34 C
Phnom Penh

តុលាការ​យុត្តិធម៌​អន្តរជាតិ​ផ្ដើម​សវនាការ​ប្រឆាំង​របប​សឹក​ភូមា​ពី​បទ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​ជំនុំជម្រះ​ក្ដី​ប្រឆាំង​របប​សឹក​ភូមា​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ខែ​ក្រោយ​នេះ ដែល​ជា​ការ​ចាប់ផ្ដើម​លាតត្រដាង​បទល្មើស​ដ៏​ឃោរឃៅ​របស់​ពួក​ឧត្តមសេនីយ៍​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍។ តុលាការ​អន្តរជាតិ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដំណើរការ​ជំនុំជម្រះ​ក្ដី​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ប្រឆាំង​ពួក​យោធា​ភូមា ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ ucanews.com ឬ​សហភាព​សាសនិក​កាតូលិក​អាស៊ី នៅ​ថ្ងៃ​ទី​២០ ខែ​មករា នេះ។

សវនាការ​នេះ​ធ្វើ​តាម​ពាក្យ​បណ្តឹង​ពី​ប្រទេស​ហ្គាំប៊ីយ៉ា (Gambia) គាំទ្រ​ដោយ​ប្រទេស​ចំនួន​៥៧ ពី​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម (Organization of Islamic Cooperation=OIC) ឆ្នាំ​២០១៩។

កាល​ខែ​មករា ឆ្នាំ​២០២០ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បង្គាប់​ទៅ​ពួក​យោធា​ភូមា ឱ្យ​ទទួលស្គាល់​អនុសញ្ញា​អន្តរជាតិ​នៃ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៤៨ ស្ដី​អំពី​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ ហើយ​ថា​បើ​ទប់ស្កាត់​មិន​បាន គឺ​ត្រូវ​ចូល​ខ្លួន​មក​ការពារ​ក្ដី។ តុលាការ​ពិភពលោក​នេះ​បាន​ប្រមូល​ភស្តុតាង​ដែល​ពួក​យោធា​ភូមា វាយប្រហារ​ទៅលើ​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាកខើយ (Rakhine) ដល់​ទៅ ៦​សែន​នាក់​រង​ការ​រំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ និង​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់​ហើយ ៧​សែន ៤​ម៉ឺន​នាក់​បាន​រត់​ទៅ​នៅ​ប្រទេស​បង់ក្លាដេស មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ អំពើ​ឧក្រិដ្ឋ​នេះ ពួក​យោធា​ភូមា​បាន​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​២០១៧។

កាលពី​ឆ្នាំ​២០១៩ អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ទៅ​ស្ដាប់​ការ​បើក​សវនាការ​ជា​បឋម ដែល​ពេល​នោះ​អ្នកស្រី​ជា​តំណាង​រដ្ឋាភិបាល​ចូល​ខ្លួន​ការពារ​ដែន​អធិបតេយ្យ​ភូមា ប៉ុន្តែ​អ្នកស្រី​ពុំ​មាន​ឈ្មោះ​ក្នុង​ការ​ចោទ​ដោយ​តុលាការ​អន្តរជាតិ​នេះ​ទេ។ ចំពោះ​ជនជាប់ចោទ​ពី​បទ​ប្រល័យ​ពូជសាសន៍ គឺ​ពួក​ឧត្តមសេនីយ៍ ៧​រូប ក្នុង​នោះ​មាន​ទាំង​មេ​រដ្ឋប្រហារ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផង​ដែរ។ អ្នកស្រី ស៊ូជី ត្រូវ​បាន​ពួក​យោធា​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ​ពេលនេះ​ពួក​យោធា​កំពុងតែ​កាត់ទោស​អ្នកស្រី​អំពី​បទល្មើស​ជាង ១០​សំណុំរឿង។ តុលាការ​យុត្តិធម៌​បាន​ច្រានចោល​សារណា​ការពារ​ក្ដី​របស់​ប្រទេស​ភូមា កាលពី​ឆ្នាំ​២០១៩ ហើយ​ពេលនេះ​របប​សឹក​គឺជា​អ្នក​ទទួល​បន្ទុក​ផ្ទាល់​ជំនួស​អ្នកស្រី ស៊ូជី។

អ្នកស្រី អ៊ុងសាន ស៊ូជី

កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ ពួក​យោធា​ភូមា បាន​បង្កើត​ក្រុម​អ្នក​ច្បាប់​មួយ​ក្រុម​ឱ្យ​សិក្សា​សំណុំរឿង​នេះ។ តែ​យ៉ាងណា តុលាការ ICJ បាន​សម្រេច​ជា​ផ្លូវការ​ថា ទោះ​ជា​ពួក​យោធា​មិន​មក​ការពារ​ក្ដី​របស់​ខ្លួន​ក៏ដោយ ក៏​នីតិវិធី​ជំនុំជម្រះ​ក្ដី​របស់​តុលាការ​ត្រូវ​ដំណើរការ​រហូត​ចប់​សព្វគ្រប់។ តែ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters តុលាការ ICJ ជូនដំណឹង​ថា ក្រុម​ស្វែងរក​ការពិត​របស់​អ្នកជំនាញ​ស៊ើប​អង្កេត​បាន​កំណត់​ថា ករណី​សម្លាប់​រង្គាល​ទៅលើ​ជាតិសាសន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា គឺជា​សំណុំរឿង​ប្រល័យ​ពូជសាសន៍​ដែល​ពួក​យោធា​ភូមា អនុវត្ត​ផ្ទាល់​ក្នុង​គោលដៅ​សម្អប់ និង​បោស​សម្អាត​ជាតិសាសន៍។

ជាមួយ​គ្នា​នេះ ពួក​យោធា​ភូមា​នៅ​ជាប់​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ​ករណី​ទៀត គឺ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយសារតែ​របប​សឹក​នេះ​បាន​សម្លាប់​ជនស៊ីវិល និង​ក្រុម​ប្រឆាំង​ជាង ១៤០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់​ចាប់តាំង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ភស្តុតាង​ប្រឆាំង​នឹង​ពួក​យោធា​ដែល​ប្រមូល​ដោយ​អង្គការ​ក្នុង​ស្រុក និង​អង្គការ​អន្តរជាតិ​មាន​រាប់​ម៉ឺន​ភស្តុតាង ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ទារុណកម្ម​អ្នកទោស ការ​សម្លាប់​អ្នកទោស និង​ការ​សម្លាប់​កុមារ រួម​ទាំង​ស្ត្រី​ផង​ដែរ។

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ប្រកាស​ថា សំណុំរឿង​និង​ភស្តុតាង​មាន​ទម្ងន់​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ចោទប្រកាន់​ពួក​យោធា ហើយ​រង់ចាំ​តែ​ការ​បើក​ជំនុំជម្រះ​ក្ដី​តែប៉ុណ្ណោះ។ សំណុំរឿង​ថ្មី​លើ​ពួក​យោធា​បាន​នាំ​ឱ្យ​របប​សឹក​ភូមា​មាន​កំហុស​ប្រឆាំង​មនុស្ស​ជាតិ​ធំៗ​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ។

ខណៈ​នេះ របប​សឹក​ភូមា​កំពុងតែ​ការពារ​ខ្លួន​ដោយសារ​តែ​កម្លាំង​ប្រឆាំង​ប្រដាប់​ដោយ​អាវុធ​មាន​ទាំង​ជនជាតិ​ដើម​ភាគតិច និង​កម្លាំង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​ផង កំពុង​តែ​បើក​សមរភូមិ​វាយ​កាន់កាប់​ទីតាំង​ទាំងឡាយ​របស់​ពួក​យោធា ហើយ​សូម្បីតែ​នៅ​កណ្ដាល​ទីក្រុង​ក៏​មាន​ការ​បំផ្ទុះ​គ្រាប់បែក​កម្ទេច​ទីតាំង​ឈរ​ជើង​របស់​ពួក​យោធា​ផង​ដែរ។ សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ភូមា​នៅ​ពេលនេះ បាន​នាំ​ឱ្យ​ជនភៀសខ្លួន​រត់​ទៅ​នៅ​ប្រទេស​ជិតខាង​កើន​ឡើង​ជាង ៤០​ម៉ឺន​នាក់។

អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​របប​សឹក​ភូមា​ធ្ងន់ធ្ងរ​ដែល​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​កម្ទេច​ភូមិករ​របស់​អ្នកស្រុក ក្នុង​នោះ​មាន​ទាំង​មន្ទីរពេទ្យ សាលារៀន​ទៀត​ផង។ ទង្វើ​របស់​ពួក​យោធា បាន​នាំ​ឱ្យ ICC ផ្ដើម​ចោទ​របប​សឹក​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​គេ​រំពឹង​ថា ICC នឹង​បើក​ជំនុំជម្រះ​ក្ដី​សំណុំរឿង​នេះ​នៅ​ឆ្នាំ​២០២២ នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស