​ការ​សាទរ និង​ការ​គោរព​ពី​ពលរដ្ឋ និង​អ្នក​នយោបាយ​ទាំងអស់​គ្នា។ លោក​ថា​គួរ​ដាក់​ថ្ងៃ​ទី​២៣ តុលា និង​ថ្ងៃ​ទី​១០ ធ្នូ បញ្ចូល​ប្រតិទិន​វិញ ព្រោះ​គុណតម្លៃ​នៃ​ថ្ងៃ​នេះ​មាន​ន័យ​ខ្លឹមសារ​ណាស់ និង​ទទួល​បាន​ការ​គោរព​ពី​ពលរដ្ឋ អ្នក​នយោបាយ និង​ជា​លក្ខណៈ​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស