29.3 C
Phnom Penh

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​លោក សម រង្ស៊ី ថា​ជា​ស្ថាបនិក​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​រិះគន់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​របស់​តុលាការ​ដែល​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤២​ឆ្នាំ​នោះ ថា​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក មុត ចន្ថា ជា​មនុស្ស​ជំនិត​របស់​លោក កឹម សុខា បាន​លើកឡើង​នៅ​តាម​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ ថា មូលហេតុ ឬ​មូលដ្ឋាន​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ប្រមាណ ៥​ឆ្នាំ​មុន គឺ​ដោយសារ​លោក សម រង្ស៉ី និង​គូកន។

លោក​បាន​សរសេរ​ថា ត្រឹម​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ លោក កឹម សុខា នៅតែ​ជា​បុគ្គល​ពុំ​ទាន់​មាន​ទោស ស្ថិត​ក្នុង​ឋានៈ​ច្បាប់​ជា​ជនជាប់ចោទ​នៅឡើយ។ ប្រសិនជា​លោក កឹម សុខា ជា​ដើមហេតុ ឬ​ជា​មូលដ្ឋាន​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​លោក សម រង្ស៊ី បាន​លើកឡើង​នោះ លុះត្រាតែ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ជំនុំជម្រះ​ឱ្យ​មាន​ទោស​ជា​មុន​សិន។

លោក​បន្ថែម​ទៀត​ថា យោង​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សម រង្ស៊ី ប្រឈម​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ១៤​សំណុំរឿង ដែល​ក្នុង​នោះ​មាន ៦​សំណុំរឿង​ត្រូវ​បាន​តុលាការ​កាត់ទោស​រួចហើយ។ តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា លោក សម រង្ស៊ី កំពុង​ប្រឈម​ទោស​ដាក់​ពន្ធនាគារ​ជាង ៤២​ឆ្នាំ​រួច​ទៅ​ហើយ ដោយ​មិន​ទាន់​គិត​បញ្ចូល​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ៨ ផ្សេង​ទៀត​នៅឡើយ​ទេ។

លោក​បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​លោក សម រង្ស៊ី ចោទ​មក​លើ​លោក កឹម សុខា ថា​ជា​ដើមចម​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អំពើ​ទុច្ចរិត​ដើម្បី​បិទបាំង​ពី​កំហុស និង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួនឯង​ប៉ុណ្ណោះ។

ចំណែក​ឯ​លោក សម រង្ស៊ី ឯណោះ​វិញ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ បន្ទាប់ពី​មាន​ការ​រិះគន់​ថា លោក​បាន​រំលាយ​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពេល​ដែល​លោក​ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​ចាស់​របស់​ខ្លួន គឺ​គណបក្ស​ភ្លើង​ទៀន ថា​ពេល​ណា​មាន​ការ​កាត់ទោស​លោក កឹម សុខា យ៉ាង​ត្រឹមត្រូវ ពេល​នោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​ដោយ​ខ្លួនឯង ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

លោក​ថា ការ​ចោទប្រកាន់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ចោទប្រកាន់​គ្រាន់តែ​ជា​លេស​ដ៏​អាម៉ាស់​របស់​លោក ហ៊ុន សែន ក្នុង​បំណង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កុំ​ឲ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ តែប៉ុណ្ណោះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ដាក់​ខ្លួន​នៅ​ឆ្ងាយ​ពី​អ្នក​នយោបាយ​ដែល​កំពុង​និរទេស​ខ្លួន លោក សម រង្ស៊ី សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​មួយ​ថ្ងៃ​បន្ទាប់ពី​សមាជ​គណបក្ស​ភ្លើង​ទៀន​ថា កឹម សុខា-សម រង្ស៊ី មិន​មែន​ជា​មនុស្ស​តែ​មួយ​នោះ​ទេ។ លោក​ថា​ការ​វិលត្រឡប់​មកវិញ​នៃ​គណបក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី ជា​សញ្ញា​នៃ​ការ​បែកបាក់​មួយ​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ។

លោក កឹម សុខា បាន​លើកឡើង​ទៀត​ថា លោក សម រង្ស៊ី និង​បក្សពួក បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​នៃ​ការ​រួបរួម​ដោយ​ទៅ​បង្កើត​ចលនា​នយោបាយ​ផ្សេងៗ និង​មុខតំណែង​ខ្លួនឯង ជាពិសេស​គឺ​ការ​គាំទ្រ​អតីត​គណបក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុក​ការ​រំលាយ​អតីត​បក្ស​ប្រឆាំង​នេះ គឺជា​រឿង​ត្រឹមត្រូវ។ លោក​ថា តាំងពី​អតីត​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​មក គឺ​កម្ពុជា​ធ្វើ​ដំណើរ​ទៅមុខ​ដោយ​រលូន​គ្មាន​ឧបសគ្គ​ដូច​មុន​ទៀត​ទេ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​អតីត​បក្ស​ប្រឆាំង​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​មិន​អាច​មាន​ការ​ស្រុះស្រួល​ជាមួយ​គ្នា​បាន​ឡើយ។

អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមាជ​របស់​គណបក្ស​ភ្លើង​ទៀន​កន្លងមក​ហាក់ដូចជា​បង្ហាញ​ពី​ការ​បែកបាក់​នយោបាយ​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​តាម​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ថា បក្ស​នេះ​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​បដិវត្តន៍​ពណ៌។ ជា​ផ្នែក​មួយ​នៃ​សេចក្តី​សម្រេច​នេះ អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១១៨​នាក់​ដោយ​ក្នុង​នោះ​មាន​ទាំង​លោក កឹម សុខា ផង​ដែរ ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស