34 C
Phnom Penh

កម្ពុជា​ហាម​ជនជាតិ​អាមេរិក​ម្នាក់​ជា​មិត្តភ័ក្ដិ​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ចូល​កម្ពុជា​រហូត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បម្រាម​លោក ចារិត ជិនស័រ (Jared Genser) ដែល​ជា​ជនជាតិ​អាមេរិក មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ជា​រៀង​រហូត ក្រោម​ហេតុផល​ថា​ល្មើស​ច្បាប់​អន្តោប្រវេសន៍ និង​បំពាន​ដែន​យុត្តាធិការ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ បាន​ប្រាប់​សារព័ត៌មាន​ដែល​ស្និទ្ធ​រដ្ឋាភិបាល​ឈ្មោះ Fresh News ថា អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ឈ្មោះ Jared Genser Matthew ចូល​ទៅ​ក្នុង​ប្រព័ន្ធ​មុខសញ្ញា​អន្តោប្រវេសន៍​នៅ​គ្រប់​បណ្តា​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ទាំងអស់ ដោយ​ហាម​ចូល​ប្រទេស​កម្ពុជា​ជា​រៀង​រហូត។

លោក ខៀវ សុភ័គ បាន​បញ្ញាក់​ថា ការ​ដាក់​បម្រាម​លោក Jared Genser នេះ ដោយសារ​តែ​បុគ្គល​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំពាន​ដែន​យុត្តាធិការ​កម្ពុជា ក្នុង​គោលដៅ​គំរាមកំហែង​ដល់​ឯករាជភាព​តុលាការ​កម្ពុជា។ លើស​ពី​នេះ លោក​ថា​លោក Jared Genser ដែល​ជា​ជនជាតិ​អាមេរិក ក៏​បាន​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដោយ​បាន​ប្រើប្រាស់​ទិដ្ឋាការ​ខុស​ពី​គោលបំណង​ស្នើសុំ​ចូល​មក​កម្ពុជា​ដើម្បី​ទេសចរណ៍ ប៉ុន្តែ​បាន​ធ្វើ​សកម្មភាព​ផ្ទុយពី​ប្រភេទ​ទិដ្ឋាការ​ដែល​បាន​អនុញ្ញាត។

កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២១ លោក Jared Genser បាន​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍​ផ្ដល់​ដោយ​ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក និង​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ តាម​ជើង​យន្តហោះ 0Z740 ឆ្ពោះ​ទៅ​កាន់​ទីក្រុង​សេអ៊ូល សាធារណរដ្ឋ​កូរ៉េ។

ការ​ដាក់​បម្រាម​នេះ ធ្វើឡើង​បន្ទាប់ពី​លោក Jared Genser បាន​ចូលរួម​ឃ្លាំមើល​ដំណើរការ​សវនាការ​របស់​កញ្ញា សេង ធាវី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ក្រៅពី​ឃ្លាំមើល​ហើយ លោក​ក៏​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ដោយ​ចាត់ទុក​សវនាការ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​កញ្ញា សេង ធារី ថា​ជា​សវនាការ​ឆាក​ល្ខោន និង​បាន​ព្រមាន​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កញ្ញា សេង ធាវី ជាប់​ទោស នោះ​រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​បញ្ហា​មិន​ខាន។ បើ​តាម​កញ្ញា សេង ធារី ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក Jared Genser ជា​មេធាវី​អន្តរជាតិ​ត្រូវ​ជា​មិត្តភ័ក្ដិ​របស់​គាត់។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក Jared Genser បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស