31 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ពី​ទំនប់​វារីអគ្គិសនី​ថា​អាជ្ញាធរ​មាន​សេចក្ដី​ស្រឡាញ់​តែ​លើ​បបូរមាត់​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​នៅ​លើ​ពិភពលោក​ប្រារព្ធ​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ប៉ុន្តែ​ជនជាតិ​ដើម​ភាគតិច​ដែល​ជា​គ្រួសារ​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ របស់​ប្រទេស​មហាមិត្ត​ដែកថែប​កម្ពុជា វៀតណាម និង​ចិន ដែល​ស្ម័គ្រចិត្ត​បង្កើត​ភូមិ​ថ្មី​បណ្ដេញ​ពលរដ្ឋ​ពី​ភូមិ​ចាស់​ជាង ៤​ឆ្នាំ​មក​ហើយ​នោះ ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​សំណង​របស់​ពួកគេ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់ និង​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​បុរស​ខ្លាំង​កម្ពុជា​មក​លើ​ជនជាតិ​ដើម​ភាគតិច។

កំពុងតែ​មមាញឹក​រៀបចំ​ចម្លង​អ្នក​ស្រុក​ឆ្លងកាត់​ទន្លេ​ដែល​ខាង​ក្រុមហ៊ុន​បាន​បើក​ទ្វារ​ទឹក​កាលពី​ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​ផ្ទះ វត្តអារាម សាលារៀន ទី​សក្ការៈ​ដូនតា ដើមឈើ និង​រុក្ខជាតិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ស្រែគរ លិចលង់​នៅ​សល់​តែ​ដំបូល និង​ចុងឈើ​តិចៗ​នោះ លោក ហ្វុត ឃឿន អាយុ ៤០​ឆ្នាំ​ជា​តំណាង​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្រែគរ ដែល​មិនព្រម​ទទួល​សំណង ហើយ​សុខចិត្ត​រស់នៅ​ក្បែរ​ភូមិ​លិចទឹក បាន​ថ្លែង​ថា អាជ្ញាធរ​មិន​បាន​យកចិត្ត​ទុកដាក់​នឹង​សំណើ​របស់​ពលរដ្ឋ​នោះ​ទេ ដូច្នេះ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ចុះបញ្ជី​ដីធ្លី​របស់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ភូមិ​ចាស់ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​សាលារៀន​ដល់​ពួកគេ។

ទិដ្ឋភាព​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាសចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​២ បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថត​ឯកសារ)

ក្រោយ​ពី​ភ្ញៀវ​ឡើង​ចេញពី​ទូកដ លោក ហ្វុត ឃឿន បាន​អង្គុយ​នៅ​លើ​ទូក​ចម្លង​ដែល​ចង​ពីរ​ផ្អោប​ជាប់​គ្នា​នោះ បាន​និយាយ​បន្ត​ទៀត​ថា ក្នុង​នាម​ពួក​លោក​ជា​ជនជាតិ​ដើម​ភាគតិច​ដែល​ពលរដ្ឋ​រងគ្រោះ លោក​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​យង់ឃ្នង​មក​លើ​ពួកគាត់​ទៀត។ លោក​ថា ថ្ងៃ​នេះ​គឺជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ដូច្នេះ​ពួក​លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​មក​អារ​ផ្ដួល​រំលំ​ផ្ទះ​ចាស់​របស់​ពួកគាត់ ព្រោះ​ពួកគាត់​ចង់​សាងសង់​ទីនេះ​ជា​តំបន់​ទេសចរណ៍​មួយ ដើម្បី​រំឭក​អំពី​ភាព​ឈឺចាប់​ដែល​គេ​បើក​ទឹក​ពន្លិច​ពលរដ្ឋ​ដែល​កំពុង​រស់នៅ ឲ្យ​រត់​ចេញពី​ភូមិ​ស្ទើរតែ​មិនទាន់។

ទឹក​មុខ​ស្រពោន​នៅ​ពេល​ដែល​រំឭក​ដល់​អនុស្សាវរីយ៍​ជូរចត់​ដែល​ក្រុមហ៊ុន​វារីអគ្គិសនី​បើក​ទឹក​ពន្លិច​ភូមិ​នោះ លោក ឃឿន ថ្លែង​ថា ពួក​លោក​មិន​ចង់​ឲ្យ​អាជ្ញាធរ​មក​រំលំ​ផ្ទះ​ដើម្បី​បំបាត់​ភស្តុតាង​នៃ​ការ​បើក​ទឹក​ពន្លិច​មនុស្ស​ទាំង​រស់​នោះ​ទេ។ ពួក​លោក​ចង់​រក្សាទុក​ដើម្បី​ប្រាប់​ទៅដល់​កូនចៅ​ក្រោយៗ​ឲ្យ​បាន​ដឹង​ថា គ្រាន់តែ​ចង់​រស់​ដោយ​សុខ​ស្រួល​មិន​រំខាន​អ្នក​ណា ក៏​គេ​មិន​ចង់​ឲ្យ​រស់​ដែរ។

លោក​ថា ផ្ទះ​ចាស់​របស់​លោក​ដែល​បាន​ដាក់​ស្លាក​សញ្ញា «ស៊ូ​ស្លាប់​ក្នុង​ភូមិ​ជាមួយ​នឹង​ទំនប់​វារីអគ្គិសនី» អាជ្ញាធរ​បាន​មក​ផ្តួល​រំលំ​អស់​ពាក់កណ្តាល ប៉ុន្តែ​ជា​សំណាង​លោក​បាន​មក​ឃាត់​ទាន់​ពេលវេលា បើ​មិន​ដូច្នេះ​ទេ លោក​គ្មាន​អ្វី​ដើម្បី​ប្រាប់​ទៅ​កូនចៅ និង​ជា​ភស្តុតាង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នោះ​ទេ។

ម្ចាស់​ស្លាក​សញ្ញា «ស៊ូ​ស្លាប់​ក្នុង​ភូមិ​ជាមួយ​នឹង​ទំនប់​វារីអគ្គិសនី» ដែល​បាន​សរសេរ​ជាប់​ជញ្ជាំង​ផ្ទះ​បាន​ថ្លែង​ថា ជាច្រើន​ឆ្នាំ​មក​ហើយ ពលរដ្ឋ​ជាង ៤០​គ្រួសារ​រស់នៅ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ប៉ុន្តែ​គ្មាន​ទទួល​បាន​អ្វី​ក្រៅតែ​អំពី​ពាក្យ​គំរាម និង​ការ​ព្យាយាម​បំផ្លាញ​ភស្តុតាង​នោះ​ទេ។ លោក​ថា តើ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​ក្តី​ស្រឡាញ់​ធ្វើ​អី? បើ​អស់​លោក​កំពុងតែ​ធ្វើ​បាប​ពលរដ្ឋ​រងគ្រោះ​ជនជាតិ​ដើម​ភាគតិច​នោះ។ បើ​ថា​ខ្លួន​ស្រឡាញ់​ពលរដ្ឋ​មែន ដោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ កុំ​ចិញ្ចឹម​បញ្ហា​បន្ត​ទៀត​អី។

លោក​បាន​បញ្ជាក់​ថា ពួក​លោក​នៅតែ​ចិញ្ចឹម​ចិត្ត​រក្សា​ផ្ទះ វត្តអារាម សាលារៀន ទី​សក្ការៈ​ដូនតា ដើមឈើ និង​រុក្ខជាតិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ស្រែគរ ដែល​លិចលង់​នៅសល់​តែ​ដំបូល​នោះ ធ្វើជា​តំបន់​អេកូ​ទេសចរណ៍​ដើម្បី​ប្រាប់​ទៅដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ថា អ្នក​រស់នៅ​ទីក្រុង​ដែល​មាន​ភ្លើង​ប្រើប្រាស់ គឺ​ដោយសារតែ​គេ​បើក​ទឹក​បន្លិច​ពួក​ជនជាតិ​ដើម​ភាគតិច​នៅ​ទីនេះ។ លោក​ថា ពួក​លោក​អាច​រស់​បាន​ដោយ​គ្មាន​ភ្លើង តែ​មិន​អាច​រស់​បាន​ដោយ​បាត់បង់​វប្បធម៌​ប្រពៃណី​ដូនតា​នោះ​ទេ។

អ្នកស្រី ស្រាំង ឡាញ់ ជនជាតិ​ដើម​ភាគតិច​ពូនង (ព្នង) រស់នៅ​ក្នុង​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ដែល​មិន​ទទួលយក​សំណង។ (Photo Screenshot)

នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន អ្នកស្រី ស្រាំង ឡាញ់ អាយុ ៤៤​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​ពូនង (ព្នង) រស់នៅ​ក្នុង​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ដែល​មិន​ទទួលយក​សំណង​មក​រស់នៅ​ក្នុង​ទីតាំង​ថ្មី​ចម្ងាយ ៣​គីឡូម៉ែត្រ​ពី​ផ្ទះ​ចាស់​នោះ បាន​ថ្លែង​ថា អ្នកស្រី​មិន​ទទួលយក​សំណង​ដោយសារតែ​អ្នកស្រី​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​តំបន់​ដែល​អ្នកស្រី​ធ្លាប់​រស់នៅ​ច្រើន​ជំនាន់​មក​ហើយ។

អ្នកស្រី​ថា ថ្ងៃនេះ​នៅ​លើ Facebook ឃើញ​គេ​បង្ហោះ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ដូច្នេះ​អ្នកស្រី​សុំ​ឲ្យ​អាជ្ញាធរ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ជនជាតិ​ដើម​ភាគតិច​ផង។ អ្នកស្រី​ថា ពួកគាត់​មិន​ចង់​បាន​អ្វី​ក្រៅពី​ដំណោះស្រាយ​សមរម្យ និង​ចុះ​កម្មសិទ្ធិ​ដីធ្លី​ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន ដើម្បី​មាន​ទំនុក​ចិត្ត​ថា ទៅ​ថ្ងៃ​ក្រោយ​ទៀត​គេ​នឹង​មិន​ពន្លិច​តំបន់​នេះ​ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​ទៀត​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា បើ​ទោះ​ជា​ពួកគាត់​ជា​ជនជាតិ​ដើម​ភាគតិច ប៉ុន្តែ​ឥឡូវ​ពួកគាត់​បាន​យល់ដឹង​ច្រើន ជាពិសេស​បន្ទាប់ពី​មាន​ទូរស័ព្ទ​ដែល​អាច​ប្រើ Facebook បាន។ អ្នកស្រី​ថា បច្ចុប្បន្ន​អ្វីៗ​មិន​អាច​លាក់​បាន​ទេ ព្រោះ​អ្វីៗ​ទាំងអស់​ត្រូវ​បាន​ចែករំលែក​នៅ​លើ Facebook។

អ្នកស្រី​បាន​ថ្លែង កុំ​បោក​ពលរដ្ឋ​ថា​ស្រឡាញ់​ពលរដ្ឋ​ណាស់ យកចិត្ត​ទុកដាក់​ណាស់ តែ​តាមពិត មិន​ដែល​ខ្វល់​អ្វី​សូម្បីតែ​បន្តិច។

កាលពី​ពេល​ថ្មីៗ​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch (HRW) បាន​ចេញ​របាយការណ៍​មួយ​ដោយ​អះអាង​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បង្ក​ជា​មហន្តរាយ​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ អង្គការ​នេះ​បាន​រក​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន «បង្ខំ» ឲ្យ​ចាកចេញ និង​ការ​ផ្តល់​សំណង​មិន​សមរម្យ ដោយ​ចាត់ទុក​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍ «ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម ឬ Belt & Road Initiative (BRI)» របស់​ចិន ដែល​រង​ការ​រិះគន់ ខ្វះ​តម្លាភាព មិន​យកចិត្ត​ទុកដាក់​លើ​ក្តី​បារម្ភ​របស់​សហគមន៍ និង​ផល​ប៉ះពាល់​បរិស្ថាន។

លោក John Sifton ប្រធាន​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ HRW ប្រចាំ​តំបន់​អាស៊ី បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បាន​ហូរ​នាំ​បាត់​ទៅ​នូវ​ជីវភាព​រស់រវើក​នៃ​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដែល​ពី​មុន​រស់នៅ​ជា​សហគមន៍ និង​ភាគច្រើន​ពឹងផ្អែក​ដោយ​ខ្លួនឯង​គ្រប់គ្រាន់​ដោយ​ការ​នេសាទ ការ​ប្រមូល​ផល​ពី​ព្រៃឈើ និង​កសិកម្ម។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាំបាច់​ពិនិត្យ​ឡើងវិញ​នូវ​សំណង​សម្រាប់​គម្រោង​មួយ​នេះ។

គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​បាន ៤០០​មេហ្គាវ៉ាត់ គឺជា​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​បំផុត​របស់​កម្ពុជា និង​ជា​គម្រោង​រួមគ្នា​រវាង​ក្រុមហ៊ុន​របស់​កម្ពុជា រូយ៉ាល់ គ្រុប (Royal Group) របស់​អ្នក​ឧកញ៉ា គិត ម៉េង ដោយ​កាន់កាប់​ចំណែក​ភាគហ៊ុន​ចំនួន ៣៩% ជាមួយ​ក្រុមហ៊ុន​មហាមិត្ត​ដែកថែប​ចិន Huaneng Hydrolancang International Energy ដោយ​កាន់កាប់​ចំណែក​ភាគហ៊ុន​ចំនួន ៥១% និង​សម្ពន្ធមិត្ត​វៀតណាម ក្រុមហ៊ុន EVN International Joint Stock Company កាន់កាប់​ភាគហ៊ុន​ចំនួន ១០% ដែល​មាន​តម្លៃ ៨១៦​លាន​ដុល្លារ​អាមេរិក។

ទំនប់​នេះ​មាន​កម្ពស់ ៧៥​ម៉ែត្រ ការ​វិនិយោគ​សាងសង់​ដំណើរការ​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន ៤៥​ឆ្នាំ ដែល​ក្នុង​នោះ​រយៈពេល ៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង ៤០​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវកម្ម។

អ្នក​នាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង។ (រូបថត៖ RFA)

អ្នក​នាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បាន​ថ្លែង​ថា កន្លងមក សម្រាប់​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាសចាស់ ដែល​បាន​ប្ដូរ​មក​រស់នៅ​ទីតាំង​ថ្មី​នៅ​ក្បែរ​ទីតាំង​ចាស់​របស់​ពួកគាត់​នោះ អាជ្ញាធរ​បាន​ធ្វើ​ផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍​សុខភាព ដល់​ពួកគាត់​រួចរាល់​ហើយ។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម​អំពី​ការ​ផ្តល់​សំណង​បន្ថែម​ទៅដល់​គ្រួសារ​នីមួយៗ។ លោក​ថា មួយ​រយៈ​នេះ​ដោយសារតែ​បញ្ហា​ជំងឺ Covid-19 ទើប​ពន្យារពេល​ដោះស្រាយ។

គេហទំព័រ​របស់​ក្រុមហ៊ុន​សេសាន​ក្រោម​២ បាន​បង្ហោះ​ថា ក្រុមហ៊ុន​សន្យា​ប្ដេជ្ញា​ចិត្ត​គោរព​តាម​ច្បាប់ និង​បទបញ្ញត្តិ​វិនិយោគ​ក្នុង​ប្រទេស គោរព​ទំនៀមទម្លាប់​វប្បធម៌​ក្នុង​ស្រុក គាំទ្រ​លើក​កម្ពស់​គំនិត​អភិវឌ្ឍន៍​សុខដុមរមនា អនុវត្ត​ការ​ទទួល​ខុសត្រូវ​សេដ្ឋកិច្ច​សហគ្រាស ទទួល​ខុសត្រូវ​សង្គម និង​បរិស្ថាន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា ចំពោះ​ទិវា​នៃ​សេចក្តី​ស្រឡាញ់​នេះ គឺ​មិនមែន​ផ្ដោត​ទៅលើ​តែ​រឿង​ស្នេហា​មួយ​មុខ​នោះ​ទេ ដូច្នេះ​ក្នុង​ករណី​ពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ ក៏​គួរតែ​អាជ្ញាធរ​ចាប់តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន អាណិតអាសូរ និង​ផ្តល់​សេចក្តី​ស្រឡាញ់​ទៅដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុងតែ​រងគ្រោះ​នោះ​ដែរ។

លោក​ថា ប្រសិនបើ​ថ្នាក់​ដឹកនាំ​ពុំ​បាន​ដោះស្រាយ​ដល់​ជនរងគ្រោះ​ទាំងអស់​នោះ​ទេ គឺ​សបញ្ជាក់​ឲ្យ​ឃើញ​ថា សេចក្តី​ស្រឡាញ់​ពុំ​មាន​នៅ​ក្នុង​បេះដូង​ថ្នាក់​ដឹកនាំ ឬ​ក៏​មន្ត្រី​ទាំងអស់​នោះ​ទេ ការ​ស្រឡាញ់​របស់​ពួកគាត់​មាន​តែ​នៅ​លើ​បបូរមាត់​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា។

Valentine’s Day ជា​ពិធី​បុណ្យ​មួយ​របស់​ពលរដ្ឋ​នៅ​ប៉ែក​អឺរ៉ុប ដែល​ត្រូវ​បាន​គេ​និយាយ​ថា មាន​ប្រភព​ចេញពី​លោក Saint Valentine ជា​បុរស​ម្នាក់​ហ៊ាន​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​គូស្នេហ៍ រហូត​លោក​ត្រូវ​គេ​យក​ទៅ​សម្លាប់។ ប៉ុន្តែ​ទោះជាយ៉ាងណា ក្តី​ស្រឡាញ់​នេះ​ត្រូវ​បាន​ជនជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​យល់​ថា ជា​ថ្ងៃ​រំឭក​នៃ​ការ​ឈឺចាប់​របស់​គេ​ទៅវិញ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន។

លោក ឃឿត ដែល​កំពុងតែ​រៀបចំ​អីវ៉ាន់​ឡើង​ទូកដ​វិល​ទៅ​គេហដ្ឋាន​របស់​គាត់​វិញ បាន​ថ្លែង​ថា ពួក​លោក​នឹង​ចាត់ទុក​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ​ត​កូន​ត​ចៅ ប្រសិនបើ​រដ្ឋាភិបាល​ក៏ដូចជា​ក្រុមហ៊ុន ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស