31 C
Phnom Penh

ពលរដ្ឋ​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​នៅ​ក្រសួង​ប្រៃសណីយ៍ ខណៈ​មេរោគ​អូមីក្រុង​កំពុង​ផ្ទុះឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជាច្រើន​នាំគ្នា​សម្រុក​ទៅ​រង់ចាំ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ Covid-19 នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខណៈ​ជំងឺ Covid-19 ប្រភេទ​អូមីក្រុង កំពុង​ឆ្លង​ចូល​សហគមន៍។

ការ​នាំគ្នា​សម្រុក​ទៅ​ទិញ​ថ្នាំ​នេះ ធ្វើឡើង​បន្ទាប់ពី​ជំងឺ Covid-19 ប្រភេទ​អូមីក្រុង កំពុង​ឆ្លង​រីក​រាលដាល​ខ្លាំង ដោយ​ក្នុង​មួយ​ថ្ងៃ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ចន្លោះ​ពី ៤០០​នាក់​រហូត​ដល់​ជាង ៧០០​នាក់ ដែល​ចំនួន​នេះ​មិន​គិត​បូក​បញ្ចូល​ពី​អ្នក​មិន​បាន​ទៅ​ធ្វើ​តេស្ដ​តាម​ម៉ាស៊ីន PCR របស់​ក្រសួង​ឡើយ។

បច្ចុប្បន្ន ពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​ធ្វើ​តេស្ដ​រក Covid-19 ដោយ​ឧបករណ៍​តេស្ដ​រហ័ស​ដោយ​ខ្លួនឯង ហើយ​ប្រសិនបើ​គេ​រក​ឃើញ​ថា​មាន​វិជ្ជមាន Covid-19 នោះ ពួកគេ​បាន​ទិញ​ថ្នាំ​មក​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួនឯង។

ពលរដ្ឋ​ជាច្រើន​នាក់​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​២១ កុម្ភៈ នេះ បាន​នាំគ្នា​ទៅ​ឈរ​តម្រង់​ជួរ​ក្នុង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ចាំ​ទិញ​ថ្នាំ​សម្រាក​ព្យាបាល​ជំងឺ Covid-19 ដោយ​ខ្លួនឯង ខណៈ​ថ្នាំ​ព្យាបាល Covid-19 ដែល​លក់​នៅ​តាម​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​ឡើង​ថ្លៃ​ចន្លោះ​ពី ១០ ទៅ ២០​ដុល្លារ។

ជាក់ស្ដែង​ថ្នាំ​ប្រភេទ​មូលនូភារ៉ាវៀ (Molnupiravir 200​mg) ដែល​ពលរដ្ឋ​បាន​នាំគ្នា​ទិញ​សម្រាប់​ព្យាបាល Covid-19 ដោយ​ក្នុង ១​កំប៉ុង​តម្លៃ​ប្រមាណ ៥៥​ដុល្លារ ប៉ុន្តែ​មកដល់​នឹង​ថ្ងៃ​នេះ​ឡើង​ដល់​ជាង ៧០​ដុល្លារ ហើយ​មិន​មាន​ថ្នាំ​លក់​ថែម​ទៀត។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ខណៈ​ខ្លួន​ចាំ​ទិញ​នៅ​ឱសថស្ថាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ត្អូញត្អែរ​ពី​តម្លៃ​ថ្នាំ​សម្រាប់​ព្យាបាល Covid-19 ឡើង​ថ្លៃ។ លោក​បន្ត​ថា ជីវភាព​គ្រួសារ​របស់​គាត់​មិន​សូវ​ធូរធារ​ទេ ដោយ​រក​ចំណូល​បាន​មួយ​ថ្ងៃ​ផ្គត់ផ្គង់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​គ្រួសារ​ឈឺ​បែប​នេះ បើសិនជា​មិន​ទិញ​ថ្នាំ​ព្យាបាល​ខ្លួនឯង​សិន​ទេ លោក​បារម្ភ​ខ្លាច​ឈឺ​កាន់តែ​ធ្ងន់ ខណៈ​សេវា​សុខាភិបាល​របស់​រដ្ឋ​នៅ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​ណា​មួយ គ្រួសារ​គាត់​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ផង។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល ឱ្យ​ជួយ​ផ្ដល់​ថ្នាំ ឬ​ចែក​ថ្នាំ​ដល់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ជាជាង​ឱ្យ​ពួកគាត់​ទៅ​ឈរ​ប្រជ្រៀត​គ្នា​ទិញ​ថ្នាំ ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ Covid-19។

យ៉ាងណា កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ណែនាំ​អ្នក​ដែល​មាន​វិជ្ជមាន Covid-19 ជាពិសេស​ប្រភេទ​បំប្លែង​ថ្មី «អូមីក្រុង » ថា កុំ​ព្យាយាម​ព្យាបាល​នៅ​ផ្ទះ​នៅ​ពេល​មាន​រោគសញ្ញា​ដូចជា ថប់ៗ ហត់ ឬ​ពិបាក​ដកដង្ហើម ឬ​ប្រសិនបើ​មិនបាន​ប្រសើរ​ឡើង​នៃ​ស្ថានភាព​សុខភាព​ក្រោយពី​ព្យាបាល​នៅ​ផ្ទះ​បាន​មួយ​រយៈពេល​នោះ។

ក្រសួង​សុខាភិបាល បញ្ជាក់​ថា ទោះបីជា​មាន​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បង្ហាញ​ថា Covid-19 បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង មាន​សភាព​ស្រាល​ក្ដី ប៉ុន្តែ​មិន​ត្រូវ​មើល​រំលង​ពី​លទ្ធភាព​នៃ​ការ​វាយលុក​នៃ​វីរុស​នេះ​ទេ ដោយ​ថា​អូមីក្រុង ក៏​អាច​បណ្ដាល​ឱ្យ​អ្នកជំងឺ​មាន​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​ស្លាប់​បាន​ដែរ។ លើស​ពី​នេះ អ្នកជំងឺ Covid-19 ប្រភេទ​អូមីក្រុង មាន​រោគសញ្ញា​ដែល​អាច​នាំ​ឱ្យ​វិវឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ​ក្នុង​អាការៈ​ហត់ ឬ​ពិបាក​ដកដង្ហើម ជាដើម ករណី​នេះ អ្នកជំងឺ​ចាំបាច់​ត្រូវ​ស្វែងរក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឱ្យ​បាន​ទាន់​ពេលវេលា។

ក្រសួង​សុខាភិបាល ថា បុគ្គល​ដែល​សង្ស័យ​ឆ្លង​ជំងឺ Covid-19 ទោះ​ជា​មាន​ចេញ​រោគសញ្ញា​តិចតួច ឬ​ច្រើន រួម​ទាំង​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន Covid-19 ចាំបាច់​ត្រូវ​ដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​ភ្លាមៗ និង​ធ្វើ​តេស្ដ​រហ័ស​ដើម្បី​រក​អង់ទីហ្សែន Covid-19 ដោយ​ខ្លួនឯង ឬ​ពឹង​សមាជិក​គ្រួសារ មិត្តភ័ក្ដិ ឬ​មិត្ត​រួម​ការងារ​ឱ្យ​ធ្វើ​តេស្ដ​រហ័ស​ឱ្យ​ផង​ដែរ។

បើ​តាម​ក្រសួង ប្រសិនបើ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន Covid-19 ត្រូវ​ធ្វើ​តេស្ដ​រហ័ស​ឡើងវិញ​ក្នុង​រយៈពេល ៧២​ម៉ោង​ក្រោយ ឬ​នៅ​ពេល​ដែល​មាន​លេច​ចេញ​នូវ​រោគសញ្ញា​សង្ស័យ។

ករណី​សង្ស័យ​នោះ ពលរដ្ឋ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ស្នាក់នៅ​ដាច់ដោយឡែក និង​រក្សា​អនាម័យ​ដៃ និង​ផ្លូវ​ដង្ហើម និង​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ក្រុម​គ្រួសារ ឬ​សមាជិក​ដែល​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា​ករណី​ឆ្លង Covid-19 ប្រភេទ​អូមីក្រុង​ចូល​ក្នុង​សហគមន៍​ដែល​ក្រសួង​បាន​រក​ឃើញ​បញ្ជាក់​ដោយ PCR Test នោះ បាន​កើន​ដល់​ជាង ៥៨០០​នាក់ (៥៨០៦​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស