28 C
Phnom Penh

លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​រៀបចំ​ស្នើ​ឱ្យ​លោក កឹម សុខា សារភាព​ពី​អំពើ​ក្បត់​មាន​អាមេរិក​នៅ​ពី​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា សេណារីយ៉ូ​របស់​បក្ស​កាន់​អំណាច​បាន​រៀបចំ​ឱ្យ​តុលាការ​ស្នើ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​នូវ​ទង្វើ​ឧក្រិដ្ឋ​របស់​លោក​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​បដិវត្តន៍​ពណ៌​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​លោក កឹម សុខា ព្រម​សារភាព​តាម​សេណារីយ៉ូ​នេះ លោក​នឹង​ទទួល​បាន​នូវ​ការ​ដោះដូរ​មកវិញ​ផង​ដែរ នោះ​គឺ​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស ហើយ​លោក កឹម សុខា ក៏​ទទួល​បាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ​ទាំងស្រុង។

លោក សម រង្ស៊ី បញ្ជាក់​ថា តាមរយៈ​សេណារីយ៉ូ​នេះ លោក កឹម សុខា នឹង​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ចូលរួម​ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ ប៉ុន្តែ​លោក កឹម សុខា បាន​ច្រានចោល​សេណារីយ៉ូ​ដែល​គេ​បាន​រៀបចំ​ខាងលើ​នេះ​ដាច់អហង្ការ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា លោក កឹម សុខា មិន​ចង់​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​តែ​រូបលោក​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​លោក​ចង់​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​រួម​មួយ​ទម្លាយ​ភាព​ជាប់​គាំង​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ប្រឈម បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​នោះ។

ការ​លើកឡើង​របស់​លោក សម រង្ស៊ី បន្ទាប់ពី​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ ប៉ុន្តែ​តុលាការ​នៅ​មិនទាន់​កាត់ទោស​លោក កឹម សុខា ថា​មាន​ទោស ឬ​អត់​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ជា​លើកដំបូង បន្ទាប់ពី​តុលាការ​បាន​ផ្អាក​សវនាការ​របស់​លោក​អស់​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ​កន្លងមក ហើយ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ នឹង​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ​បន្ត​ទៀត។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គ្រាន់តែ​ដើម្បី​ធ្វើ​ប្រជាភិថុតិ​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ប៉ុណ្ណោះ ព្រោះ​ថា​ដំណើរការ​សវនាការ​របស់​លោក កឹម សុខា គឺ​តុលាការ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។

ចំណែក​អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​បក្ស​ប្រឆាំង លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​មករា នេះ​ដែរ​ថា ការ​លើកឡើង​របស់​លោក សម រង្ស៉ី គឺជា​ការ​ប្រឌិត​បង្កប់​នូវ​ចេតនា​ទុច្ចរិត​បង្ខូច​កេរ្តិ៍ឈ្មោះ និង​មួលបង្កាច់​លោក កឹម សុខា ជាពិសេស​ដើម្បី​បង្កើត​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ អុចអាល ញុះញង់ និង​បញ្ឆេះ​ឱ្យ​មាន​កំហឹង​តែប៉ុណ្ណោះ។

លោក មុត ចន្ថា អះអាង​ថា ទង្វើ​របស់​លោក សម រង្ស៉ី នៅ​ពេលនេះ គឺ​មាន​ចេតនា​ចង​អាឃាត​នឹង​លោក កឹម សុខា ដូច​ដែល​គាត់​ធ្លាប់​បាន​សងសឹក​ជាមួយ​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដូច្នោះ​ដែរ។ លោក​បន្ថែម​ថា នៅ​ពេលនេះ លោក កឹម សុខា មិន​បាន​ចាត់តាំង​ឱ្យ​លោក សម រង្ស៉ី ធ្វើជា​អ្នក​នាំពាក្យ​ដើម្បី​បកស្រាយ​រឿង​គ្រប់​យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​សវនាការ​របស់​លោក​នោះ​ទេ ត្បិត​លោក កឹម សុខា មាន​មេធាវី​ការពារ​ក្តី​គ្រប់គ្រាន់​ហើយ។

ដោយឡែក​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន បាន​បញ្ចេញ​ប្រតិកម្ម​របស់​លោក​នៅ​ថ្ងៃ​ទី​២១ មករា នេះ​ផង​ដែរ​ថា ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី នៅសល់​តែ​ដង្ហើម​ចុងក្រោយ​តែប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ឱ្យ​ជីវិត​នយោបាយ​របស់​គាត់​អាច​បន្ត​រស់​ទៅ​មុខ​ទៀត និង​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភ្លេច​គាត់​នោះ លុះណាតែ​គាត់​ព្យាយាម​បង្ក​រឿង​បង្កើត​ព្រឹត្តិការណ៍​ដូច​ដែល​គាត់​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មិន​ដែល​ចាត់ទុក​ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងនេះ​មិន​មាន​ការ​គាំទ្រ​ពី​រូបលោក ហើយ​ក៏​មិន​បាន​គាំទ្រ​នូវ​ជំហរ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ដែរ ហើយ​ជាង​នេះ​ទៀត ក៏​មិនមែន​ជា​ស្មារតី​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស