32 C
Phnom Penh

ក្រសួង​ការបរទេស​កម្ពុជា​ថា​ទស្សនកិច្ច​រដ្ឋមន្ត្រី​វៀតណាម​គឺ​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន មក​កាន់​ប្រទេស​កម្ពុជា គឺ​ដើម្បី​បន្ត​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-វៀតណាម បន្ថែម​ទៀត។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ។

ប្រភព​ដដែល​អះអាង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប៊ូយ ថាញ់សឺន មក​កាន់​កម្ពុជា គឺ​ដើម្បី​បន្ត​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ដែល​ត្រូវ​បាន​កសាង​ឡើង​ឈរ​លើ​ស្មារតី​មិត្តភាព​ជា​ប្រពៃណី ភាព​ជា​អ្នក​ជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អគ្គលេខាធិការ​អាស៊ាន​ក៏​កំពុងតែ​មាន​វត្តមាន​នៅ​កម្ពុជា​នៅ​ពេលនេះ ហើយ​ក៏​ត្រូវ​អ្នក​ឃ្លាំមើល​សង្ស័យ​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រឹត្យក្រម​ចរិយា​បញ្ញត្តិ (Code of Conduct = COC) សមុទ្រ​ចិន​ខាងត្បូង ដែល​អូស​បន្លាយ​រហូត​ដល់​សព្វថ្ងៃ​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ មករា នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ប៊ូយ ថាញ់សឺន នៅ​កម្ពុជា ចំ​ពេល​ដែល​អគ្គលេខាធិការ​អាស៊ាន​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​នៅ​ពេលនេះ គឺ​វៀតណាម​មាន​ចេតនា​ព្យាយាម​ជំរុញ​ឱ្យ​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា COC ឬ​ក្រម​ចរិយា​បញ្ញត្តិ​សម្រាប់​ដោះស្រាយ​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ​របស់​ខ្លួន​សព្វថ្ងៃ​នេះ ខណៈ​កម្ពុជា​នៅ​ពេលនេះ​ក៏​ជា​ប្រធាន​អាស៊ាន​ផង​ដែរ​នោះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ PMD រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រទេស​វៀតណាម ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា អនុវត្ត​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ UNCLOS ១៩៨២ ដើម្បី​កំណត់​ការ​គ្រប់គ្រង​ដែនទឹក​របស់​ខ្លួន​ជាមួយ​ចិន​នោះ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ក៏​ត្រូវតែ​ប្រើ​ច្បាប់​នេះ​អនុវត្ត​កំណត់​ដែនទឹក​កម្ពុជា-វៀតណាម ដែល​រដ្ឋការ​ក្រុង​ហាណូយ បាន​រំលោភ​លើ​ដែន​ទឹក​អធិបតេយ្យ​របស់​ខ្លួន​កន្លងមក​ផង​ដែរ ដូចជា​ទាមទារ​មក​វិញ​នូវ​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា កម្ពុជា​ល្មម​ដល់​ពេល​អនុវត្ត​ច្បាប់​ពង្រឹង​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រទេស​វៀតណាម​ហើយ ដូចជា​ការ​អនុវត្ត​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ច្បាប់​សញ្ជាតិ​ឆ្នាំ​១៩៩៦ និង​ត្រូវ​ផ្អាក​បោះ​បង្គោល​ព្រំដែន​ទ្វេភាគី​ជាមួយ​វៀតណាម​ផង​ដែរ។ លើស​ពី​នេះ​ទៀត កម្ពុជា​ក៏​ត្រូវ​ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV) ផង​ដែរ នោះ​ទើប​កម្ពុជា​អាច​រក្សា​អធិបតេយ្យ​របស់​ខ្លួន​បាន​ដោយ​ឯករាជ្យ​ពិតប្រាកដ។

លោក​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ត្រួតពិនិត្យ​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា-វៀតណាម ថា​តើ​រយៈពេល​ជាង ៤០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កន្លងមក​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​អ្វី​ខ្លះ​ពី​ទំនាក់ទំនង​ជា​មិត្តភាព​ជាមួយ​ប្រទេស​វៀតណាម។ ក្រៅពី​នេះ​ទៀត បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​រាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​អនាគត លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គិតគូរ​ពី​បញ្ហា​នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ពិតប្រាកដ គឺជា​វៀតណាម​ទៅ​វិញ​ទេ ព្រោះ​ថា​រាល់​ពេល​ចុះហត្ថលេខា​ផ្តល់​ផលប្រយោជន៍​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ម្តងៗ មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​តែងតែ​ធ្វើ​សម្បទាន​គ្រប់​បែប​យ៉ាង រហូត​ដល់​កាត់​ទឹកដី​របស់​ខ្លួន និង​ការ​ជួយ​សម្រួល​ផ្លូវច្បាប់​ដល់​រដ្ឋការ​ក្រុង​ហាណូយ ថែម​ទៀត ដើម្បី​ជួយ​ឱ្យ​ការ​រំលោភ​បំពាន​ពី​វៀតណាម​មក​លើ​កម្ពុជា មាន​លក្ខណៈ​កាន់តែ​ស្រប​ច្បាប់​ថែម​ទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស